
11
Mar, 2020
អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអ៊ឺរ៉ុប៖ ប្រព័ន្ធ FMIS នឹងជួយដល់ការផ្តល់សេវាកម្មសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់
អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា លោកស្រី Camilla lombard បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើយុទ្ធសាស្ត្រកែសម្រួលនីតិវិធីអនុវត្តការងារជាមួយប្រព័ន្ធ FMIS កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ កន្លងទៅថា ប្រព័ន្ធ FMIS មិនត្រឹមតែជាប្រព័ន្ធសម្រាប់ផ្តល់របាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែប៉ុណ្ណោះទេ តែជាឆ្អឹងខ្នងមិនអាចខ្វះបាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន ក្នុងគោលដៅកាត់បន្ថយឱ្យបាននូវការងារណា ដែលមិនចាំបាច់តាមរយៈការកែសម្រួល នីតិវិធីអនុវត្តការងារ។ ការណ៏នេះនឹងនាំឱ្យការទូទាត់ប្រតិបត្តិការចំណាយ អាចធ្វើទៅបានទាន់ពេលវេលា និងចុងក្រោយជួយដល់ការផ្តល់សេវាកម្មសាធារណៈដែលមានប្រសិទ្ធភាពខ្ពស់ ។
លោកស្រីបានបន្ថែមទៀតថា ដៃគូអភិវឌ្ឍន៍នៅតែជឿជាក់ថាប្រព័ន្ធ FMIS នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើទំនើបកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុ និង រដ្ឋបាលសាធារណៈទូទៅនៅក្នុងប្រទេសកម្ពុជា។ វានឹងផ្តល់នូវព័ត៌មានទាន់ពេលវេលាដើម្បីគាំទ្រដល់ការផ្សារភ្ជាប់គោលនយោបាយថវិកា និង អនុញ្ញាតឱ្យធ្វើការសម្រេចចិត្តដោយផ្អែកលើសមិទ្ធកម្ម ក្នុងការផ្តល់សេវាសាធារណៈមានលក្ខណៈល្អប្រសើរ ។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី Camilla ក៏បានបញ្ជាក់ផងដែរថា ដៃគូអភិវឌ្ឍន៍លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នស្ម័គ្រចិត្តក្នុងដំណើរការកែសម្រួលនីតិវិធីអនុវត្តការងារ ដោយចាប់ផ្តើមពីប្រតិបត្តិការដែលមានហានិភ័យទាបដូចជាបៀវត្ស និងបង់សេវាទឹកភ្លើង ហើយបន្តឆ្ពោះទៅមុខចំណាយផ្សេងៗទៀត ។ ដៃគូអភិវឌ្ឍន៍ចង់គូសបញ្ជាក់ពីការកែសម្រួលនីតិវិធីអនុវត្តការងារនេះថា វាពិតជាមានភាពចាំបាច់ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីគម្រោង FMIS ។
គួរជម្រាបជូនផងដែរថា ប្រព័ន្ធ FMIS ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការទូទាត់ថវិកាតាមប្រព័ន្ធអេឡិក ត្រូនិក, ការធ្វើសន្ធានកម្មក្នុងការផ្លាស់ប្តូរទិន្នន័យពីប្រព័ន្ធខាងក្រៅដោយស្វ័យប្រវត្តិ, ការលើកកម្ពស់គុណភាពនៃការផលិតរបាយការណ៍ និង ការទាញយករបាយការណ៍តាមតម្រូវការចាំបាច់ផ្ទាល់របស់ក្រសួងសាមីនីមួយៗ និងធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធ FMIS គឺជាប្រព័ន្ធតែមួយគត់ ដែលគាំទ្រដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្មទី៤ ។