
10
Nov, 2022
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវិបស្សនាស្តីពីការត្រួតពិនិត្យលើវឌ្ឍនភាពបញ្ហាប្រឈម និង ការងារផ្សេងៗសម្រាប់ការអនុវត្តគម្រោង FMISឆ្នាំ ២០២២ និង ទិសដៅសម្រាប់ឆ្នាំ ២០២៣
កាលពីព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវិបស្សនាស្តីពីការត្រួតពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និង ការងារផ្សេងៗសម្រាប់ការអនុវត្តគម្រោង FMIS ឆ្នាំ ២០២២ និង ទិសដៅសម្រាប់ឆ្នាំ ២០២៣ របស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅសណ្ឋាគារអេមព្រីសអង្គររីសត ខេត្តសៀមរាប ដែលមានការចូលរួមពីឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីប្រតិភូ មានប្រសាសន៍ក្នុងអង្គវិបស្សនាថា មកដល់ពេលនេះគម្រោង FMIS សម្រេចបាននូវសមិទ្ធផលដែលមានប្រយោជន៍ជាច្រើនដែលក្នុងនោះការងារកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង គឺជាបរិបទផ្លាស់ប្តូរដ៏ធំមួយរបស់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីប្រតិភូ ក៏បានបន្ថែមថា ក្រោមការដឹកនាំដ៏មានចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចចិត្តដ៏មុះមុត និង ជំរុញដល់ការអនុវត្តគម្រោង FMIS ពិសេសលើការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដែលជាការងារដែលមានការកែទម្រង់យ៉ាងជ្រៅ និង មានផលប៉ះពាល់ដល់អ្នកពាក់ព័ន្ធច្រើន ។
ឯកឧត្តម មន្ត ប្រាថ្នា បានរាយការណ៍ពីវឌ្ឍនភាពសំខាន់ៗក្នុងការអនុវត្តគម្រោង FMIS ក្នុងឆ្នាំ ២០២២ ដែលមានដូចជាការពង្រីកការអនុវត្តគម្រោង FMIS ទៅដល់ការដ្ឋានថ្មីនៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០, ការដាក់ឱ្យអនុវត្តមុខងាររៀបចំផែនការថវិកានៅក្រសួង-ស្ថាប័នចំនួន ១១ ថ្មី និង មុខងារលទ្ធកម្មពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន, សន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS និង ប្រព័ន្ធ ASYCUDA ដោយមិនប្រើប្រាស់ក្រដាសខាងក្រៅ និង ការរៀបចំដាក់ឱ្យអនុវត្តគម្រោង FMIS ដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលរួមមានការបញ្រ្ជាបការយល់ដឹង, ការបណ្តុះបណ្តាល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និង អភិវឌ្ឍប្រព័ន្ធ FMIS ព្រមទាំងការពង្រឹងការអនុវត្តគម្រោង FMIS ពិសេសលើការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុងលើនីតិវិធីចំណាយថវិកាចរន្តទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ព្រមទាំងពង្រឹងការប្រើប្រាស់របាយការណ៍ក្នុងប្រព័ន្ធ FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា បើទោះបីជាការងារនេះមានបញ្ហាប្រឈមជាច្រើន ពោលគឺមានការប៉ះទង្គិចជាមួយភាគីច្រើន តែលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅតែអាចពុះពារឆ្លងកាត់ជំនះឧបសគ្គទាំងនោះដោយជោគជ័យ ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានខិតខំប្រឹងប្រែងធ្វើការងារ និង សម្រេចការងារដែលគួរឱ្យកត់សម្គាល់ ។
នៅក្នុងកម្មវិធីវិបស្សនាក៏មានការធ្វើបទបង្ហាញអំពីទិសដៅនៃការអនុវត្តគម្រោង FMIS ឆ្នាំ ២០២៣ ដោយលោក អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង តំណាងថ្នាក់ដឹកនាំទាំង ៨ ផ្នែករួមមាន ផ្នែករដ្ឋបាលនិងធនធាន, ផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍, ផ្នែកការិយាល័យវិភាគធុរកិច្ចបច្ចេកវិទ្យាព័ត៌មាន, ផ្នែកអភិវឌ្ឍន៍និងនវានុវត្តន៍បច្ចេកវិទ្យាព័ត៌មាន, ផ្នែកការគ្រប់គ្រងការផ្លាស់ប្តូរ, ផ្នែកគ្រប់គ្រងគុណភាព, ផ្នែកគោលនយោបាយនិងគាំទ្រគម្រោង និង ផ្នែកសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ លើវឌ្ឍនភាព, បញ្ហាប្រឈម, សំណូមពរ និង ទិសដៅអនុវត្តបន្ត ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីប្រតិភូ បានដោះស្រាយបញ្ហាប្រឈម និង សំណូមពរនានា និង ផ្តល់ការសរសើរព្រមទាំងលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តធ្វើការងារឱ្យកាន់តែបុរេសកម្ម ពិសេសគឺការគាំទ្រជូនដល់គ្រប់ការដ្ឋាន និង អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ៕


































