+855 23 43 00 63

25

Aug, 2022

ប្រជុំស្តីពីការផ្តល់ធាតុចូលក្នុងការអនុវត្តនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តសម្រាប់ក្រសួង-ស្ថាប័នតាមប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីរសៀលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំស្តីពី ការផ្តល់ធាតុចូលក្នុងការអនុវត្តនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តសម្រាប់ក្រសួង-ស្ថាប័នតាមប្រព័ន្ធ FMIS ទាំងស្រុង ដោយគ្មាននីតិវិធីខាងក្រៅ ដែលមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ និង មន្រ្តីជំនាញអញ្ជើញមកពីអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរសវនកម្មជាតិ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីបង្ហាញពីលទ្ធផលសិក្សាលើការកាត់បន្ថយឯកសារក្រដាសខាងក្រៅលើការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង និង ប្រមូលធាតុចូលព្រមទាំងការគាំទ្រពីសវករឯករាជ្យ ដើម្បីឱ្យការងារអនុវត្តនីតិវិធីអនុវត្តចំណាយថវិកាចរន្តក្នុងប្រព័ន្ធ FMIS ទាំងស្រុង ប្រកបដោយប្រសិទ្ធភាព និង គ្រប់ជ្រុងជ្រោយ ។
តំណាងអាជ្ញាធរសវនកម្មជាតិ, អង្គភាពប្រឆាំងអំពើពុករលួយ, អង្គភាពសវនកម្មផ្ទៃក្នុង និង អគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សុទ្ធតែបង្ហាញការគាំទ្រ និង ជំរុញដល់ការអនវត្តនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដើម្បីអាចកាត់បន្ថយនីតិវិធីទូទាត់ផ្សេងៗឱ្យងាយស្រួល ខ្លីជាងមុន កាន់តែមានតម្លាភាព និង មានគណនេយ្យភាពច្បាស់លាស់ ។ អាជ្ញាធរសវនកម្មជាតិ បន្ថែមថា នៅពេលប្រើប្រាស់ប្រព័ន្ធ FMIS ទាំងស្រុង នោះប្រព័ន្ធនឹងមានកំណត់បានរួចជាស្រេចនូវតម្រូវការអនុវត្តការងារផ្សេងៗ ប្រសិនបើការអនុវត្តមិនត្រឹមត្រូវលក្ខខណ្ឌ ឯកសារមិនគ្រប់គ្រាន់នោះប្រព័ន្ធនឹងបង្ហាញបានច្បាស់លាស់ ។
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ, អាជ្ញាធរសវនកម្មជាតិ, អង្គភាពសវនកម្មផ្ទៃក្នុង, និង អគ្គាធិការដ្ឋាន ក្នុងការរៀបចំនីតិវិធីអនុវត្តស្តង់ដារ (SOP) សម្រាប់ការកែសម្រួលនីតិវិធីអនុវត្តការងារនេះ ព្រមទាំងគោលការណ៍ណែនាំផ្សេងៗដើម្បីឱ្យការរៀបចំប្រព័ន្ធ FMIS និង ការដាក់ឱ្យអនុវត្តមានភាពគ្រប់ជ្រុងជ្រោយ និង ច្បាស់លាស់ ។