
20
Feb, 2018
ប្រកាសព័ត៌មាន លេខ ៤៥ (ប្រចាំខែ ធ្នូ)
នាខែធ្នូកន្លងមកនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្តល់វគ្គបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះផ្នែកបច្ចេកវិទ្យាព័ត៌មាន, ការរៀបចំ និងអនុវត្តថវិកាកម្មវិធី, គណនេយ្យសាធារណៈ, នីតិវិធីអនុវត្តស្តង់ដារ និង មុខងារចំនួន៤ របស់ប្រព័ន្ធ FMIS ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានបានបញ្ចប់ដោយជោគជ័យ ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានបំពេញការងារយ៉ាងសកម្មដើម្បីបញ្ចប់ការដំឡើងប្រព័ន្ធ FMIS ថ្មី សម្រាប់ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ក្នុងឆ្នាំសារពើពន្ធ ២០១៨ ដោយក្នុងនោះក្រុមការងារ បានឆ្លៀតពេលឈប់សម្រាកចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីផ្អាកការប្រើប្រាស់ប្រព័ន្ធជាបណ្តោះអាសន្ន ក្នុងគោលបំណងដំឡើងប្រព័ន្ធ FMIS ថ្មី ព្រមគ្នាជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងដោះស្រាយបញ្ហាផ្សេងៗដល់អ្នកប្រើប្រាស់ ។
ការគ្រប់គ្រងការផ្លាស់ប្តូរ ៖ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ សហការជាមួយក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានសម្របសម្រួលការពិនិត្យមើលទីតាំងសម្រាប់ដាក់ដំឡើងឧបករណ៍ FMIS នៅតាមបណ្តាក្រសួង-ស្ថាប័នទាំង១០ រួចរាល់ជាស្ថាពរ ។ ក្រុមការងារក៏បានបន្តធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ បណ្ដាញសង្គម និងបានផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters)នានា និង វីដេអូផ្សេងៗ ពាក់ព័ន្ធនឹងសកម្មភាពនៃការអនុវត្តគម្រោងនិង វឌ្ឍនភាពនៃគម្រោង FMISជាប្រចាំ ។ ក្រៅពីនេះក្រុមការងារបានធ្វើការវាយតម្លៃទៅលើការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ (Change Readiness Assessment)របស់ក្រសួង-ស្ថាប័នទាំង១០ ។
ការគ្រប់គ្រងមុខងារប្រព័ន្ធ ៖ ក្រុមការងារបានធ្វើការតេស្តសាកល្បងក្នុងលក្ខខណ្ឌបច្ចេកទេស និង លំហូរនីតិវិធីនៃប្រតិបត្តិការ លើគ្រប់មុខងារស្នូលក្នុងប្រព័ន្ធFMISថ្មីនៅគ្រប់ដំណាក់កាល និងគ្រប់ករណី ដើម្បីធានាថាការទាញរបាយការណ៍ពាក់ព័ន្ធ ដើម្បីពិនិត្យផ្ទៀង-ផ្ទាត់មានសុក្រិតភាព ។ ថែមពីលើនេះក្រុមការងារបានត្រួតពិនិត្យ និងចងក្រងជាសៀវភៅមគ្គុទេសក៏ណែនាំ អំពីមុខងារស្នូលនីមួយៗ នៃប្រព័ន្ធ FMISថ្មីសម្រាប់បណ្តាក្រសួង-ស្ថាប័នដើម្បីជាជំនួយស្មារតីក្នុងការប្រើប្រាស់ប្រព័ន្ធ។ ក្រៅពីនេះក្រុមការងារក៏បានជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅក្នុងប្រព័ន្ធ ។
ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ៖ ក្រុមការងារបាន ចុះត្រួតពិនិត្យ និងសម្របសម្រួលការងារដំឡើងឧបករណ៍ សម្ភារបច្ចេកវិទ្យាព័ត៌មាន សម្រាប់អ្នកប្រើប្រាស់និងបានសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ក្នុងការតភ្ជាប់បណ្តាញសម្រាប់ដាក់ដំណើរការប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង១០ ជាបន្តបន្ទាប់។ ក្រុមការងារបានបន្តត្រួតពិនិត្យ និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យកណ្ដាលនិង មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ។ក្រុមការងារក៏បានដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ បច្ចេក -វិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ នៅក្នុងកំឡុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ។
សូមទាញយកប្រកាសព័ត៌មាន លេខ ៤៥ (ប្រចាំខែ ធ្នូ) ៖ https://fmis.mef.gov.kh/contents/uploads/2018/02/Draft-Bulletin-45_Dec_RDY-V3.pdf