
17
Jun, 2019
ប្រធានក្រុមការងារ FMIS ជួបអ្នកជំនាញក្រុមហ៊ុន IBM ផ្តោតលើការធ្វើបទបង្ហាញអំពីប្រព័ន្ធរៀបចំផែនការថវិកា
អនុវត្តតាមការណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការពង្រឹងការអនុវត្តគម្រោង FMIS សម្រាប់រាជរដ្ឋាភិបាល ជាពិសេសគឺការរៀបចំមុខងារថ្មីចំនួន ២ របស់ប្រព័ន្ធ FMIS ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចំណាយនូវពេលវេលាប្រកបដោយការយកចិត្តទុកដាក់ក្នុងការស្វែងរក និង ពិនិត្យមើលលើបច្ចេកវិទ្យាព័ត៌មានថ្មីៗ ដែលមានសក្ដានុពលក្នុងការរៀបចំអភិវឌ្ឍមុខងាររៀបចំថវិកា (Budget Planning) ដែលនៅវេលាព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ បានអនុញ្ញាតទទួលជួបអ្នកជំនាញរបស់ក្រុមហ៊ុន IBM ក្នុងការធ្វើបទបង្ហាញ និង បង្ហាញអំពីប្រព័ន្ធរៀបចំផែនការថវិកា ដែលមានលទ្ធភាពក្នុងការផ្ដល់ជូនតាមតម្រូវការជាក់ស្ដែងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំថវិកាឱ្យស្របតាមគន្លងនៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា និង លទ្ធភាពតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់រាជរដ្ឋាភិបាល។
ជារួមអ្វីដែលរាជរដ្ឋាភិបាលចង់បានសម្រាប់មុខងារនេះគឺលទ្ធភាពក្នុងការ ៖
- ការរៀបចំថវិកាចំណូលជាតិ និង ចំណាយជាតិ (ថវិកាចរន្ត និង ថវិកាវិនិយោគ) ដោយថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ
- ការរៀបចំប្រចាំឆ្នាំ និង ថវិកាពហុឆ្នាំ
- ការរៀបចំថវិកាពីកម្រិតខាងក្រោមមកខាងលើ និង ការកំណត់ពិដានថវិកាពីកម្រិតគោលនយោបាយទៅដល់កម្រិតអនុវត្ត
- ការរៀបចំថវិកាដោយផ្អែកលើពហុសេណារីយ៉ូ ដូចជា តាមសូចនាករម៉ាក្រូសេដ្ឋកិច្ច (កំណើនផសស អត្រាអតិផរណា អត្រាប្ដូរប្រាក់ ផលប៉ះពាល់ពីជញ្ជីងពាណិជ្ជកម្ម ជាដើម), គោលនយោបាយរបស់រាជរដ្ឋាភិបាល (គោលនយោបាយសារពើពន្ធ រួមមាន ការកាត់បន្ថយឬដំឡើងអត្រាពន្ធ ការដំឡើងប្រាក់បៀវត្ស គោលនយោបាយរូបិយវត្ថុ រួមមាន បម្រែបម្រួលនៃអត្រាការប្រាក់ ការកំណត់)
- ការរៀបចំថវិកាដែលអាចជួយសម្រួលដល់ការរៀបចំរចនាសម្ព័ន្ធរបស់ស្ថាប័ន ពាក់ព័ន្ធនឹងចលនាប្រែប្រួលរបស់មន្ត្រី រាជការ
- ការពង្រឹងស្វ័យប្រវត្តិកម្មក្នុងរៀបចំថវិកាដោយផ្អែកលើសេដ្ឋកិច្ចនិងសង្គមសូចនាករនានា
