
11
Apr, 2014
សិក្ខាសាលាស្តីពី “វិធីសាស្រ្តគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាលរបស់គម្រោង FMIS”
នៅទី១១ ខែ មេសា ឆ្នាំ២០១៤ វេលាម៉ោង ៩:០០ នាទីព្រឹក ក្រុមការងាររួមផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ បានបើកសិក្ខាសាលាដំបូងស្តីអំពី “វិធីសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាលរបស់គម្រោង FMIS” (FMIS Change Management and Training Methodology) រយៈពេល ១ ថ្ងៃ នៅបន្ទប់ជាន់ទីមួយ នៃអគារ “ខ” ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពីប្រធាន និងអនុប្រធានរតនាគាររាជធានី-ខេត្តទាំងអស់ និងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ។ គោលបំណងនៃការៀបចំសិក្ខាសាលាដំបូងនេះ គឺ
ទី១. ដើម្បីកៀគរការចូលរួមគាំទ្រពីថ្នាក់ដឹកនាំរតនាគាររាជធានី-ខេត្ត សម្រាប់ការអនុវត្តគម្រោង FMIS ប្រកបដោយជោគជ័យ
ទី២. បង្ហាញអំពីវិធីសាស្ត្រនៃការគ្រប់គ្រងការផ្លាស់ ដែលជាយន្តការសំខាន់សម្រាប់ការដោះស្រាយនូវផលប៉ះពាល់នៃការផ្លាស់ប្តូរ បន្ទាប់ពីបញ្ចប់នូវការវិភាគអំពីផលប៉ះពាល់នៃគម្រោងដែលទទួលបានពីការភ្ជាប់នីតិវិធីអនុវត្តការងារបច្ចុប្បន្នជាមួយនឹងនីតិវិធីអនុវត្តការងារនាពេលអនាគត
ទី៣. បង្ហាញអំពីវិធីសាស្រ្តនៃការបណ្តុះបណ្តាលដែលនឹងផ្តល់ជូនដល់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS មុនពេលដាក់ប្រព័ន្ធឱ្យដំណើរការនៅឆ្នាំ ២០១៥
ទី៤. ពន្យល់លម្អិតបន្ថែមពីសារៈសំខាន់នៃយន្តការទំនាក់ទំនងផ្សព្វផ្សាយដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តគ្រប់គ្រងការផ្លាស់ប្តូរ និងទាមទារឱ្យមានការគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំរតនាគាររាជធានី-ខេត្ត ដោយសារថ្នាក់ដឹកនាំគឺជាបណ្តាញទំនាក់ទំនងផ្សព្វផ្សាយដ៏ចាំបាច់បំផុតរបស់គម្រោង FMIS (FMIS Communication Network) ក្នុងការទទួលយកព័ត៌មានពាក់ព័ន្ធនឹងគម្រោងពី “ក្រុមការងាររួម” របស់គម្រោង FMIS (FMIS Joint Team) និងចែកចាយបន្តនូវព័ត៌មានទាំងនេះទៅកាន់មន្រ្តីក្រោមឱវាទទាំងអស់តាមមធ្យោបាយផ្សេងៗរួមមាន៖១. ការប្រាស្រ័យទាក់ទងផ្ទាល់ ២. តាមការប្រើប្រាស់បណ្តាញគមនាគមន៍ ៣. ការបោះពុម្ពផ្សាយ ។
ទី៥. បង្ហាញពីកាលវិភាគនៃការអនុវត្តគម្រោង FMIS ដែលបានគ្រោងទុកជាដំណាក់កាលៗ និង
ទី៦. បង្ហាញពីព្រឹត្តិបត្រព័ត៌មានដែលនឹងចេញជារៀងរាល់ខែ ចាប់ពីខែ ឧសភាតទៅ ជូនដល់មន្រ្តីពាក់ព័ន្ធគន្លឹះ សម្រាប់ការអនុវត្តគម្រោង FMIS។
ដោយសារការកែទម្រង់គឺជាកត្តាមិនអាចចៀសផុត សិក្ខាកាមទាំងអស់មានជម្រើស៣៖ ទី១. ប្រើប្រាស់អ្នកមានចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន ទី២. ប្រឹងប្រែងកសាងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដោយខ្លួនឯង និងទី៣. មិនចូលរួមទាញយកប្រយោជន៍ពីបច្ចេកវិទ្យាព័ត៌មានវិទ្យា។ សិក្ខាកាមទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យជ្រើសយកជម្រើសទី១ ទើបក្លាយទៅជាម្ចាស់នៃប្រព័ន្ធ FMIS ឬជាអ្នកចេះប្រើប្រព័ន្ធ FMIS ពិតប្រាកដ។
ជាលទ្ធផល សិក្ខាសាលាបានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក។ សិក្ខាកាមទាំងអស់បានយល់អំពីការងារពាក់ព័ន្ធនឹងការងារគ្រប់គ្រងការផ្លាស់ប្តូរ វិធីសាស្រ្តនៃការបណ្តុះបណ្តាល ជាពិសេសកាលវិភាគដំណាក់កាលនៃការអនុវត្តគម្រោង FMIS និង ភាពចាំបាច់នៃការធ្វើជាបណ្តាញទំនាក់ទំនងផ្សព្វផ្សាយនូវព័ត៌មាន ក៍ដូចជាអ្នកគាំទ្រសំខាន់សម្រាប់ការគ្រប់គ្រងការផ្លាស់ប្តូរ។
ទាញយក៖ ឯកសារសិក្ខាសាលា