
21
Jan, 2014
ពិធីដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៅរសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ វេលាម៉ោង ៤:០០ រសៀល នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំពីធីមួយគឺពិធីដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System ហៅកាត់ “FMIS”) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ក្រុមការងារគ្រប់គ្រងប្រព័ន្ធ FMIS (FMWG) មន្ត្រី រតនាគាររាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងថ្នាក់ដឹកនាំ និងគណៈប្រតិភូរបស់ក្រុមហ៊ុន FIS-LG CNS Joint Venture ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ប្រព័ន្ធ FMIS។
នៅក្នុងអង្គពិធីបន្ទាប់ពីឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារគ្រប់គ្រងប្រព័ន្ធ FMIS បានថ្លែងសុន្ទករថាស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូរបស់ក្រុមហ៊ុន FIS-LG CNS Joint Venture និងការថ្លែងសុន្ទរកថារបស់តំណាងក្រុមហ៊ុន FIS-LG CNS Joint Venture ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS នៅក្នុងអង្គពិធី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងពីភាពចាំបាច់របស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដែលជា សមាសភាគមួយដ៏សំខាន់ក្នុងស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០០៤ មក ក្នុងគោលដៅប្រកបដោយចក្ខុវិស័យក្នុងការធានានូវ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា។ សម្រាប់ដំណាក់កាលទី២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាគោលដៅអាទិភាពចម្បងបំផុត នៃកម្មវិធីនេះក្នុងដំណាក់កាលទី២ ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយនៅកម្ពុជា ដែលមានគុណភាព តម្លាភាព គណនេយ្យភាព ភាពស័ក្ដិសិទ្ធិ និងប្រសិទ្ធភាព និងមានការចូលរួមគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសពីគ្រប់ដៃគូអភិវឌ្ឍន៍។ ឯកឧត្តមរដ្ឋមន្រ្តីមានចំណាប់អារម្មណ៍ និងយកចិត្តទុកខ្ពស់លើការអនុវត្តគម្រោងនេះតាំងពីពេលចាប់ផ្តើមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយឯកឧត្តមផ្ទាល់ គឺជាអ្នកគាំទ្រឈានមុខរបស់គម្រោងនេះ ហើយឯកឧត្តម បានលើកឡើងថា ការអនុវត្តគម្រោង FMIS ស្ថិតនៅក្នុងដំណាក់កាលនេះ គឺបង្ហាញនូវការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងប្រទេសកម្ពុជា និងជួយជំរុញដល់ការអភិវឌ្ឍបន្តបន្ទាប់ទៀតនាពេលខាងមុខ។ ការប្រើប្រាស់នូវប្រព័ន្ធ FMIS ដ៏ពេញលេញមួយតាមរយៈការប្រើប្រាស់ផលិតផល Oracle PeopleSoft Financial Package ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន FIS-LG CNS Joint Venture នេះបានឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុត ប្រកបដោយឆន្ទៈ និងការខិតខំប្រឹងប្រែងយ៉ាងស្រួចស្រាវរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អ និងពង្រឹងការគ្រប់គ្រង និងការតាមដានការអនុវត្តថវិកាជាតិ និងប្រតិបត្តិការហិរញ្ញវត្ថុនានា ដោយផ្ដល់ជាព័ត៌មានលម្អិតប្រកបដោយគុណភាព ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវទំនុកចិត្តខ្ពស់ដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលក្នុងការចេញនូវគោលនយោបាយសារពើពន្ធ និងហិរញ្ញវត្ថុបានចំទិសដៅសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីសារៈសំខាន់ផេ្សងៗ នៃប្រព័ន្ធ FMIS ដែលប្រព័ន្ធនេះនឹងផ្ដល់នូវបរិបទថ្មី និងរបៀបរបបថ្មី នៃដំណើរការអនុវត្តការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព និងផលិតភាពខ្ពស់ ហើយការចែករំលែក និងប្រើប្រាស់ព័ត៌មានក៏កាន់តែមានភាពទូលំទូលាយ និងបានឆាប់រហ័សទាន់ពេលវេលា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប។
នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៤ នេះតទៅ។