
23
Apr, 2021
តំណាងដៃគូរអភិវឌ្ឍន៍ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍
នាព្រឹកថ្ងៃ សុក្រ ១២ កើត ខែ ពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ក្រុមការងារបេសកកម្មធនាគារពិភពលោក (WB) ដែលមានការសម្របសម្រួលដោយ កញ្ញា Jolyda Sou និង ចូលរួមពីតំណាងដៃគូរអភិវឌ្ឃន៍ លោក Javier CASTILLO-ALVAREZ តំណាងសភាពអឺរ៉ុប, តំណាងកម្មវិធីអភិវឌ្ឍន៍អូស្ត្រាលី និង ទីប្រឹក្សារបស់ធានាគារពិភពលោកជាច្រើនរូបទៀត បានរៀបចំកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ ដែលដឹកនាំដោយ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ និង ឯកឧត្តម សឺន សូថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅ អមដោយឯកឧត្តម អ៊ូព្រុំ វីរៈ ទីប្រឹក្សាក្រសួង និង ជាអគ្គនាយករងកិច្ចការទូទៅ និង មន្ត្រីជំនាញបច្ចេកទេសជាច្រើនរូបទៀត ព្រមទាំងមានការចូលរួមពី មន្រ្តីជំនាញនៃក្រុមការងារ FMIS។
កិច្ចប្រជុំនេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដោយប្រើប្រាស់កម្មវិធី Zoom និង ពិភាក្សាអំពីវឌ្ឍនភាព និង បញ្ហាប្រឈមនានា នៃការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់ប្រាក់បៀវត្ស និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបក្នុងប្រព័ន្ធ FMISទាំងស្រុង ក្របខណ្ឌក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍។
ជាបទពិសោធន៍ នៃការអនុវត្តនិតិវិធីថ្មីនេះនាពេលកន្លងមក ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញបច្ចេកទេសដែលបានអនុវត្តលើការងារនេះផ្ទាល់ បានប្រៀបធៀបពីការអនុវត្តមុន និង ក្រោយ ការប្រើប្រាស់នូវនីតិវិធីថ្មីនេះ ពីភាពខុសគ្នាថា មានភាពងាយស្រួល និង រហ័សជាងមុន ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដោយមិនរង់ចាំឯកសារក្រដាសស្នាម ដែលបានជួយជំរុញឱ្យការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការ ប្រចាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ បានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ការអនុម័តនៅក្នុងប្រព័ន្ធ FMIS ទាំងស្រុង បានជួយកាត់បន្ថយនូវភាពស្មុគស្មាញ និង មានភាពសុក្រិត ដែលបានបង្ករលក្ខណៈកាន់តែងាយស្រួលដល់អ្នកអនុម័តថែមទៀត។
ថ្លែងក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញដែលបានអនុវត្តប្រព័ន្ធ FMIS បានបញ្ជាក់ថា ប្រព័ន្ធ FMIS គឺជាប្រព័ន្ធតែមួយគត់ដែលនាយកដ្ឋានគណនេយ្យ និង ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ បានប្រើប្រាស់សម្រាប់សម្រួលដល់ការងារប្រចាំថ្ងៃ របស់មន្ត្រីដែលអនុវត្តលើការងារ ហិរញ្ញវត្ថុ និង ថវិកា និងជាគោលបំណងចង់បានរបស់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ផងដែរ នៅក្នុងការចូលរួមចំណែកការកាត់បន្ថយនូវឯកសារក្រដាសស្នាម។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ បានថ្លែងអំណរគុណដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលតែងតែគាំទ្រ និង សហការក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានាដែលមន្ត្រីអនុវត្តប្រព័ន្ធ FMIS បានជួបប្រទះ ទាន់ពេលវេលា ជាពិសេស ការសម្របសម្រួលឱ្យមានកិច្ចប្រជុំ ក្នុងការជួបពិភាក្សាជាមួយក្រុមបេសកម្មធានាគារពិភពលោកនៅក្នុងថ្ងៃនេះ។