- ការរៀបចំថវិកាទៅតាមមាតិកាថវិកា និង ប្លង់គណនេយ្យ ជាពិសេសការរៀបចំថវិកាតាមកម្មវិធី (ចំណាត់ថ្នាក់កម្មវិធី)
- ការផ្ដល់ជូននូវឧបករណ៍ក្នុងការតាមដាន និង គ្រប់គ្រងថវិកាតាមកាលបរិច្ឆេទជា ខែ ត្រីមាស ឆមាស និង ឆ្នាំ ជាមួយនិងលទ្ធភាពក្នុងការតាមដានជាពហុឆ្នាំកន្លងមក និង ទៅអនាគតជានិន្នាការ ឬ ការគ្រោងទុក។
- ការភ្ជាប់ទំនាក់ទំនងរវាងការរៀបចំថវិកា និង ការអនុវត្តថវិកា ពោលគឺអាចធ្វើសន្ធានកម្មឥតដាច់ជាមួយប្រព័ន្ធ FMIS ជាដើម។
ជាអនុសាសន៍នៅក្នុងបទបង្ហាញ អ្នកជំនាញរបស់ក្រុមហ៊ុន IBM បានផ្ដល់គន្លឹះជាបទពិសោធន៍ក្នុងភាពជោគជ័យនៃការអនុវត្តគម្រោងជាពិសេសការរៀបចំផែនការថវិកានេះដូចជា ៖ ១-សិក្សាឱ្យបានច្បាស់លាស់ពីតម្រូវការនៃការប្រើប្រាស់ប្រព័ន្ធរបស់អង្គភាពពាក់ព័ន្ធនានាតាំងពីថ្នាក់លើកំពូលដល់ថ្នាក់ក្រោមបំផុតទាំងតម្រូវការជាក់ស្ដែង និង អនាគត, ២-រៀបចំឱ្យបានច្បាស់លាស់នូវនីតិវិធីនិងលំហូរការងារក្នុងការប្រើប្រាស់ប្រព័ន្ធ,៣-រៀបចំក្នុងការអនុវត្តប្រព័ន្ធជាជំហានតូចៗ ដោយកុំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនូវគ្រប់មុខងារក្នុងពេលតែមួយ និង ត្រូវជ្រើសរើសការដ្ឋានក្នុងចំនួន បន្ដិចម្ដងៗក្នុងការសាកល្បងប្រើប្រាស់ប្រព័ន្ធ, ៤-រៀបចំបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសព័ត៌មានវិទ្យាក្នុងការរៀបចំកសាងប្រព័ន្ធជាមួយតំណាងក្រុមហ៊ុន និង សម្រាប់គាំទ្រដល់អ្នកប្រើប្រាស់ប្រព័ន្ធទូទៅ និង ការបណ្ដុះបណ្ដាលប្រកបដោយលក្ខណៈជំនាញវិជ្ជាជីវៈជូនអ្នកប្រើប្រាស់ឱ្យបានគ្រប់ៗគ្នាមុននឹងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការ, និង ៥-ដើម្បីធានានូវនិរន្តរភាពត្រូវតែចាំបាច់ធ្វើបច្ចុប្បន្នភាព ការថែទាំ និង ការពង្រឹងនូវសមត្ថភាព និង ផ្នែកសុវត្ថិភាពរបស់ប្រព័ន្ធជាប្រចាំ ដែលការងារនេះត្រូវការនូវក្រុមការងារបច្ចេកទេសដែលមានសមត្ថភាពខ្ពស់ក្នុងការគាំទ្រដល់កិច្ចការនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះអ្នកជំនាញរបស់ក្រុមហ៊ុនចំពោះការផ្ដល់នូវបទបង្ហាញក៏ដូចជាបទពិសោធន៍គន្លឹះល្អៗរបស់អ្នកជំនាញ និង បានស្នើសុំឱ្យក្រុមហ៊ុនបន្តកិច្ចសន្យាក្នុងការចូលរួមផ្ដល់នូវវគ្គបណ្ដុះបណ្ដាលអនុវត្តជាក់ស្ដែងលើការប្រើប្រាស់ប្រព័ន្ធរៀបចំផែនការថវិកានេះជូនដល់មន្ត្រីបច្ចេកទេស នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS។