+855 23 43 00 63

26

Aug, 2016

បទពិសោធន៍ជោគជ័យនៃការអនុវត្តគម្រោងប្រព័ន្ធ SPAN ក្រោមការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសឥណ្ឌូនេស៊ី

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឱ្យវិស័យហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសមានគណនេយ្យភាពកាន់តែប្រសើរឡើង រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ចេញនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅឆ្នាំ ២០០១ ។ ព្រឹត្តិការណ៍សំខាន់ៗដ៏គួរឱ្យកត់សម្គាល់ក្នុងការងារកែទម្រង់របស់ប្រទេសឥណ្ឌូនេស៊ី គឺការអនុម័តនូវច្បាប់ថ្មីៗមួយចំនួនដូចជា ច្បាប់ហិរញ្ញវត្ថុ, ច្បាប់ថវិកា, និង ច្បាប់ស្តីពីសវនកម្ម និង គណនេយ្យភាពនៃច្បាប់ហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៣ និង ឆ្នាំ ២០០៤ ។

យោងតាមអាណត្តិច្បាប់ថ្មី និង ដោយមានកិច្ចសហការជាមួយធនាគារពិភពលោក នៅក្នុងឆ្នាំ២០០៤ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើតគម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឡើង ដើម្បីធានាបាននូវគណនេយ្យភាព, តម្លាភាព, ប្រសិទ្ធិភាព និង ភាពស័ក្តិសិទ្ធក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការគ្រប់គ្រងចំណូល។ ផ្នែកមួយដ៏សំខាន់របស់គម្រោងនេះគឺប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានឈ្មោះថាជាប្រព័ន្ធថវិកានិង រតនាគារ ហើយត្រូវបានហៅកាត់ថា ប្រព័ន្ធ SPAN។

ការអនុវត្តគម្រោងប្រព័ន្ធ SPAN ត្រូវបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០០៩ ដើម្បី បង្កើតនូវប្រព័ន្ធគ្រប់គ្រងហិញ្ញវត្ថុដ៏រឹងមាំមួយ សម្រាប់ការរៀបចំ និង អនុវត្តផែនការថវិកា ដែលនឹងជួយលើកកម្ពស់តម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទាំងមូល, បង្កើនគុណភាពនៃការរៀបចំ និង អនុវត្តផែនការថវិកា, កែលម្អខួបនៃការទូទាត់ចំណាយ, កាត់បន្ថយកំហុសឆ្គងក្នុងការទូទាត់ចំណាយ, ផ្តល់នូវភាពជឿទុកចិត្តដល់ប្រតិបត្តិការរបស់អ្នកប្រើប្រាស់, ជំរុញការអនុវត្តហិរញ្ញវត្ថុឱ្យអនុលោមតាមបទបញ្ញត្តិ និង ស្តង់ដារដែលបានដាក់ចេញ, កែលម្អនីតិវិធីអនុវត្តការងារ, បង្កើនសុក្រឹតភាព និង ភាពជឿទុកចិត្តបានចំពោះរបាយការណ៍ហិរញ្ញវត្ថុ និង ធានាបាននូវភាពស៊ីគ្នារវាងផែនការថវិកាជាមួយនឹងការអនុវត្តថវិកា ។

រចនាសម្ព័ន្ធគ្រប់គ្រងរបស់គម្រោង SPAN ត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត និង មានភារកិច្ចច្បាស់លាស់ក្នុងការសម្របសម្រួល, ការផ្តល់ប្រឹក្សា និង ជួយដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងទាក់ទងនឹងគម្រោង ។ រចនាសម្ព័ន្ធរបស់គម្រោងមាន អ្នកគាំទ្រគម្រោងនាំមុខ (project sponsor) គឺរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ, ម្ចាស់គម្រោង គឺអគ្គនាយករតនាគារ, អគ្គនាយកថវិកា, អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ, គណៈកម្មាធិការគម្រោងរួមមានទីប្រឹក្សានៃអ្នកពាក់ព័ន្ធគន្លឹះសំខាន់ៗ, ប្រធានគម្រោងគឺប្រធាននាយកដ្ឋានកែទម្រង់រតនាគារ, ប្រធាននាយកដ្ឋានប្រព័ន្ធថវិកា, ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា, ក្រុមការងារសម្របសម្រួលបច្ចេកទេស, ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និង អង្គភាពប្រតិបត្តិគម្រោងដែលជួយសម្របសម្រួលសកម្មភាពការគ្រប់គ្រងគម្រោងប្រចាំថ្ងៃ ។ គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជ្រើសរើសយន្តការសម្របស្រួលគ្រប់គ្រងគម្រោងដូចជា ការរៀបចំកិច្ចប្រជុំជាទៀងទាត់ប្រចាំសប្តាហ៍ និងប្រចាំខែ, កំណត់នីតិវិធីច្បាស់លាស់ក្នុងការអនុវត្តគម្រោង, ធ្វើការដោះស្រាយ និង កែតម្រូវលើបញ្ហាបច្ចេកទេស, បញ្ហាការអនុវត្ត និង យុទ្ធសាស្រ្តក្នុងការប្រតិបត្តិគម្រោង ។

