+855 23 43 00 63

28

Jul, 2022

ក្រុមការងារ FMIS ប្រជុំជាមួយតំណាងធនាគារពិភពលោកស្តីពីវឌ្ឍនភាពនៃការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMISទាំងស្រុង សម្រាប់ក្រសួង-ស្ថាប័ន ចំនួន០៧

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ប្រជុំពិភាក្សាការងារជាមួយក្រុមការងារធនាគារពិភពលោក (WB) ស្តីពី “វឌ្ឍនភាពនៃការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMISទាំងស្រុង សម្រាប់ក្រសួង-ស្ថាប័ន ចំនួន០៧” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ ។

ក្នុងកិច្ចប្រជុំនេះ ទីប្រឹក្សាធនាគារពិភពលោក (WB) លោក Paul Tambunan,លោក Muki Adinugroho, កញ្ញា Jolyda Sou បានរាយការណ៍អំពីវឌ្ឍនភាព និង បញ្ហាប្រឈមនានា នៃការចុះសិក្សាពីអនុវត្តការងារខាងក្រៅ និង ក្នុងប្រព័ន្ធ FMIS របស់ក្រសួង-ស្ថាប័នចំនួន ០៧ ជាពិសេសពិភាក្សាផ្តោតលើ ការសិក្សាទៅលើថេរវេលានៃការអនុវត្ត ។ សេចក្តីរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារធនាគារពិភពលោក (WB) បានជួបពិភាក្សាជាមួយក្រសួងពាក់ព័ន្ធក្នុងការប្រមូលធាតុចូល និង សិក្សាវាយតម្លៃលើការអនុវត្តនីតិវិធីនេះនាពេលកន្លងមក ដែលរួមមាន៖ ១. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានិវត្តន៍, ២.ក្រសួងសុខាភិបាល, ៣. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ៤.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ៥. ក្រសួងមុខងារសាធារណៈ, ៦.ក្រសួងអប់រំ យុវជន និងកីឡា និង ៧. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ ក្រុមការងារធនាគារពិភពលោក ក៏បានគូសចេញនូវរំហូរនីតិវិធី និង បានបង្ហាញពីគំរូនៃការអនុវត្តរបស់ប្រទេសឥណ្ឌូនេស៊ី ដល់ក្រុមការងារ FMIS ផងដែរ ។

បន្ថែមទៀតនោះ តំណាងធនាគារពិភពលោកក៏បានយល់ស្របជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS លើការរៀបចំប្រព័ន្ធ Monitoring Dashboard Tool សម្រាប់ត្រួតពិនិត្យនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ផងដែរ ថាគិតគូរបានគ្រប់ជ្រុងជ្រោយ និង មានវឌ្ឍនភាពល្អប្រសើរ ។
ឯកឧត្តម មន្ត ប្រាថ្នា បានថ្លែងអំណរគុណដល់ក្រុមការងារធានាគារពិភពលោក (WB)សម្រាប់ការខិតខំប្រឹងប្រែង និង ការផ្តល់ជាជំនួយផ្នែកបច្ចេកទេស ដល់ការចូលរួមក្នុងការដាក់ឱ្យអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័នប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងស្នើផ្តល់ករណីសិក្សាបទពិសោធន៍ពីប្រទេសដទៃក្នុងការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ផងដែរ ។

គួរបញ្ជាក់ផងដែរថា ការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS នេះ បានអនុវត្តជោគជ័យលើមុខសញ្ញាទូទាត់ប្រាក់បៀវត្ស និង ទូទាត់ត្រង់ផ្សេងទៀតដែលមានហានិភ័យទាបទៅកាន់ក្រសួង-ស្ថាប័នមួយចំនួនរួចរាល់ជាស្ថាពរ និង គ្រោងដាក់ទៅកាន់ក្រសួងដែលនៅសេសសល់ជាបន្តបន្ទាប់ទៀត។