+855 23 43 00 63

17

Oct, 2022

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានជាផ្លូវការ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃចន្ទ ៧រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍ ។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង តាមរយៈប្រព័ន្ធសន្និសិទ្ធវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom ។

ការប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋ- កិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានជាផ្លូវការ នាពេលនេះ គឺកើតឡើងបន្ទាប់ពីក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានជោគជ័យក្នុងការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និង នីតិវិធីសម្រាប់ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប ដែលឯកសារជាក្រដាសស្នាមត្រូវបានកាត់បន្ថយ និងការប្រើប្រាស់ធនធានមានតិចជាងមុន, ប៉ុន្តែប្រកបដោយប្រសិទ្ធភាពខ្ពស់ និង រហ័សទាន់ពេលវេលា​ ។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ បានគូសបញ្ជាក់ថា ការកែសម្រួលនីតិវិធីអនុវត្តការងារ ដែលនឹងត្រូវអនុវត្តទាំងស្រុងតាមប្រព័ន្ធ FMIS នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយ    ពន្លឿនកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលក​ម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយសារតែនីតិវិធីថ្មីតាមប្រព័ន្ធ FMIS បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ១. កាត់បន្ថយចំណាយរដ្ឋបាលបានមួយចំនួនធំ ដែលចំណាយរដ្ឋបាលផ្សេងៗ និង មធ្យោបាយធ្វើដំណើរ ក្នុងរដ្ឋាភិបាលមានចំនួន ៥០% នៃចំណាយសរុបប្រចាំឆ្នាំ, ២. មានភាពលឿន និង រហ័សជាងមុនតាំងពីដំណាក់កាលស្នើសុំ រហូតដល់ កាទូទាត់អាណត្តិ, ៣. មានតម្លាភាព និង គណនេយ្យភាពក្នុងការអនុវត្តថវិកា ដោយអ្នកស្នើសុំអាចមើលដឹងស្ថានភាព នៃការស្នើសុំរបស់ខ្លួនតាមដំណាក់កាលនីមួយៗ។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា ការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង នឹងប្រែក្លាយប្រព័ន្ធ FMIS ជាមជ្ឈមណ្ឌលទិន្នន័យព័ត៌មានហិរញ្ញវត្ថុស្តង់ដាររបស់រដ្ឋ សម្រាប់បំពេញតម្រូវការជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការវិភាគ និងរៀបចំគោលនយោបាយ ក្នុងការបម្រើប្រយោជន៍ដល់សាធារណៈជន។  

គួរបញ្ជាក់ជូនថា ការអនុវត្តនីតិវិធីថ្មីទាំងស្រុងតាមប្រព័ន្ធ FMIS គឺជាការកាត់តម្រឹមជំហាន នៃនីតិវិធីការងារខាងក្រៅប្រព័ន្ធ FMIS និង ការកាត់បន្ថយឯកសារជាក្រសដាស ឱ្យបានជាអតិបរិមា ឬទាំងស្រុង ស្របតាមនីតិវិធីបែបឧត្តមានុវត្តន៍ ដែលកំពុងអនុវត្តនៅប្រទេសជឿនលឿននានាលើសកលលោកដោយត្រូវកំណត់ថេរវេលាច្បាស់លាស់ក្នុងការអនុវត្តការងារនៅដំណាក់កាលនីម័យៗ ពីដំណាក់កាលចាប់ផ្តើមរហូតដល់ដំណាក់កាលចុងក្រោយនីតិវិធីអនុវត្តការងារ។

គម្រោង FMIS បានឆ្លងកាត់ដោយជោគជ័យ ២ ជំហានរួចមក រហូតមកដល់ពេលនេះ គម្រោង FMIS បាននិងកំពុងអនុវត្តជំហានទី ៣ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ។ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី៣ នេះ ប្រព័ន្ធ FMIS បានដាក់ឱ្យប្រើប្រាស់នៅការដ្ឋានសរុបចំនួន ១៥៨ ការដ្ឋាន និងមានអ្នកប្រើប្រាស់ប្រព័ន្ធចំនួន ២១៨៩ នាក់, ក្នុងនោះមាន អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័នចំនួន ៣៧, អគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន៨, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញថ្នាក់កណ្តាលចំនួន ២៤, រតនាគាររាជធានី-ខេត្ត ទាំង ២៥, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥, ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ ។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS គ្រោងនឹងបន្តពង្រីកការដ្ឋានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែមទៀតទៅដល់រដ្ឋបាលក្រុង/ស្រុក/ខណ្ឌចំនួន ៤៤ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣០ សម្រាប់ថ្នាក់ជាតិ ៕ ​