
15
Mar, 2019
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះហត្ថលេខាលើកិច្ចសន្យាស្តីពី “ការផ្គត់ផ្គង់គម្រោងអ៊ិនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”
“សមិទ្ធផលនៃការអនុវត្តគម្រោង អ៊ិនត្រាណិត នេះ បានធ្វើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បោះជំហានមួយយ៉ាងលឿន ក្នុងការចាប់យកវិស័យបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ ដើម្បីជំរុញឱ្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមបរិការណ៍អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្នុងយុគនៃបដិវត្តិឧស្សាហកម្មទី៤” នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពី “ការផ្គត់ផ្គង់គម្រោងអ៊ិនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើអុបទិច ខមញូនីខេសិន ណេតវើក (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ឱ្យដឹងថា កិច្ចសន្យាខាងលើនេះ មានវិសាលភាពគ្របដណ្តប់លើការផ្គត់ផ្គង់បណ្តាញអ៊ិនត្រាណិត (Intranet) នៅទូទាំងប្រទេសចំនួន ៣២០ ការដ្ឋាន សម្រាប់ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងក្របខណ្ឌការងារលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ នៅក្រោមសមត្ថកិច្ចក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋ។
បណ្តាញនេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការជំរុញនូវលទ្ធភាព និងសមត្ថភាពក្នុងការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាអេឡិកត្រូនិច (E-Service) ការពង្រីកការប្រើប្រាស់សេវា ឌីជីថល និង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា រួមមាន ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យពន្ធដារ ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងប្រព័ន្ធច្រកចេញចូលតែមួយ ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងប្រព័ន្ធផ្សេងៗទៀតដែលកំពុងអភិវឌ្ឍជាបន្តបន្ទាប់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តទៀតថា សមិទ្ធផលនៃការអនុវត្តគម្រោង អ៊ិនត្រាណិត នេះ ធ្វើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបោះជំហានមួយយ៉ាងលឿន ក្នុងការចាប់យកវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ដើម្បីជំរុញ និងពន្លឿនការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងពង្រីកការផ្តល់សេវាសាធារណៈស្របតាមបរិការណ៍អភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ក្នុងយុគនៃបដិវត្តឧស្សាហកម្មទី៤។
គួរបញ្ជាក់ផងដែរថា កិច្ចសន្យាផ្គត់ផ្គង់នេះ មានរយៈពេល ២០ឆ្នាំ ដែលចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ តទៅ ដែលសម្រាប់ការប្រើប្រាស់បណ្តាញចាប់ពីឆ្នាំ២០២០ ដោយក្រុមហ៊ុនបានផ្តល់ជូន ២ បណ្តូលនៃខ្សែកាប្លិ៍អុបទិកនៅក្រោមដី (2 cores Fiber Optic) រួមទាំង ឧបករណ៍ពាក់ព័ន្ធ នានាសម្រាប់កិច្ចដំណើរការបណ្តាញតភ្ជាប់។ កិច្ចសន្យានេះ ក្រុមហ៊ុនបានផ្តល់តម្លៃពិសេសជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយគិតតែថ្លៃចំណាយលើការថែទាំឧបករណ៍ និងចំណាយប្រតិបត្តិការតែប៉ុណ្ណោះ។ ដោយឡែក ថ្លៃវិនិយោគលើខ្សែកាប្លិ៍អុបទិក ថ្លៃសម្ភារ បរិក្ខារពាក់ព័ន្ធ និងថ្លៃពលកម្មក្នុងការដំឡើងនានា ក្រុមហ៊ុនផ្តល់ជូនដោយឥតគិតថ្លៃ ដែលសរុបជាទឹកប្រាក់ប្រមាណ ២២ លានដុល្លារអាមេរិក។