+855 23 43 00 63

9

Oct, 2023

ជំនួបពិភាក្សារវាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង អគ្គនាយកដ្ឋានរតនាគារជាតិ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ អង្គារ ១២កើត ខែ ភក្ត្របទ ឆ្នាំ ថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំ និង ដាក់ឱ្យអនុវត្ត FMIS នៅរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ នៅក្នុងឆ្នាំ ២០២៤ ដែលមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និង មន្ត្រីនៃអគ្គនាយកដ្ឋានអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៅបន្ទប់ប្រជុំអគារ ខ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
បន្ទាប់មានការចុះសិក្សានីតិវិធី និងគូសសំណាកគំរូរំហូរនីតិវិធីអនុវត្តការងារនៅរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ មួយចំនួនបានរួចរាល់ ក្នុងន័យត្រៀមការដាក់ឱ្យប្រើប្រាស់ FMIS ជាផ្លូវការទៅកាន់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ទាំង៤៤ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសហការជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីពិនិត្យ និង ប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំរំហូរនីតិវិធីក្នុងការចុះប្រតិបត្តិការសម្រាប់មុខងារស្នូល ដែលមាននៅក្នុង FMIS ។ នៅក្នុងអង្គប្រជុំនេះផងដែរ តំណាងអគ្គនាយកដ្ឋានរតនាគារ បានគាំទ្រ និង ឯកភាពទាំងស្រុង ក្នុងការលើកឡើងរបស់ក្រុមការងារ FMIS ក្នុងការដាក់សម្រួលនីតិវិធីអនុវត្តការងារនៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាម FMIS ទាំងស្រុង លើមុខងារមួយចំនួនដែលបានកំណត់ ដើម្បីធានាបាននូវភាពរហ័ស ទាន់ពេលវេលា និងកាត់បន្ថយឯកសារក្រដាសស្នាមជាអតិប្បរមា។
 
គួរបញ្ជាក់ផងដែរ អគ្គនាយកដ្ឋានរតនាគារជាតិ នឹងបន្តការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្របសម្រួលជាមួយក្រុមការងារបន្តទៀតក្នុងការជំរុញ និង គាំទ្រដល់អ្នកប្រើប្រាស់ FMIS នៅការដ្ឋានពាក់ព័ន្ធ។