+855 23 43 00 63

16

Aug, 2022

កិច្ចប្រជុំដើម្បីកំណត់តម្រូវការឯកសារភ្ជាប់តាមមុខសញ្ញាចំណាយថវិកាចរន្ត នៅដំណាក់កាលគណនេយ្យករសាធារណៈ ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom ដើម្បីកំណត់តម្រូវការឯកសារភ្ជាប់តាមមុខសញ្ញាចំណាយថវិកាចរន្ត នៅដំណាក់កាលគណនេយ្យករសាធារណៈ ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង ។
នៅក្នុងឆ្នាំ ២០២២ នេះ តាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវអនុវត្តសកម្មភាពពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តនីតិវិធី តាមប្រព័ន្ធ FMIS ទាំងស្រុង សម្រាប់គ្រប់មុខសញ្ញាចំណាយថវិកាចរន្ត ដោយមិនមានឯកសារជាក្រដាសនៅខាងក្រៅប្រព័ន្ធ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ។
គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាក្រសួងមួយដែលត្រូវអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS មុនគេ ដើម្បីជាគំរូដល់ក្រសួង-ស្ថាប័នផ្សេងទៀត ដោយភាគច្រើនសិទ្ធិអំណាចក្នុងការរៀបចំផែនការថវិកា និង ការអនុវត្តថវិកាគឺបានផ្តល់ជូនអង្គភាពថវិកាស្ទើរតែទាំងស្រុងអស់ហើយ ។
នៅពេលដែលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ត្រូវបានអនុវត្តទាំងស្រុង គឺនឹងផ្តល់ភាពចំណេញជាច្រើនដល់ការគ្រប់គ្រង និង អនុវត្តថវិកា ដោយសារត្រូវលុបបំបាត់ឯកសារក្រដាសខាងក្រៅហើយជំនួសដោយការបង្កើតប្រតិបត្តិការ និង អនុម័ត ឬ ឯកភាពក្នុងប្រព័ន្ធ FMIS តែម្តង ដោយសារព័ត៌មានទាំងអស់លើឯកសាសរ គឺត្រូវបានកត់ត្រាក្នុងប្រព័ន្ធជាប្រតិបត្តិការរួចរាល់ ដែលការណ៍នេះចំណេញដល់ការចំណាយរដ្ឋបាលលើក្រដាសស្នាមផ្សេងៗ, ការទូទាត់ចំណាយកាន់តែមានភាពលឿន, មានតម្លាភាពដោយសារការបង្កើតប្រតិបត្តិការ ការកែសម្រួលផ្សេងៗត្រូវបានកត់ត្រាច្បាស់លាស់មានពេលវេលាជាក់លាក់ ហើយនៅពេលរដ្ឋភិបាលជំរុញការប្រើប្រាស់ថវិកាបានទាន់ពេលវេលា នោះការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង តាមតម្រូវការ ។