+855 23 43 00 63

24

Nov, 2023

ផ្សារមូលបត្រកម្ពុជា រៀបចំពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពរបស់ ក្រុមហ៊ុន CAMGSM Plc នៅផ្សារមូលបត្រកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣, ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពរបស់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CAMGSM Plc) នៅផ្សារមូលបត្រកម្ពុជា (ផមក)” ។

ពិធីចុះបញ្ជីលក់មូលបត្រជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូប ។

ថ្លៃងក្នុងពិធីនេះ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ជូនអង្គពិធីថា ការចុះបញ្ជីលក់មូលបត្រ ក្នុងថ្ងៃនេះ នឹងធ្វើឱ្យក្រុមហ៊ុន CAMGSM Plc ក្លាយជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលទី ១០ ក្នុងផ្សារមូលបត្រកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ថ្មីមួយទៀត របស់ផ្សារមូលបត្រកម្ពុជា ក្នុងការទទួលបាន ក្រុមហ៊ុនទី ១ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិផង និង មូលបត្របំណុលផង ។ តាមរយៈទីផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនបានកៀរគរទុនក្នុងទំហំបោះផ្សាយសរុបប្រមាណ ២០ លានដុល្លារអាមេរិក ពីវិនិយោគិនគុណវុឌ្ឍិ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ចំណាយមូលធន និងការធ្វើបុនហិរញ្ញប្បទានកម្ចីធនាគារ ។

ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា ទុនដែលបានមកពីការបោះផ្សាយសញ្ញាបណ្ណចីរភាពរបស់ក្រុមហ៊ុន នឹងត្រូវបានប្រើប្រាស់ សម្រាប់បម្រើដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម តាមរយៈការពង្រីកសេវាគ្របដណ្តប់ទៅកាន់ ទីដាច់ស្រយាល ឬ សហគមន៍ ដែលទទួលបានសេវាមិនគ្រប់គ្រាន់ (underserved community) ដើម្បីកាត់បន្ថយគម្លាតឌីជីថល និង បង្កើនសមភាពសង្គម ។ ប្រភេទសញ្ញាបណ្ណចីរភាពនេះ ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ ដល់បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការកាត់បន្ថយនូវការបំភាយឧស្ម័នកាបូន និង ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់ឧបករណ៍សូឡាជាដើម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា បច្ចេកវិទ្យាមានការវិវត្តទៅមុខឥតឈប់ឈរ ហើយអ្វីៗដំណើរការទៅបាន ដោយពឹងផ្អែកខ្លាំងទៅលើបណ្តាញទូរសព្ទចល័ត (Mobile Network) ។ ជាក់ស្តែង, ការរីកលូតលាស់របស់ក្រុមហ៊ុន CAMGSM Plc ដែលជាប្រតិបត្តិករទូរគមនាគមន៍ ពិតជាបានរួមចំណែកកាន់តែធំធេងដល់វិស័យបច្ចេកវិទ្យានៅកម្ពុជា។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលក៏មិនដែលមើលរំលង និងតែងបានផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា នៅកម្ពុជា, ដូចជា ការបង្កើត មជ្ឈមណ្ឌលកម្ពុជា ៤.០ គឺជាការជំរុញការយល់ដឹងអំពីវិស័យបច្ចេកវិទ្យា និងជំរុញអក្ខរកម្ម ឌីជីថល ទៅកាន់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងដែរ ។ នេះ ជាកាលានុវត្តភាពថ្មីមួយរបស់កម្ពុជា ដោយឈរលើមូលដ្ឋានសុខសន្តិភាព ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍបានមកដល់សព្វថ្ងៃនេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និង ជំរុញការបន្តអភិវឌ្ឍ និង ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យមូលបត្រ (ដូចជា កម្មវិធីទូរសព្ទដៃ “CSX Trade”, ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ រួមទាំង កម្មវិធី និងប្រព័ន្ធផ្សេងៗទៀត) សំដៅផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយធានានូវសុវត្ថិភាពនិងឯកជនភាពជូនអ្នកប្រើប្រាស់, ទាំងវិនិយោគិន និង ភាគីពាក់ព័ន្ធ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ជូនអង្គពិធីថា រាជរដ្ឋាភិបាល បានបន្តជំរុញ គាំទ្រ និង អភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ឱ្យមានភាពរីកចម្រើន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដែលក្នុងនោះ ការលើកស្ទួយវិស័យមូលបត្រ ត្រូវបានចាត់បញ្ចូល ទៅក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល ។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ ២០១១, រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តពន្ធដារសម្រាប់វិស័យមូលបត្រចំនួន ៤ លើករួចមកហើយ ដោយក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូល រហូតដល់ ៥០% រយៈពេល ៣ ឆ្នាំដំបូង និង ការអនុគ្រោះបំណុលពន្ធផ្សេងៗទៀត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និង ជំរុញឱ្យ ក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុន CAMGSMត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍អនុលោមភាពតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាបាននូវគុណតម្លៃ និង អត្ថប្រយោជន៍នានា ពីបរិយាកាសដ៏អំណោយផលនេះ ជាពិសេស ពីទីផ្សារមូលបត្រកម្ពុជា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ការចុះបញ្ជីលក់មូលបត្ររបស់ក្រុមហ៊ុន CAMGSM Plc ក្នុងថ្ងៃនេះ នឹងជាកតាលិករ ទាក់ទាញវិនិយោគិនសក្តានុពល ឱ្យចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា និង ទាក់ទាញក្រុមហ៊ុន ដែលមានសក្តានុពល និង មានជវភាព ជាច្រើនទៀត ឱ្យគិតគូរ និង រៀបចំខ្លួនក្នុងការចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា នាពេលបន្តបន្ទាប់ខាងមុខ ៕