+855 23 43 00 63

27

May, 2024

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប៖ FMIS នឹងជួយឱ្យកម្ពុជាសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានគូសបញ្ជាក់ថា FMIS គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់វិស័យសាធារណៈក្នុងការជួយគាំទ្រឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជាដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០  ដោយហេតុថា FMIS គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលគត់មត់ និងមានភាពធន់ ដែលឆ្លុះបញ្ចាំងពីតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសាន៍ដូចនេះក្នុងខណៈពេលដែលឯកឧត្តមដឹកនាំកិច្ចប្រជុំដោយផ្ទាល់ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ ២០២៤ និង ទិសដៅអនុវត្តការងារបន្ត ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ដែលប្រព្រឹត្តិទៅនៅព្រឹកនៅថ្ងៃ ចន្ទ ៥រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នំា ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងតាមរយៈការចង្អុលបង្ហាញពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ ក្រុមការងារសម្រេចបាន ៩៥% ធៀបនឹងសូចនាការដែលបានដាក់ឱ្យអនុវត្ត ដែលក្នុងនោះវឌ្ឍនភាពគន្លឹះៗរួមមាន៖ នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈ និង នីតិវិធីចំណាយ និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ដែលត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ទៅកាន់ក្រសួងស្ថាប័នមួយចំនួន រួចរាល់ជាស្ថាពរ ។ ជាមួយគ្នានេះ, មុខងារស្នូលរបស់ FMIS បាន និង កំពុងអនុវត្តនៅរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ចំនួន ៤៤ និង ត្រៀមដាក់ឱ្យដំណើរការទៅអង្គភាពអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅថ្នាក់កណ្តាល និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ជាបន្តបន្ទាប់ទៀត ។ ស្របជាមួយគ្នានេះដែរ, FMIS បានអភិវឌ្ឍនូវរបាយការណ៍ហិរញ្ញវត្ថុនានាជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការពិនិត្យ វិភាគ និង ផ្តល់ជាព័ត៌មានសម្រាប់ការសម្រេចចិត្ត ជូនដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងនោះសម្រាប់របាយការណ៍ទាំងឡាយណាដែលមាននៅក្នុង FMIS, ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ មិនតម្រូវឱ្យដាក់របាយការណ៍ទាំងនោះជាក្រដាសមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៀតទេ ។

ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលខិតខំអនុវត្តសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបាននូវលទ្ធផលគន្លឹះៗជាច្រើនតាមសូចនាករដែលបានកំណត់ ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ ក៏បានណែនាំដល់អង្គភាពពាក់ពន្ធ នៅតែបន្តចូលរួមសហការជាមួយមន្ត្រីជំនាញនៃក្រុមការងារ FMIS ដើម្បីការអនុវត្តការងារទទួលបានប្រសិទ្ធភាពខ្ពស់ ។

គួរជម្រាបជូនថា កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, អគ្គាធិការដ្ឋាន, អគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងចំណូល, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ៕