+855 23 43 00 63

5

May, 2017

ក្រសួងចំនួន១០ ចូលរួមសិក្ខាសាលាស្ដីអំពី “ការ​គ្រប់​គ្រង​ការផ្លាស់ប្ដូរ និងការរៀប​ចំនីតិវិធីអនុវត្តស្តង់ដារ”

ដោយ៖: | Tags: | មតិយោបល់: 0

ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងចំនួន១០ សរុបប្រមាណ៦៥រូប បានចូលរួមសិក្ខាសាលាស្ដីអំពី “ការគ្រប់គ្រងការផ្លាស់ប្ដូរ និងការរៀបចំនីតិវិធីអនុវត្តស្តង់ដារ” ដែលរៀបចំឡើងដោយក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថាគម្រោង អេហ្វអឹមអាយអេស (FMIS) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងកិច្ចចាប់ផ្ដើមសិក្ខាសាលា សិក្ខាកាមចូលរួមបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការងារគ្រប់គ្រងការផ្លាស់ប្ដូរ ជាពិសេសការផ្លាស់ប្ដូរនានាទាក់ទងទៅនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ក៏ដូចជាការពង្រឹងការអនុវត្តថវិកា និងការងារហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័នផងដែរ។

ជាក់ស្ដែង រាល់ការងារកែទម្រង់ទាំងអស់តែងតែមានការផ្លាស់ប្ដូរ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្ដូរនៃក្រុមការងារអនុវត្តគម្រោង FMIS នៅតាមក្រសួងទាំង១០ នឹងដើរតួជាអ្នកសម្របសម្រួលការផ្លាស់ប្ដូរទាំងឡាយ តាមរយៈការបញ្ជ្រាបការយល់ដឹង ការផ្លាស់ប្ដូរឯកសារ និងជំរុញការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធានាថា អ្នកពាក់ព័ន្ធទាំងអស់មានការយល់ដឹងដូចគ្នាអំពីមូលហេតុដែលតម្រូវឱ្យមានការផ្លាស់ប្ដូរ និងយល់ថាការផ្លាស់ប្ដូរមិនមែនជាឧបសគ្គដែលរាំងស្ទះការកែទម្រង់ដើម្បីភាពល្អប្រសើរនោះឡើយ។

ក្រសួងទាំង១០ដែលចូលរួមក្នុងសិក្ខាសាលានេះមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងកិច្ចការនារី, ក្រសួងបរិស្ថាន, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រសួងទាំង១០នេះ គឺជាក្រសួងដែលនឹងត្រូវអនុវត្តការងារក្នុងប្រព័ន្ធ FMIS មុនគេ បន្ទាប់ពីប្រព័ន្ធត្រូវបានដាក់ឱ្យអនុវត្តនៅតាមអគ្គនាយកដ្ឋានគន្លឹះមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅតាមគ្រប់រតនាគាររាជធានី-ខេត្តទាំងអស់។

ការអនុវត្តគម្រោង FMIS គឺជាផ្នែកដ៏សំខាន់មួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលទាមទារការចូលរួម និងការប្ដេជ្ញារបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីផ្លាស់ប្ដូរការអនុវត្តការងារឈានឆ្ពោះទៅរកភាពកាន់តែល្អប្រសើរនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសក្នុងដំណាក់កាលទី៣គឺ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងបន្តទៅដំណាក់កាលទី៤បន្តទៀត។