+855 23 43 00 63

27

Dec, 2023

សកម្មភាពសប្បុរសធម៌ និង សំណេះសំណាលទៅកាន់សិស្សានុសិស្សនៃបឋមសិក្សាអូរត្រេះចាស់

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ទឹកចិត្តចែករំលែក និង គាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឯកឧត្ដម មន្ត ប្រាថ្នា បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាំយកនូវសម្ភារៈសិក្សាចាំបាច់មួយចំនួន ដើម្បីចែកជូនសិស្សថ្នាក់ទី១ នៃសាលាបឋមសិក្សាអូរត្រេះចាស់ ក្រុងព្រះសីហនុ និង ជូនសម្ភារៈមួយចំនួនទៀតដែលជាថវិកាឧបត្ថម្ភដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ថវិការបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMISនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ឧបត្ថម្ភដល់ការជួសជុលសាលារៀន និង សម្រាប់ជូនជាការលើកទឹកចិត្ត និង ថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ និង គណៈគ្រប់គ្រងសាលាដែលបានខិតខំតស៊ូបង្រៀនប្អូនៗសិស្សានុសិស្សដែលមានមាតាបិតា ឬអាណាព្យាបាលភាគច្រើនមានកម្រិតជីវភាពខ្សត់ខ្សោយ ។

នៅក្នុងឱកាសនោះ ឯកឧត្តម មន្ត ប្រាថ្នា បានលើកឡើងអំពីមូលហេតុនៃការនាំយកនូវសម្ភារៈមួយចំនួនមកជូនក្មួយៗកុមារថ្នាក់ទី១ នេះ គឺក្នុងន័យដើម្បីលើកទឹកចិត្តជូនដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ និង ប្រឹងប្រែងរៀនសូត្របន្ត, ស្ដាប់ដំបូន្មានឳពុក-ម្តាយ ឬអាណាព្យាល ដើម្បីក្លាយជាសិស្សល្អ កូនល្អ និង ស្ដាប់ការអប់រំ និង ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ដើម្បីបានក្លាយជាសិស្សពូកែ ដែលជាមូលដ្ឋានគ្រឹះក្លាយខ្លួនជាពលរដ្ឋល្អនៅថ្ងៃអនាគត ចូលរួមចំណែកកសាងជាតិមាតុភូមិកម្ពុជាយើងឱ្យបានរីកចម្រើន ដើរទាន់ប្រទេសជិតខាងនៅក្នុងតំបន់ ។ ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមចំណែករបស់សហការីទាំងអស់នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានចូលរួមឧបត្ថម្ភដល់ក្មួយៗ និង ការរំលឹកដល់គុណរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានឧបត្ថម្ភជាសម្ភារៈ និង ថវិកាជូនដល់សាលា ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ លោកនាយកសាលា និង លោកគ្រូអ្នកគ្រូ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកាយវិការសប្បុរសធម៌ និង ការចែករំលែកនេះ ដែលត្រូវចំពេលដែលសិស្សកំពុងខ្វះខាតនូវសម្ភារៈសិក្សា ទាំងសៀវភៅសរសេរ និង អាន, ឧបករណ៍ឧទ្ទេសសម្រាប់ការបង្រៀន និង កុំព្យូទ័រសម្រាប់ប្រើប្រាស់ក្នុងការងារដ្ឋបាល និង ការគ្រប់គ្រងព័ត៌មានសម្រាប់ការងារអប់រំរបស់សាលា និង បានជូនពរសូមឱ្យថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់មានសុខភាពល្អ, មានសុភមង្គលក្នុងក្រុមគ្រួសារ និង មានជ័យជំនះក្នុងគ្រប់ភារកិច្ចបម្រើប្រយោជន៍ជាតិមាតុភូមិកម្ពុជា ។ គួរបញ្ជាក់ថា សកម្មភាពនៃការចែករំលែកនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ នៅសាលាបឋមសិក្សាអូត្រេះចាស់ នៃខេត្តព្រះសីហនុ ៕