+855 23 43 00 63

4

Jan, 2016

កិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីត្រៀមខ្លួនក្នុងការចុះជួយគាំទ្រ និង បង្ហាត់បង្ហាញដល់អ្នកប្រើប្រាស់ប្រព័ន្ធតាមរតនាគាររាជធានី-ខេត្ត

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​អាគារ “ខ” ជាន់​ទី៦ នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ វេលា​ម៉ោង ៤:០០ នាទី​ល្ងាច ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចុះជួយ​គាំទ្រ និង បង្ហាត់បង្ហាញ​ដោយផ្ទាល់​នៅតាម​រតនាគារ​រាជធានី-ខេត្ត ទាំង ២៥ ដែល​នឹងត្រូវ​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ចាប់ពី​ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៦ រហូតដល់ ខែ មីនា ឆ្នាំ ២០១៦ ដែល​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ។ កិច្ចប្រជុំ​បាន​ផ្តោតលើ​ចំណុច​សំខាន់ៗដូចខាងក្រោម៖

១. ការត្រៀម​ឯកសារ​លិខិតស្នាម​សម្រាប់​ការបង្ហាត់បង្ហាញ និង ការចុះ​បេសកកម្ម

ប្រធាន​ក្រុមការងារ​នីមួយៗ ដែល​បាន​បែងចែក​ត្រូវមាន​ទំនួលខុសត្រូវ​ខ្ពស់​សម្រាប់​ការងារ​ចាត់ចែង​សមាជិក​ក្រុម​របស់ខ្លួន​ក្នុងការ​ងារ​អនុវត្ត​ការងារ ដោយធ្វើ​យ៉ាងណា​ត្រូវមាន​ការត្រួតពិនិត្យ​គ្រប់ជ្រុងជ្រោយ​នូវ​រាល់​ឯកសារ​ដែល​ត្រូវយក​ទៅ​បំពេញ​បេសកម្ម​ដែល​បានគ្រោង​ទុក ។ ប្រធាន​ក្រុមការងារ និង សមាជិក​បានទទួល​ឯកសារ​កាលវិភាគ​ចុះ​បំពេញបេសកកម្ម ដើម្បី​ត្រៀមខ្លួន​អនុវត្ត​ការងារ​ឱ្យបាន​ជោគជ័យ ។

photo_2016-01-04_16-00-34

២. យន្តការ​នៃ​ការដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នឹង​កើតមានឡើង

នៅពេលដែល​មាន​បញ្ហា​ប្រឈម​ផ្សេងៗកើតឡើង ប្រធាន​ក្រុម​ត្រូវ​ដោះស្រាយ​ដោយផ្ទាល់​នៅ​រតនាគារ​រាជធានី-ខេត្ត​នីមួយៗ ដោយធ្វើ​ការពិភាក្សា​ជាមួយ​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ ។ ប៉ុន្តែ​ប្រសិនបើ​បញ្ហា​ប្រឈម​ទាំងនោះ ពុំអាច​ដោះស្រាយបាន​ត្រូវរាយការណ៍ជូន​មក​ថ្នាក់កណ្តាល​ដើម្បី​ជួយ​ដោះស្រាយ​បន្ត រហូត​បញ្ហា​ដោះស្រាយបាន​រួចរាល់ ។

photo_2016-01-04_16-00-31

៣. ការរៀបចំ​របាយការណ៍​សម្រាប់​បេសកកម្ម​នៅ​ខេត្ត​នីមួយៗ

ប្រធាន​ក្រុមការងារ​នីមួយៗ តម្រូវឱ្យធ្វើ​របាយ​ណ៍​សង្ខេប​ខ្លីៗជាប្រចាំ​ថ្ងៃ​សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ដើម្បី​ធ្វើជា​ឯកសារយោង ជាពិសេស​បញ្ហា​ប្រឈម​នានា​ដែល​កើតមានឡើង និង ពុំអាច​ដោះស្រាយបាន​ក្នុង​កម្រិត​បច្ចេកទេស ។

photo_2016-01-04_16-00-28

៤. បញ្ហា​ផ្សេងៗ 

ក្រុមការងារ​នីមួយៗបាន លើកឡើង​ជា​សំណួរ​ផ្សេងៗពាក់ព័ន្ធ​នឹង​ការចុះអនុវត្ត​ការងារ និង ស្នើសុំ​ការណែនាំ​ផ្សេងៗក្នុងការ​ចាត់ចែង​រថយន្ត​ដើម្បី​ត្រៀម​ចុះ​បេសកកម្ម​ដោយ​រលូន ។

ជាចុងក្រោយ ថ្នាក់ដឹកនាំ​របស់​ក្រុមការងារ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា  បាន​ណែនាំ​ឱ្យ​ក្រុម​អនុវត្ត​ការងារ​ដែល​ត្រូវ​ចុះ​បេសកម្ម​ទាំងអស់​ត្រូវមាន​ទំនួលខុសត្រូវ​ច្បាស់លាស់ ជាពិសេស​មន្រ្តី​ដែល​ទទួលខុសត្រូវ​ជា​ប្រធាន​ក្រុមការងារ​នីមួយៗ ដែល​ត្រូវ​ជួយ​រាជធានី-ខេត្ត​ចំនួន ៤ ស្របពេល​គ្នា ហើយ​រយៈពេល​មួយ​សប្តាហ៍​ម្តង រហូតដល់​សប្តាហ៍​ទី ១ នៃ​ខែ មីនា ឆ្នាំ ២០១៦ ។ លើសពីនេះ តម្រូវឱ្យមាន​ការទំនាក់ទំនង​មក​ថ្នាក់កណ្តាល​ប្រកបដោយ​បុរេ​សកម្ម អំពី​បញ្ហា​ប្រឈម​ដែល​ពុំអាច​ដោះស្រាយបាន ដើម្បី​ចៀសវាង​ដល់​ការរាំងស្ទះ​ការងារ​របស់​រតនាគារ​រាជធានី-ខេត្ត ។

photo_2016-01-04_16-00-19

កិច្ចប្រជុំ​ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង ៥:០០ នាទី ល្ងាច ប្រកបដោយ​សាមគ្គីភាព និង ឆន្ទៈ ក្នុងការ​ឈានឆ្ពោះ​ទៅរក ការសម្រេច​ឱ្យបាន​នូវ​ការចុះ​បេសកកម្ម​របស់​ក្រុមការងារ​នៅតាម​រតនាគារ​រាជធានី-ខេត្ត​ទាំង ២៥ ប្រកបដោយ​ភាពជោគជ័យ។