
19
Apr, 2019
ប្រកាសព័ត៌មាន លេខ ៥៧ (ប្រចាំខែ ធ្នូ ២០១៨)
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ជាស្ថាពរក្នុងការរៀបចំវគ្គបណ្តុះបណ្តាលទៅកាន់អ្នកដែលត្រូវអនុវត្តប្រព័ន្ធ FMIS នៃក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ព្រមទាំងបានសម្រេចសមិទ្ធផលមួយចំនួនធំសម្រាប់ឆ្នាំ ២០១៨ នេះដែលសកម្មភាពទាំងនោះរួមមាន៖
- ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ
អំឡុងពេលនេះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រង និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យដែលរួមមានទាំងឧបករណ៍ផ្នែកបច្ចេកទេសព័ត៌មានវិទ្យា និងឧបករណ៍មិនមែនបច្ចេកវិទ្យាព័ត៌មានដោយធានាបាននូវប្រក្រតីភាពនៃដំណើរការប្រព័ន្ធ FMIS ។ លើសពីនេះក្រុមការងារបានចុះត្រួតពិនិត្យគុណភាព និងល័ក្ខខ័ណ្ឌបច្ចេកទេសលើ ឧបករណ៍សម្ភារបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។
- ការគ្រប់គ្រងមុខងារប្រព័ន្ធ
ដោយឡែកក្រុមការងារគ្រប់គ្រងមុខងារប្រព័ន្ធ FMIS បានបញ្ចប់ការរៀបចំនីតិវិធីអនុវត្តបច្ចុប្បន្ន និងនីតិវិធីអនុវត្តការងារអនាគតរបស់ក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តទាំង ២៥ ព្រមទាំងបានដាក់ជូនថ្នាក់ដឹកនាំអង្គ-ភាពសាម៉ីអនុម័ត។ ស្របពេលជាមួយគ្នានេះដែលក្រុមការងារបានរៀបចំប្រព័ន្ធ FMIS សម្រាប់ការប្រើប្រាស់នៅការដ្ឋានថ្មីឆ្នាំ ២០១៩ រួចរាល់ជាស្ថាពរដោយបានបង្កើតឈ្មោះអ្នកប្រើប្រាស់, បង្កើតអង្គភាពការងារថ្មី, កំណត់សិទ្ធិតួនាទីអ្នកប្រើប្រាស់, កំណត់លំហូរអនុម័តប្រតិបត្តិការតាមមុខងារនីមួយៗនៃប្រព័ន្ធ FMIS និងបានកែសម្រួលសម្រាប់ការប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្សារភ្ជាប់លំហូរការងារជាមួយនឹងរតនាគាររាជធានី-ខេត្ត។
- ការគ្រប់គ្រងការផ្លាស់ប្តូរ
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានចូលរួមសម្របសម្រួលក្នុងការបញ្ចប់នីតិវិធីអនុវត្តបច្ចុប្បន្ន និងនីតិវិធីអនុវត្តការងារអនាគតរបស់ក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តទាំង ២៥ ព្រមទាំងទំនាក់ទំនងទៅកាន់អង្គភាពក្នុងការដាក់ជូនថ្នាក់ដឹកនាំអង្គភាពសាម៉ីអនុម័តសម្រេច។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានធ្វើបទបង្ហាញផ្សព្វផ្សាយពីសារៈសំខាន់និងតួនាទីភារកិច្ចរបស់មន្ត្រីបង្គោល នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរៀបចំកត់ត្រាសំណូមពរនិងការស្នើសុំផ្សេងៗមកកាន់ក្រុមការងារគម្រោង FMIS។ ក្រុមការងារនៅតែបន្តជានិច្ចនូវសកម្មភាពផលិតវីដេអូនានា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីគម្រោង FMISទៅកាន់អ្នកប្រើប្រាស់ និងសាធារណៈជនទូទៅផងដែរ ព្រមទាំងបានធ្វើបច្ចុប្បន្នភាពជាប្រចាំនៅលើគេហទំព័រផ្សព្វផ្សាយរបស់គម្រោង FMIS។
- ការងារបន្ត
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រៀមចុះគាំទ្រដោយផ្ទាល់ទៅកាន់មន្រ្តី និងថ្នាក់ដឹកនាំដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMISនៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។ ដូចនេះសូមអង្គភាពពាក់-ព័ន្ធទាំងអស់មេត្តាចូលរួមសហការ និងសម្របសម្រួលដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
ទាញយកឯកសារជា PDF ៖ https://fmis.mef.gov.kh/contents/uploads/2019/04/Draft-Bulletin-57.3.pdf