
16
Aug, 2017
ប្រកាសព័ត៌មាន លេខ ៤០ (ខែ កក្កដា ឆ្នាំ ២០១៧)
នៅក្នុងខែ កក្កដា កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានរៀបចំសិក្ខា-សាលាស្តីពី វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត និងការស្វែងរកធាតុចូលក្នុងការបន្តពង្រីកការអនុវត្តគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលនឹងចាប់ផ្តើមប្រើប្រាស់សាកល្បងប្រព័ន្ធ FMIS នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។ ក្រៅពីនេះក្រុមការងារក៏បានចូលរួមធ្វើបទបង្ហាញស្តីអំពីប្រព័ន្ធ FMIS នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីការកសាងសមត្ថភាពផ្នែកប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) តាមសំណើសុំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របពេលជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើបទបង្ហាញអំពីគម្រោង FMIS ជូនគណៈប្រតិភូជាន់ខ្ពស់នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង FMIS។
នៅក្នុងខែនេះ ក្រុមការងារមុខងារប្រព័ន្ធ FMIS ទទួលបានជោគជ័យក្នុងការសាកល្បងធ្វើសន្ធានកម្មរបាយការណ៍ធនាគាររវាងធនាគារវឌ្ឍនៈជាមួយនឹងប្រព័ន្ធ FMIS ហើយគ្រោងនឹងចាប់ផ្តើមការធ្វើសន្ធានកម្មនេះជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៧ ខាងមុខនេះតទៅ។ ការធ្វើសន្ធានកម្មបន្ទាប់ទៀតនោះគឺ ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS និងប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលពន្ធដារ (TAX SYSTEM) នៃអគ្គនាយកដ្ឋានពន្ធដារ។ ក្រោយពីទទួលបាននូវការអនុម័តលើលំហូរការងារក្នុងប្រព័ន្ធ FMIS (To be business Process) ក៏ដូចជាតារាងឈ្មោះអ្នកប្រើប្រាស់តាមបណ្តាក្រសួង-ស្ថាប័នមួយចំនួនដែលត្រូវប្រើប្រាស់ប្រព័ន្ធសាកល្បងក្នុងឆ្នាំនេះរួចមក ក្រុមការងារកំពុងធ្វើការរៀបចំឯកសារលម្អិតលើមុខងារនីមួយៗ និង បច្ចេកទេសរបស់ប្រព័ន្ធ FMIS ឡើងវិញដើម្បីពង្រឹងសុវត្ថិភាពរបស់ប្រព័ន្ធតាមរយ:ការរៀបចំបែងចែកប្រតិបត្តិការទៅតាមអង្គភាពថវិកាដែលហៅថា ពហុអង្គភាពប្រតិបត្តិ ( Multi- Business Unit ) ។
ដើម្បីពង្រីកការផ្សព្វផ្សាយពីប្រព័ន្ធ FMIS ឱ្យបានទូលំទូលាយទៅកាន់គ្រប់ភាគីពាក់ព័ន្ធក៏ដូចជាសាធារណៈជន ក្រុមការងារបានបញ្ចប់ការផលិតវីដេអូបង្ហាញអំពីអត្ថន័យរបស់រូបសញ្ញា FMIS (FMIS logo) និង គំនូរជីវចលស្តីអំពីភាពខុសគ្នារបស់មន្ត្រីក្រសួងសេដ្ឋ-កិច្ច និង ហិរញ្ញវត្ថុមុន និង ក្រោយពេលប្រើប្រាស់ប្រព័ន្ធ FMIS ដែលវីដេអូទាំងនេះត្រូវបានបង្ហោះតាមគ្រប់បណ្តាញសង្គម និង គេហទំព័រ របស់ប្រព័ន្ធ FMIS។ ការពង្រឹងសមត្ថភាពមន្រ្តីរាជការផ្នែកព័ត៌មានវិទ្យា គឺជាកត្តាសំខាន់ដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធនាពេលអនាគត ក្រុមការងារក៏បានរៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផ្នែកព័ត៌មានវិទ្យាដល់មន្ត្រីមកពីអគ្គនាយកដ្ឋានទាំងអស់នៃ កសហវ ដែលមានចំនួនសរុបប្រមាណ ៨០រូប ហើយក៏នឹងបន្តវគ្គបណ្តុះបណ្តាលនេះដល់គ្រប់មន្រ្តីមកពីមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រតនាគាររាជធានី- ខេត្តទាំង ២៥ នៅក្នុងខែសីហា ខាងមុខនេះផងដែរ ។ ជាចុងក្រោយដើម្បីឆ្លើយតបទៅនឹងលិខិតបញ្ជាបេសកកម្មរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និង ការអនុវត្តប្រព័ន្ធ FMIS ក្រុមការងារបានចូលរួមសហការយ៉ាងសកម្មដោយផ្តល់នូវទីតាំងអនុវត្តការងារប្រចាំថ្ងៃជូនមន្ត្រីជំនាញ ០៥ រូបនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ដូចជាការផ្តល់នូវលិខិតបទដ្ឋានគតិយុទ្ធ និង ឯកសារពាក់ព័ន្ធមួយចំនួន ដើម្បីឱ្យមន្រ្តីសវនកម្មធ្វើការវាយតម្លៃ និង ត្រួតពិនិត្យតាមបេសកកម្មដែលបានកំណត់ ៕
ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធ FMIS សំណូមពរ ឱ្យគ្រប់ភាគឺពាក់ព័ន្ធ ក៏ដូចជាក្រសួង-ស្ថាប័នទាំង១០ ចូលរួមសហការ ដើម្បីឱ្យការប្រើប្រាស់ប្រព័ន្ធសាកល្បងនៅចុងឆ្នាំ ២០១៧ នេះអាចដំណើរការបានទៅដោយរលូន ។
សូមទាញយក ប្រកាសព័ត៌មាន លេខ ៤០ (ខែ កក្កដា ឆ្នាំ ២០១៧) https://fmis.mef.gov.kh/contents/uploads/2017/08/Bulletin_40.pdf