
4
Aug, 2022
កិច្ចប្រជុំពិភាក្សាដើម្បីកំណត់តម្រូវការឯកសារភ្ជាប់តាមមុខសញ្ញាចំណាយថវិកាចរន្តផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង
នៅថ្ងៃ ព្រហស្បតិ៍ ៧ កើត ខែ ស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការកំណត់ឯកសារលើនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុង ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពីឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ថ្នាក់ដឹកនាំ មន្រ្តី នាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមប្រព័ន្ធសន្និសីទ្ធវីដេអូ តាមកម្មវិធី Zoom ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្ខេបពីវឌ្ឍនភាពរបស់ក្រុមការងារកែសម្រួលនីតិវិធីអនុវត្តការងារបន្ទាប់ពីមានការឯកភាពពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក្នុងការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុងសម្រាប់មុខសញ្ញាចំណាយថវិកាចរន្ត ។ ឯកឧត្តម ក៏បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាពីឯកសារដែលត្រូវលុបបំបាត់ ឬ ស្គេនចូលក្នុងប្រព័ន្ធ FMIS សម្រាប់ផ្ទៃក្នុងអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាក្រសួងមួយដែលត្រូវអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS មុនគេ ដើម្បីជាគំរូដល់ក្រសួង-ស្ថាប័នផ្សេងទៀត ដោយភាគច្រើនសិទ្ធិអំណាចក្នុងការរៀបចំផែនការថវិកា និង ការអនុវត្តថវិកាគឺបានផ្តល់ជូនអង្គភាពថវិកាស្ទើរតែទាំងស្រុងអស់ហើយ ។
នៅពេលដែលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង គឺនឹងផ្តល់ភាពចំណេញជាច្រើនដល់ការគ្រប់គ្រង និង អនុវត្តថវិកា ដោយសារត្រូវលុបបំបាត់ឯកសារក្រដាសខាងក្រៅហើយជំនួសដោយការបង្កើតប្រតិបត្តិការ និង អនុម័ត ឬ ឯកភាពក្នុងប្រព័ន្ធ FMIS តែម្តង ដោយសារព័ត៌មានទាំងអស់លើឯកសាសរ គឺត្រូវបានកត់ត្រាក្នុងប្រព័ន្ធជាប្រតិបត្តិការរួចរាល់ ដែលការណ៍នេះចំណេញដល់ការចំណាយរដ្ឋបាលលើក្រដាសស្នាមផ្សេងៗ, ការទូទាត់ចំណាយកាន់តែមានភាពលឿន, មានតម្លាភាពដោយសារការបង្កើតប្រតិបត្តិការ ការកែសម្រួលផ្សេងៗត្រូវបានកត់ត្រាច្បាស់លាស់មានពេលវេលាជាក់លាក់ នៅពេលរដ្ឋភិបាលជំរុញការប្រើប្រាស់ថវិកាបានទាន់ពេលវេលា នោះការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង តាមតម្រូវការ ។



