
12
Nov, 2018
ប្រកាសព័ត៌មាន លេខ ៥៥ (ប្រចាំខែ តុលា ២០១៨)
សម្រាប់ខែតុលា ឆ្នាំ ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅតែបន្តសកម្មភាពបណ្តុះបណ្តាលទៅកាន់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅលើមុខវិជ្ជាដែលនៅសេសសល់ និងបន្តសកម្មភាពគាំទ្រដែលពាក់ព័ន្ធនឹងគម្រោង FMISជាបន្តបន្ទាប់។
- ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ
ក្រុមការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានបញ្ចប់ការចុះដំឡើងម៉ាស៊ីនកុំព្យូទ័រ និងឧបករណ៍សម្ភារៈដើម្បីបម្រើឱ្យការប្រើប្រាស់ប្រព័ន្ធ FMIS ជូនដល់អ្នកប្រើប្រាស់ប្រព័ន្ធ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១៩ រួមមាន ខេត្តកំពង់ឆ្នាំង, ប៉ៃលិន, ពោធិ៍សាត់, បាត់ដំបង, កំពង់ចាម, ព្រៃវែង, ក្រចេះ, ត្បួងឃ្មុំ, កោះកុង, ព្រះសីហនុ, កំពង់ស្ពឺ, កំពត, កែប, ស្វាយរៀង, មណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង, កណ្តាល, តាកែវ, និងក្រសួងចំនួន ៧ រួមមាន ក្រសួងទេសចរណ៍, ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងពាណិជ្ជកម្ម, លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនេះក្រុមការងារបានត្រួតពិនិត្យ និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យ រួមមានឧបករណ៍ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៏មិនមែនបច្ចេកវិទ្យាព័ត៌មានផងដែរដើម្បីធានាបាននូវប្រក្រតីភាពនៃដំណើរការប្រព័ន្ធ FMIS ជូនអ្នកប្រើប្រាស់។
- ការគ្រប់គ្រងមុខងារប្រព័ន្ធ
ជាមួយគ្នានេះដែរ ក្រុមការងារបានបង្កើតមាតិកាចំណាត់ថ្នាក់គម្រោងថ្មីនៅក្នុងប្រព័ន្ធ FMIS ព្រមទាំងបានតាមដានជាប្រចាំពីការអនុវត្តការទូទាត់តាម EFT និងបន្តអភិវឌ្ឍមុខងារមួយចំនួនបន្ថែមទៀត។ ក្រុមការងារបានបន្តការគាំទ្រ និងដោះស្រាយបញ្ហា ក៏ដូចជាចង្ងល់នានាដែលកើតមានពេលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានជួបប្រទះផងដែរ។
- ការគ្រប់គ្រងការផ្លាស់ប្តូរ
ស្របជាមួយគ្នានេះផងដែរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបន្តសកម្មភាពផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពជាប្រចាំលើគេហទំព័រ និងបណ្តាញសង្គមរបស់ គម្រោង FMIS រួមទាំងបានផលិតវីដេអូនានាដែលពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធ FMIS ទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធទាំងអស់ក៏ដូចជាសាធារណជនទទួលជ្រាបពីអត្ថប្រយោជន៍ និងវឌ្ឍនភាពរបស់ប្រព័ន្ធ FMIS។ ក្នុងពេលដំណាលគ្នានេះដែរ ក្រុមការងារក៏បានសម្របសម្រួលក្នុងការរៀបចំវិបស្សនាស្តីពីការត្រួតពិនិត្យលើបញ្ហាប្រឈម និងវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០១៨ និងទិសដៅបន្តសម្រាប់ឆ្នាំ ២០១៩ ដែលលទ្ធផលទទួលបាន គឺក្រុមការងារនឹងបន្តអនុវត្តផែនការសកម្មភាពក្នុងការគ្រប់គ្រងការផ្លាស់ប្តូរដល់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យកាន់តែទទួលបានជោគជ័យក្នុងការអនុវត្តគម្រោង FMIS ឱ្យកាន់តែប្រសើរឡើង។
- ការងារបន្ត
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តការដំឡើងកុំព្យូទ័រទៅកាន់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ ដែលនៅសេសសស់។ ក្រុមការងារក៏នឹងត្រៀមរៀបចំការបញ្ច្រាបការយល់ដឹងពីប្រព័ន្ធ FMIS ដល់អង្គភាពថវិកាដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ ២០១៩។ ដូចនេះសូមអង្គភាពដែលពាក់ព័ន្ធមេត្តាចូលរួមសហការ។
ទាញយកឯកសារជា PDF ៖ https://fmis.mef.gov.kh/contents/uploads/2018/11/Draft-Bulletin-55October.pdf