
23
Apr, 2020
ក្រុមហ៊ុន CFOCN ផ្តល់ម៉ាសចំនួន ៥០០ ប្រអប់ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញទទួលអំណោយជាម៉ាសចំនួន ៥០០ ប្រអប់ ស្មើនឹង ១៥០០០ បន្ទះ ពីក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ីរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN)។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CFOCN ដែលបានផ្តល់ម៉ាសចំនួន ៥០០ ប្រអប់ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកាលៈទេសៈចាំបាច់នេះ ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តំណាងក្រុមហ៊ុន CFOCN ក៏បានរម្លឹកផងដែរថា ក្នុងអំឡុងពេលដែលប្រទេសចិនកំពុងជួបវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាជនកម្ពុជា បានចូលរួមជួយដល់ប្រជាជននិងរដ្ឋាភិបាលចិន តាមរយៈការលើកទឹកចិត្ត, ការផ្តល់ជំនួយ និងការធ្វើដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន។
គួរបញ្ជាក់ថា ក្រុមហ៊ុន CFOCN គឺជាក្រុមហ៊ុនមួយទទួលបានជោគជ័យលើការវិនយោគលើបណ្តាញខ្សែរកាបអុបទិច ក្រោមសមុទ្រនៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងផ្តល់សេវាបណ្តាញខ្សែរអុបទិចជូនដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។