
25
Oct, 2019
ប្រកាសព័ត៌មានលេខ ៦០ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩
សូចនាករធំៗ ដែលលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន ១០០% ប្រចាំត្រីមាស
-ការទូទាត់តាម E-Transfer ពីប្រព័ន្ធ FMIS ទៅក្រុមហ៊ុនផ្គត់ផ្គង់ ឬ អ្នកទទួលផលដែលមានគណនីនៅធានាគារពាណិជ្ជត្រូវបានដាក់ឱ្យអនុវត្តនៅតាមអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ការទូទាត់នៅថ្នាក់កណ្តាលតាមរយៈធនាគារជាតិនៃកម្ពុជា។ ក្រុមការងារក៏កំពុងបន្តរៀបចំផែនការពង្រីកការអនុវត្តនេះសម្រាប់ថ្នាក់មូលដ្ឋាន ដែលនឹងគ្រោងអនុវត្តនៅឆ្នាំបន្តបន្ទាប់នៅរតនាគាររាជធានី-ខេត្ត។
-វគ្គបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់មន្រ្តីក្រសួង-ស្ថាប័នចំនួន ១៧ បន្ថែមថ្មី បានរៀបចំរួចរាល់សម្រាប់ត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២០ ខាងមុខ ដោយវគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩។
-ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង-ស្ថាប័នចំនួន ១០ ដែលបានអនុវត្តប្រព័ន្ធ FMIS រួចក្នុងឆ្នាំ ២០១៨ បានទទួលការផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK-The Helper, ការទាញផលប្រយោជន៍ពីប្រព័ន្ធ FMIS បម្រើការងារគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងការទាញទិន្នន័យជា Query, ការទាញរបាយករណ៍, ការចូលមើលបញ្ជីប្រតិបត្តិការតាមក្រុមការងារគាំទ្រនីមួយៗ និង ការផ្សព្វផ្សាយបន្ថែមជារួម នៅក្នុងសិក្ខាសាលាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩។
-សម្រេចបាននូវការដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកព័ត៌មាន ពាក់ព័ន្ធការតភ្ជាប់បណ្តាញ Network (LAN), ការតភ្ជាប់បណ្តាញអគ្គិសនី, ដំឡើងទូរ Rack និង ការតភ្ជាប់ Leased Line ទៅមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងក្រសួង-ស្ថាប័ន ១៧ បន្ថែមថ្មី និង អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញមួយចំនួន។
-របាយការណ៍ស្តីអំពីលទ្ធផលការសិក្សាលើ លទ្ធភាពបច្ចេកទេសក្នុងការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធបៀវត្សមន្ត្រីរាជការត្រូវបានរៀបចំចំនួន២ លើកជូនថ្នាក់ដឹកនាំលេខាធិការដ្ឋាន FMWG និង បានបូកសរុបរបាយការណ៍សង្ខេប និងការស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការរៀបចំប្រកាសអន្តរក្រសួង ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធ Payroll នៃក្រសួងមុខងារសាធារណៈ និង ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីរួចហើយ ។
ទាញយកឯកសារនៅទីនេះ ៖ https://fmis.mef.gov.kh/contents/uploads/2019/10/ប្រកាសព័ត៌មានលេខ៦០web.pdf