ប្រព័ន្ធ SPAN ដែលត្រូវបានដាក់ឱ្យអនុវត្តមាន៧ មុខងារដូចជា ការរៀបចំថវិកា, គ្រប់គ្រងធានាចំណាយ, គ្រប់គ្រងសាច់ប្រាក់, គ្រប់គ្រងចំណាយ, គ្រប់គ្រងចំណូល, និង របាយការណ៍ហិរញ្ញវត្ថុនិងសៀវភៅធំ ។ ក្នុងនោះអង្គភាពចំណាយនៅតាមក្រសួង-ស្ថាប័នប្រើប្រាស់កម្មវិធីមួយហៅថា “SAKTI” ដើម្បីអនុវត្តប្រតិបត្តិការចំណាយរបស់ខ្លួនជាមួយនឹងប្រព័ន្ធ SPAN របស់ក្រសួងហិរញ្ញវត្ថុ ។ ដើម្បីឱ្យការអនុវត្តប្រព័ន្ធ SPAN ទទួលបានជោគជ័យ ក្រុមការងារគ្រប់គ្រងគម្រោងបានអនុវត្តសកម្មភាពចម្បងៗមួយចំនួនដូចជា ការផ្គត់ផ្គង់ និង ដំឡើងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ SPAN, ការត្រួតពិនិត្យ និង ការបញ្ជាក់អំពីដំណើរការមុខងារក្នុងប្រព័ន្ធ, ការកែលម្អដំណើរការការងារ, ការគ្រប់គ្រងការផ្លាស់ប្តូរ និង ការទំនាក់ទំនង ព្រមទាំងការគ្រប់គ្រងគម្រោង និង ការធានាគុណភាពប្រព័ន្ធ ។

បើទោះជា SPAN ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែក្នុងអំឡុងពេលអនុវត្ត SPAN ក៏បានជួបនូវបញ្ហាប្រឈមជាច្រើនដោយសារស្ថិតក្នុងដំណាក់កាលកែទម្រង់ដ៏ស្មុគស្មាញដែលមានផលប៉ះពាល់លើរចនាសម្ព័ន្ធការងារ, ដំណើរការការងារ ,ធនធានមនុស្ស និង បច្ចេកវិទ្យាមួយចំនួន ។ បញ្ហាប្រឈមមួយចំនួនដែល SPAN បានជួបប្រទះ គឺ ផលលំបាកក្នុងកិច្ចលទ្ធកម្មជ្រើសរើសទីប្រឹក្សា និង ដៃគូអភិវឌ្ឍន៍ប្រព័ន្ធដោយសារនីតិវីធីមិនមានភាពបត់បែន, ផលលំបាកក្នុងការបញ្ចប់នូវនីតិវិធីអនុវត្តការងារដោយសារមានការផ្លាស់ប្តូរច្បាប់ និងគោលនយោបាយ, ការកសាងកម្មវិធីប្រព័ន្ធមានរយៈពេលវែង, សមត្ថភាពក្រុមបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ SPAN មានកម្រិត, ភាគីពាក់ព័ន្ធមួយចំនួនមិនទាន់មានឆន្ទៈក្នុងការផ្លាស់ប្តូរដោយសារសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរដំណើរការយឺត និងការពន្យារពេលក្នុងការដាក់ឱ្យសាកល្បងប្រព័ន្ធ SPANដោយសារតែមានបញ្ហាបច្ចេកទេសដែលមិនបានរកឃើញនៅក្នុងប្រព័ន្ធទាន់ពេលវេលា។

បើទោះបីជាការអនុវត្ត ប្រព័ន្ធ SPAN ជួបផលលំបាកដោយសារការពន្យារពេលអនុវត្តក្តី ដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងគម្រោង ជាមួយនឹងទីប្រឹក្សា  ប្រព័ន្ធ SPAN ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយប្រធានាធិបតីឥណ្ឌូនេស៊ី នៅខែ មេសា ឆ្នាំ ២០១៥ ។

ការអនុវត្តប្រព័ន្ធ SPAN បានធ្វើឱ្យប៉ះពាល់ដល់អ្នកពាក់ព័ន្ធ ប្រមាណជា ១០,០០០ នាក់ នៅក្នុងអគ្គនាយកដ្ឋានចំនួន ៣ ក្នុងក្រសួងហិរញ្ញវត្ថុ  និង ប៉ះពាល់ដល់អ្នកពាក់ព័ន្ធ ប្រហែល៩០,០០០ នាក់ផ្សេងទៀត នៅតាមអង្គភាពចំណាយដែលធ្វើប្រតិបត្តិការស្នើសុំទូទាត់ចំណាយថវិកាផ្ទាល់ជាមួយក្រសួងហិរញ្ញវត្ថុ ។ ក្រសួងហិរញ្ញវត្ថុបានជ្រើសរើសក្រុមហ៊ុនគ្រប់គ្រងការផ្លាស់ប្តូរដើម្បីជួយរៀបចំ និងអនុវត្តកម្មវិធីគ្រប់គ្រងការផ្លាស់ប្តូរដូចជា ការរៀបចំបណ្តាញភ្នាក់ងារផ្លាស់ប្តូរ, សកម្មភាពថ្នាក់ដឹកនាំ, កម្មវិធីទំនាក់ទំនងផ្សព្វផ្សាយ, ការអភិវឌ្ឍរចនាសម្ព័ន្ធការងារថ្មី, ការបញ្ជ្រាបការយល់ដឹង និង ការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់ដោយផ្ទាល់ ។ ការងារសំខាន់របស់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ គឺបង្កើតនីតិវិធីអនុវត្តការងារថ្មី ធ្វើយ៉ាងណាឱ្យប្រព័ន្ធ SPAN ក្លាយជាកិច្ចដំណើរការការងារថ្មីមួយសម្រាប់មន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយការប្រើប្រាស់គោលការណ៍ “ការធានាដល់និរន្តរភាពនៃការផ្លាស់ប្តូរ (Make Change Stick)”។

បច្ចុប្បន្ននេះ SPAN ត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយរដ្ឋាភិបាលឥណ្ឌូនេស៊ី មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិចំពោះភាពជោគជ័យនៃការអនុវត្តគម្រោង SPAN និង មានឥទ្ធិពលទៅការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល៕