
15
Jan, 2016
ប្រកាសព័ត៌មាន លេខ ២២ (ខែ មករា ឆ្នាំ ២០១៦)
ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៦ ប្រព័ន្ធ FMIS បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការដល់រតនាគារ រាជធានី-ខេត្ត ទាំង២៥ ដោយផ្តោតសំខាន់លើមុខងារសំខាន់ចំនួន៥។ ក្នុងការដាក់ឲ្យប្រើប្រាស់នេះ ក្រុមការងារគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានចុះផ្ទាល់ដើម្បីគាំទ្រការប្រើប្រាស់ប្រព័ន្ធដល់រតនាគារនីមួយៗ ធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់ទាំងអស់មានភាពងាយស្រួលនិងយល់អំពីប្រព័ន្ធឲ្យកាន់តែច្បាស់។ មកដល់ពេលនេះ ក្រុមការងារបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបានយ៉ាងជោគជ័យរហូតដល់រតនាគាររាជធានី-ខេត្តចំនួន១៦ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធយ៉ាងខ្លាំងក្លា។ ក្នុងកំឡុងដាក់ឲ្យប្រើប្រាស់នេះ ក្រុមការងារបានសង្កេតឃើញថាអ្នកប្រើប្រាស់តាមរតនាគារនីមួយៗមានឆន្ទៈក្នុងការប្រើប្រាស់ខ្ពស់ និងមានការលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធផ្សេងៗទៀតដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធនេះឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ បើទោះជាកម្រិតសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធរបស់មន្ត្រីនូវមានកម្រិត ប៉ុន្តែឆ្លងកាត់ការប្រើប្រាស់មួយរយៈពេលមក ក្រុមការងារសង្កេតឃើញថាកម្រិតចំណេះដឹងរបស់ពួកគាត់កំពុងរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមការងារគម្រោងកំពុងពិនិត្យលម្អិតមុននឹងដាក់ជូនថ្នាក់ដឹកនាំអនុម័តលើឯកសារនីតិវិធីអនុវត្តស្តង់ដារ (Standard Operating Procedures) បន្ទាប់មកបញ្ជូនឲ្យអគ្គនាយដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធអនុវត្តសម្រាប់ជាជំនួយដល់ការអនុវត្តការងារប្រចាំថ្ងៃ។
ក្រុមការងារនូវតែបន្តធ្វើសន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅដូចជាប្រព័ន្ធ DMFAS ប្រព័ន្ធធនាគារជាតិ (Bank Statement និង Electronic Fund Transfer) ASYCUDA និងប្រព័ន្ធ Payroll ដើម្បីរកវិធីទាញយកទិន្នន័យបញ្ចូលក្នុប្រព័ន្ធ FMIS។ ក្រុមការងារក៏កំពុងពិភាក្សាជាមួយអគ្គនាយកដ្ឋានទាំងអស់ទាក់ទងនិងការងារបច្ចេកទេសគណនេយ្យ ដូចជាការចុះកាលបរិច្ឆេទគណនេយ្យ ការបិទបញ្ជីចុងឆ្នាំ ការផ្ទៀងផ្ទាត់ថវិកាឆ្នាំចាស់ជាដើម ដើម្បីអាចកត់ត្រាក្នុងប្រព័ន្ធបាន។
ការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ តាមគេហទំព័រ និងកិច្ចប្រជុំផ្សេងៗ រួមទាំងព្រឹត្តិការនានា ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការផ្សព្វផ្សាយអំពីវឌ្ឍនភាពធ្វើយ៉ាងណាឲ្យអ្នកពាក់ព័ន្ធទាំងអស់យល់ឲ្យកាន់តែច្បាស់អំពីគម្រោង។ ក្រោយពីមានតំណាងអ្នកគាំទ្រនាំមុខនិងបណ្តាញភ្នាក់ងារផ្លាស់ប្តូរតាមបណ្តារតនាគារនីមួយៗ ពួកគាត់បានដើរតួយ៉ាងសំខាន់ ក្នុងការ ផ្សព្វផ្សាយ គាំទ្រ ជំរុញនិងលើកកម្ពស់ អ្នកពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
ក្រុមការងារបន្តផ្តល់វគ្គបណ្តុះបណ្តាលទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធដល់អ្នកប្រើប្រាស់របស់រតនាគាររាជធានី-ខេត្តមួយចំនួនបន្តទៀត លើមុខងារសំខាន់ចំនួន៤៖ មុខងារគណនេយ្យត្រូវទារ មុខងារគណនេយ្យត្រូវសង ការគ្រប់គ្រងសាច់ប្រាក់ និងមុខងារសៀវភៅធំ។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍បន្តចុះតាមរតនាគារខេត្តដើម្បីតម្លើងម៉ាស៊ីនកុំព្យូទ័រ ព្រីនធ័រ និង ស្កេនន័រដែលនឹងបញ្ចប់កំឡុងខែកុម្ភៈ។
ជាថ្មីម្តងទៀត ប្រព័ន្ធFMIS កំពុងអនុវត្តតាម រតនាគាររាជធានី-ខេត្ត ដូច្នេះសូមអ្នក ប្រើប្រាស់ទាំងអស់ខិតខំយកចិត្ត ទុកដាក់អនុវត្តប្រើប្រាស់ប្រព័ន្ធឲ្យបានជោគជ័យ។
សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh ទូរស័ព្ទទំនាក់ទំនង៖ 023 430 063
លោកអ្នកអាចទាញយកប្រកាសព័ត៌មាននេះតាមរយៈ
fmis.mef.gov.kh/documents-and-publications/bulletins/