+855 23 43 00 63

14

Nov, 2017

គណៈប្រតិភូចិនមកសិក្សាស្វែងយល់ពីប្រព័ន្ធ FMIS របស់កម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Lu Wenbin អនុប្រធាន វិទ្យាស្ថានជាតិគណនេយ្យទីក្រុងសៀងហៃ (SNAI) និង លោក Liu Xiaoqiang នាយករង វិទ្យាស្ថានជាតិគណនេយ្យទីក្រុងសៀងហៃ នៃវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ីប៉ាស៊ីភិច (AFDI) បានមកសិក្សាស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា ។

នៅក្នុងជំនួបដែលបានប្រព្រឹត្តទៅអស់រយៈពេលជាង២ម៉ោងជាមួយនឹងគណប្រតិភូចិន លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីតួនាទីនិងភាពចាំបាច់នៃមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដោយក្នុងនោះរួមមាន៖ មុខងារសៀវភៅធំ (GL) មុខងារវិភាជន៍ថវិកា (BA) មុខងារការទិញ (PO) មុខងារគណនីត្រូវសង (AP) មុខងារគណនីត្រូវទារ (AR) មុខងារគ្រប់គ្រងសាច់ប្រាក់ (CM) និងការផលិតរបាយការណ៍ ជាពិសេសនោះអំពីវិសាលភាពរបស់គម្រោង FMIS ទាំងមូល ដែលត្រូវដាក់ឱ្យប្រើប្រាស់ជោគជ័យនូវប្រព័ន្ធ FMIS នៅទូទាំងប្រទេសកម្ពុជាឱ្យបានត្រឹមឆ្នាំ ២០២០ ។  ក្រោយពីកិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូចិន បានបន្តទៅទស្សនកិច្ចផ្ទាល់ពីការអនុវត្តការងារជាក់ស្តែងរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសនោះគឺការទៅពិនិត្យមើលប្រព័ន្ធ FMIS ជាក់ស្តែង ។

គួរជម្រាបជូនថា ក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមដំណើរការឱ្យមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល ហៅកាត់ថា GFMIS នៅក្នុងឆ្នាំ ២០០០ ក្រោមគម្រោង “Golden Finance Project” ក្នុងគោលបំណងបំពេញតម្រូវការនៃកំណែទម្រង់រតនាគារ និងភាពរីកចម្រើននៃថវិកា ។