+855 23 43 00 63

17

Nov, 2023

គោលជំហររបស់ក្រុមហ៊ុនមេ HyalRoute និង ក្រុមហ៊ុន CFOCN ក្នុងការប្តេជ្ញាបន្តដំណើរការគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំហានទី២

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួប លោក Huang Xinglong ម្ចាស់ក្រុមហ៊ុន CFOCN និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមេ HyalRoute Group, លោក Luo Gang អនុប្រធានក្រុមហ៊ុនមេ HyalRoute និង លោក He Leping ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CFOCN ។

លោក Huang បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនវិនិយោគនានា និយាយជារួម និង និយាយដោយឡែក តែងតែគាំទ្រដល់ដំណើរការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញតភ្ជាប់ របស់ក្រុមហ៊ុន CFOCN ជាបន្តបន្ទាប់ ។ ជាមួយគ្នានេះ, លោក Huang បានរាយការណ៍អំពីស្ថានភាពនៃអាជីវកម្មទូទៅរបស់ក្រុមហ៊ុន ដែលកំពុងត្រូវបានស្ដារស្ថានភាពផ្នែកហិរញ្ញវត្ថុឡើងវិញ ព្រមទាំងបានធ្វើបច្ចុប្បន្នភាពគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍ក្រោមដីរបស់ក្រុមហ៊ុន ។ លោក បានបញ្ជាក់ជាថ្មី អំពីគោលជំហររបស់ក្រុមហ៊ុនមេ HyalRoute និង ក្រុមហ៊ុន CFOCN ក្នុងការប្តេជ្ញាបន្តដំណើរការគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំហានទី២ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការសាទរចំពោះភាពប្រសើរឡើងជាបណ្តើរៗ នៃអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេស វឌ្ឍនភាពនៃការវិនិយោគបណ្ដាញខ្សែកាប្លិ៍ក្រោមដី និង បានស្នើឱ្យក្រុមហ៊ុនខិតខំពន្លឿនការងារបញ្ចប់គម្រោងឱ្យបានជាស្ថាពរ និង កំណត់យកបណ្ដាការដ្ឋាន ដែលកំពុងមានតម្រូវការខ្ពស់មកធ្វើជាអាទិភាព សម្រាប់ការបញ្ចប់គម្រោងជាបន្តបន្ទាប់ ដើម្បីទ្រទ្រង់ដល់ការពង្រីកការដ្ឋានរបស់គម្រោង FMIS, គម្រោងរបស់អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, និង គម្រោងជាអាទិភាពនានា ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំពុងមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់បណ្ដាញនេះ ដើម្បីពង្រីកការផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ៕