+855 23 43 00 63

1

Mar, 2024

ការបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ជូនរដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤

ដោយ៖: | Tags: | មតិយោបល់: 0

“យើងមានជំនឿចិត្តខ្ពស់ក្នុងការអនុវត្ត, ការប្រើប្រាស់ប្រព័ន្ធថ្មីនេះ ហើយដើម្បីយើងប្រកួតប្រជែង មិនមែនសម្រាប់ប្រកួតប្រជែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិទេ ប៉ុន្តែយើងប្រកួតប្រជែងសម្រាប់បច្ចេកវិទ្យាថ្មី” សម្តី លោក រ៉េត រ៉ន ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” សម្រាប់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ ដែលដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ  ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីរដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ នារសៀលថ្ងៃ ព្រហស្បតិ៍ ៥រោច ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៨៥រូប ក្នុងនោះស្ត្រីមានចំនួន ១០៨រូប ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាល ខាងលើនេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៤ រហូតដល់ ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានចំណេះដឹងថ្មី និង អាចមានសមត្ថភាពគ្រប់គ្រាន់ មុននឹងឈានដល់ការបន្តដាក់ឱ្យប្រើប្រាស់ FMIS នៅក្នុងឆ្នាំ ២០២៤ នេះ ។

សូមរំលឹកបន្ថែមថា, រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ ដែលនឹងត្រូវប្រើប្រាស់ FMIS នៅឆ្នាំ ២០២៤ ខាងមុខនេះ រួមមាន៖ រដ្ឋបាលក្រុងទាំង ២៨, រដ្ឋបាលស្រុកចំនួន ២ (ស្រុកខ្សាច់កណ្តាល និង ស្រុកមុខកំពូល) និង រដ្ឋបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ។ ទន្ទឹមនេះ, មុខវិជ្ជាដែលត្រូវរៀនក្នុងវគ្គបណ្តុះបណ្តាលមានដូចជា៖ ១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ FMIS, ២. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper, ៣. មូលដ្ឋានគ្រឹះនៃសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន, ៤. នីតិវិធីអនុវត្តស្តង់ដា, ៥. ការប្រើប្រាស់ FMIS លើការគ្រប់គ្រងគណនី FMIS (User Management), ៦. គណនេយ្យសាធារណៈ, ៧. នីតិវិធីក្នុងការអនុវត្តថវិកា, ៨. ការរៀបចំថវិកា និង និយ័តកម្មថវិកា (មុខងារវិភាជន៍ថវិកា), ៩. មុខងារបង្កើត និង អនុម័តប្រតិបត្តិការបង់ចំណូលថវិកាថ្នាក់ក្រោមជាតិ (មុខងារគណនីត្រូវទារ), ១០. ត្រួតពិនិត្យរបាយការណ៍, ១១. ការអនុវត្តកិច្ចលទ្ធកម្ម, ១២. មុខងារចំណាយទូទាត់ (គណនីត្រូវសង ) និង ១៣. ធានាចំណាយកិច្ចលទ្ធកម្ម និង មិនមែនកិច្ចលទ្ធកម្ម ។

ជាទីបញ្ចប់, លោកស្រីអគ្គនាយករង ក៏បានថ្លែងអំណរគុណទៅដល់សិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាចូលរួមវគ្គបណ្តុះបណ្តាលបានពេញលេញ និង ទទួលបានចំណេះដឹងថ្មីៗបន្ថែម ដើម្បីយកទៅអនុវត្ត FMIS ឱ្យបានលទ្ធផលល្អប្រសើរ ។ ទន្ទឹមនេះ, លោកស្រីអគ្គនាយករង ក៏បានស្នើសុំ និង សំណូមពរទៅកាន់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ ខាងលើ បន្តព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន; ចូលរួមអនុវត្តនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធតាមតួនាទីនិងភារកិច្ច និង ប្រើប្រាស់ប្រព័ន្ធប្រកបដោយការយកចិត្តទុកដាក់ និង មានស្មារតីការទទួលខុសត្រូវខ្ពស់ ៕