
16
Nov, 2022
វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបសម្រាប់ក្រសួង-ស្ថាប័នទាំង៧ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង”
នាព្រឹកថ្ងៃពុធ ៨រោច ខែ កត្តិក ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នំា ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ នីតិវិធីអនុវត្តការងារថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបសម្រាប់ក្រសួង-ស្ថាប័នទាំង៧ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង” ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom ដែលមានការអញ្ជើញចូលរួមពីអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្ដាល នៃក្រសួង-ស្ថាប័នទាំង ០៧ ។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានបែងចែកជាបីដំណាក់កាលធំៗដែលរួមមាន៖
១. ខ្លឹមសារព្រាងសេចក្តីណែនាំ និង តារាងឧបសម្ព័ន្ធភ្ជាប់សម្រាប់ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប
២. នីតិវិធីអនុវត្តការងារថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMIS ទាំងស្រុង
៣. គន្លឹះក្នុងការស្គែនឯកសារចូលក្នុងកុំព្យូទ័រ FMIS។
បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់លោកគ្រួ អ្នកគ្រូ ពីដំណាក់កាលទំាងបីរួចរាល់ លោកក៏បានធ្វើការអនុវត្តបង្ហាញពីរបៀបប្រើប្រាស់នីតិវិធីថ្មីនេះផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការប្រើប្រាស់នាពេលខាងមុខ ។
ក្រសួង-ស្ថាប័នទាំង ០៧ ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន ៖
១. ក្រសួងការពារជាតិ
២. ក្រសួងយុត្តិធម៌
៣. ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ និង ផ្នែករដ្ឋបាលទូទៅ)
៤. ទីស្តីការគណៈរដ្ឋមន្ត្រី
៥. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
៦. អាជ្ញាធរសវនកម្មជាតិ
៧. អង្គភាពប្រឆាំងអំពើពុករលួយ ។ រួមទាំង អគ្គនាយកដ្ឋានថវិកា ក្នុងនាមជាភិបាលហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគាតជាតិ ក្នុងជាគណនេយ្យករសាធារណៈ នៃក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ ។
នីតិវិធីថ្មីនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជូនអ្នកប្រើប្រាស់ដូចជា ៖
– មិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារអាណត្តិបើកប្រាក់ជាក្រដាស ពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុង
– លិខិតយុត្តិការចំណាយមួយចំនួន ត្រូវបានស្គែនបញ្ចូលក្នុងប្រព័ន្ធ FMIS
– ជំហាននៃការអនុវត្តនីតិវិធីថ្មីមានលក្ខណៈសាមញ្ញ, ខ្លី, លឿន និង មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការ
– កាត់បន្ថយចំណាយមួយចំនួនដូចជា ចំណាយរដ្ឋបាល និង ចំណាយថ្លៃធ្វើដំណើរផ្សេងៗ
– មានភាពងាយស្រួលក្នុងការស្វែងរកប្រតិបត្តិការនៅក្នុង បើទោះជាប្រតិបត្តិការបានចប់រយៈពេលយូរឆ្នាំ បើប្រៀបធៀបនឹងការអនុវត្តពីមុន ។














