+855 23 43 00 63

19

Jan, 2024

ផ្សារមូលបត្រកម្ពុជា រៀបចំ “ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុន តែលកូថេក (Telcotech Ltd.)”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៤, ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ ក្រុមហ៊ុន តែលកូថេក (Telcotech Ltd.) នៅផ្សារមូលបត្រកម្ពុជា (ផមក)” ។

ពិធីចុះបញ្ជីលក់មូលបត្រជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូប ។

ថ្លៃងក្នុងពិធីនេះ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្រាបជូនអង្គពិធីថា ការចុះបញ្ជីលក់មូលបត្រ ក្នុងថ្ងៃនេះ គឺជាការចុះបញ្ជីលក់មូលបត្របំណុលលើកទី ២ របស់ក្រុមហ៊ុន បន្ទាប់ពីការចុះបញ្ជីលក់មូលបត្របំណុលលើកទី ១ កាលពីខែ កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ។ តាមរយៈទីផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនបានកៀរគរទុនក្នុងទំហំបោះផ្សាយលើកនេះ ប្រមាណ ២០ លានដុល្លារអាមេរិក បន្ថែមទៅលើការកៀរគរទុនក្នុងទំហំបោះផ្សាយលើកទី ១ ប្រមាណ ២០ លានដុល្លារអាមេរិក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះស្មារតី និង ឆន្ទៈដ៏មោះមុតរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង ថ្នាក់ដឹកនាំនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបាននាំក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងការបោះជំហានចូលរួមយ៉ាងសកម្មក្នុងផ្សារមូលបត្រកម្ពុជា តាមរយៈការចុះបញ្ជីលក់មូលបត្រ (ទាំងមូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល) ជាបន្តបន្ទាប់ ។ ការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ផ្សារមូលបត្រកម្ពុជា មិនត្រឹមតែជាប្រភពកៀរគរមូលធនមិនចេះរីងស្ងួតសម្រាប់ក្រុមហ៊ុន ហើយថែមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និង ពង្រីកវិសាលភាព និង សក្តានុពលអាជីវកម្មរបស់ក្រុមហ៊ុន ផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍បន្ថែមថា ការបោះផ្សាយលក់មូលបត្រ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ការគ្រប់គ្រង និង អភិបាលកិច្ចក្រុមហ៊ុន ក៏ដូចជាសង្គម-សេដ្ឋកិច្ចជាតិទាំងមូល តាមរយៈ ១. ការបង្កើនប្រសិទ្ធភាពមូលធន, ២. ការលើកកម្ពស់ភាពប្រកួតប្រជែង, ៣. ការធ្វើពិពិធកម្មប្រភពធនធានហិរញ្ញវត្ថុ, ៤. ការបង្កើនប្រភពចំណូល និង ជម្រើសបន្ថែមសម្រាប់វិនិយោគិន, ៥. ប្រចក្សភាពនៃតម្លៃរបស់ក្រុមហ៊ុន, និង ៦. ពង្រឹងតម្លាភាព និង អភិបាលកិច្ចសាជីវកម្ម ។

ក្នុងន័យនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និង ជំរុញតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និង ក្រុមហ៊ុនមូលបត្រ ឱ្យពង្រឹងកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាល និង ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ ឱ្យបានកាន់តែទូលំទូលាយ និង ផុលផុសថែមទៀត សំដៅទាក់ទាញក្រុមហ៊ុនសក្តានុពលឱ្យឈានចូល និង ចាប់យកផលប្រយោជន៍ជាអតិបរមា ពីការកៀរគរមូលធនក្នុងផ្សារមូលបត្រនេះ ៕