+855 23 43 00 63

30

Oct, 2023

វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងការផ្លាស់ប្តូរ” ជូនដល់ រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ចំនួន ៤៤

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការផ្លាស់ប្តូរ ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីបង្គោល នៃរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ចំនួន ៤៤ តាមប្រព័ន្ធសន្និសីទវីដេអូប្រើប្រាស់កម្មវិធី Zoom ដែលមានអ្នកចូលរួមសរុបជិត ២០០ រូប នាព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងលើការអនុវត្តសកម្មភាព និង មូលហេតុដែលនាំឱ្យមានការផ្លាស់ប្តូរ, អត្ថប្រយោជន៍នៃការគ្រប់គ្រងការផ្លាស់ប្តូរ ព្រមទាំងតួនាទី និង ភារកិច្ចរបស់មន្ត្រីបង្គោលតាមរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ចំនួន ៤៤ ដែលនឹងត្រូវអនុវត្តមុខងារស្នូលនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ ២០២៤ ខាងមុខ ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ចំនួន ៤៤ ដែលនឹងត្រូវអនុវត្ត FMIS នៅក្នុងឆ្នាំ ២០២៤ ខាងមុខរួមមាន៖ រដ្ឋបាលក្រុងទាំង ២៨, រដ្ឋបាលស្រុកខ្សាច់កណ្តាល, រដ្ឋបាលស្រុកមុខកំពូល និង រដ្ឋបាលខណ្ឌទាំង ១៤ នៃរដ្ឋបាលរាជធានីភ្នំពេញ ។

វគ្គបណ្តុះបណ្តាលត្រូវបានបញ្ចប់ដោយរលូន និង មានការចូលរួមយ៉ាងសស្រាក់សស្រ៊ាំគួរកត់សម្គាល់ បន្ទាប់ពីតំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងការផ្លាស់ប្តូរ ពីសំណាក់សិក្ខាកាម ដោយបានលើកឡើងជាសំណួរ និង សំណូមពរបន្ថែម ដើម្បីឱ្យការអនុវត្តប្រព័ន្ធនាពេលខាងមុខប្រកបដោយប្រសិទ្ធភាព និង មានកិច្ចសហការល្អរវាងគ្នានិងគ្នា ៕