+855 23 43 00 63

9

Sep, 2022

កម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំថ្នាក់ដឹកនាំ និង មន្រ្តីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ ដែលបានសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយធនាគារពិភពលោក កាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ។
ក្នុងសិក្ខាសាលានេះ ឯកឧត្តម មន្ត ប្រាថ្នា ត្រូវបានអញ្ជើញជាគណៈអធិបតី និង វាគ្មិនកិច្ចពិភាក្សាស្តីពីមាគ៌ាអនាគតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និង ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ ទាក់ទងនឹងការរៀបចំរចនា និង ពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS) សន្ធានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។ ក្នុងកិច្ចពិភាក្សា លោកបណ្ឌិត Serdar Yilmaz មន្រ្តីជំនាញជាន់ខ្ពស់នាំមុខរបស់ធនាគារពិភពលោក បានលើកឡើងចំនួន ៤ ចំណុច ទី ១. រដ្ឋាភិបាលបានចំណាយថវិកាជាតិលើឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន (Hard Ware) និង កម្មវិធី (Software) ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាកម្មវិធីគ្រប់គ្រងមន្រ្តីរាជការផ្សេងៗគ្នានៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួន ដែលធ្វើឱ្យចំណាយរបស់រដ្ឋាភិបាលទាំងមូលកើនឡើងច្រើន ២. ការប្រើប្រាស់ក្រដាសស្នាមខាងក្រៅច្រើនដែលបង្កើនការចំណាយដែលមិនមានតម្លៃបន្ថែម ៣. បញ្ហាប្រឈមលើការវាយតម្លៃសមិទ្ធកម្មថវិកាកម្មវិធី និង ទី៤. ការរៀបចំផែនការថវិកាខាងក្រៅ និង ដាច់ដោយឡែកដែលនាំឱ្យមានការលំបាកក្នុងការគ្រោងថវិកាគាំទ្រធនធានមនុស្ស ។

ជាការឆ្លើយតប ឯកឧត្តម មន្ត ប្រាថ្នា មានប្រសាសន៍ថា ជាការពិតរដ្ឋាភិបាលបានគិតគូរលើការកសាងបណ្តាញ និង ប្រព័ន្ធរួមសម្រាប់ប្រទេស ប៉ុន្តែការងារនេះត្រូវការពេលវេលា និង ហេដ្ឋារចនាសម្ព័ន្ធរឹងមាំមួយ បើទោះជាយ៉ាងនេះក្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគិតគូក្នុងការដាក់ឱ្យអនុវត្តគម្រោង FMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ថវិការបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់នៅគ្រប់ក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិនៅរដ្ឋបាលរាជធានី-ខេត្ត ហើយឈានដល់ការរៀបចំបណ្តាញអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានតភ្ជាប់ដល់គ្រប់ក្រសួង-ស្ថាប័ន និង ការរដ្ឋានទាំងអស់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ផងដែរ ។ ទាក់ទងការកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាសខាងក្រៅ គម្រោង FMIS បានដាក់ឱ្យអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង លើការទូទាត់ប្រាក់បៀវត្ស និង ទូទាត់ត្រង់បានចំនួន ២៦ ក្រសួង-ស្ថាប័ន និង គ្រោងដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងដែលអាចជួយកាត់បន្ថយនីតិវិធីពីវែងមកខ្លី មានភាពងាយស្រួលជាងមុន និង កាត់បន្ថយការប្រើប្រាស់ឯកសារខាងក្រៅបានច្រើន ដែលការងារនេះ ក្រុមការងារកំពុងគិតគូលើការប្រើប្រាស់ហត្ថលេខាឌីជីថលផងដែរ ដើម្បីសម្រួលឱ្យបានកាន់តែអតិបរមាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសស្នាមខាងក្រៅ ។ ដោយឡែកនៅពេលប្រើប្រាស់ប្រព័ន្ធ FMIS ទៅលើចំណាត់ថ្នាក់ថវិកាហើយមានការផ្គូផ្គងចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់មុខងារ គឺបានបង្ហាញថាការអនុវត្តថវិកាកម្មវិធីនៅមានចន្លោះប្រហោងពិសេសក្នុងការគ្រោងធនធានមនុស្ស ដោយថវិកាគ្រោងសម្រាប់ធនធានមនុស្សត្រូវបានបែងចែងជាកម្មវិធីមួយដាច់ដោយឡែកដែលពិបាកក្នុងការដឹងថាកម្មវិធីមួយចំណាយ ឬត្រូវគ្រោងធនធានប៉ុន្មានឱ្យពិតប្រាដក និង ត្រឹមត្រូវ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ប្រព័ន្ធ FMIS បានដាក់ឱ្យអនុវត្តមុខងារថ្មី គឺមុខងាររៀបចំផែនការថវិកា ដែលមានកន្លែងសម្រាប់ឱ្យអ្នកប្រើប្រាស់អាចធ្វើការគ្រោងធនធានមនុស្សរបស់ខ្លួនទៅតាមកម្មវិធីរបស់ស្ថាប័នផ្ទាល់ និង ស្នើឱ្យអ្នកប្រើប្រាស់យកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ប្រសិនបើមានបញ្ហាប្រឈមអាចទាក់ទងមកក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីដោះស្រាយជូន ។ ឯកឧត្តមក៏លើកឡើងពីការកសាងមជ្ឈមណ្ឌលទិន្នន័យ ដែលគម្រោង FMIS ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងតែមាន ហើយស្វាគមន៍ក្រសួង-ស្ថាប័នក្នុងការស្នើសុំការផ្សារភ្ជាប់ក៏ដូចជារក្សាទុកទិន្នន័យរបស់ខ្លួនជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយមិនចាំបាច់បង្កើតថ្មីដោយខ្លួនឯងដើម្បីកាត់បន្ថយការចំណាយរួមរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាំទ្រ និង ជួយផ្តល់យោបល់បន្ថែមក៏ដូចជាការរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដើម្បីលើកស្ទួយដល់វិស័យអប់រំ និង បន្តគាំទ្រដល់វិស័យផ្សេងទៀត ។

ក្នុងសិក្ខាសាលានេះដែរ លោក ឈាង យូ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានធ្វើបទបង្ហាញ និង ចូលរួមឆ្លើយសំណួរពីអ្នកចូលរួមលើវឌ្ឍនភាពគម្រោង FMIS និង ការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង ដើម្បីឱ្យអង្គពិធីទទួលបានព័ត៌មានពីការអនុវត្តគម្រោង FMIS ៕