+855 23 43 00 63

22

Dec, 2022

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសំខាន់ៗនៃការអនុវត្តគម្រោងអ៊ីនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសំខាន់ៗនៃការអនុវត្តគម្រោងអ៊ីនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានការចូលរួមពី អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិត ។

ជាកិច្ចចាប់ផ្តើមឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍អំពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យមើលលទ្ធផលដែលក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតបានសម្រេចបានកន្លងមកសម្រាប់ឆ្នាំ ២០២២ និង ពិភាក្សាត្រៀមរៀបចំអនុវត្តគម្រោងនៅឆ្នាំ ២០២៣ ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមពីសាវតានៃការកកើតនៃការអនុវត្តគម្រោងអ៊ីនត្រាណិតដោយសារតម្រូវការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្នុងការបម្រើសេវាសាធារណៈ និង សេវាផ្សេងៗក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានច្រើន ដូចជាគម្រោង FMIS, ប្រព័ន្ធគ្រប់គ្រងនិងប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ និង របស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, ប្រព័ន្ធ CamDX ជាដើម ដែលគម្រោងអ៊ីនត្រាណិតបានផ្តល់ផលប្រយោជន៍ខ្ពស់, មានសុវត្ថិភាពខ្ពស់, កាត់បន្ថយថ្លៃដើមនិងជួយសន្សំថវិកាជាតិបានចំណេញជាងការប្រើប្រាស់សេវារបស់ក្រុមហ៊ុនអ៊ីនធឺណិត។

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតបានធ្វើបទបង្ហាញពីការអនុវត្តគម្រោងអ៊ីនត្រាណិតក្នុងជំហានទី ១ ដែលចាប់ផ្តើមក្នុងឆ្នាំ ២០១៩ ដែលមានការដ្ឋានសរុប ៣២០ ដែលបែងចែកជា ២ ដំណាក់កាល ក្នុងនោះបានតភ្ជាប់បណ្តាញអ៊ីនត្រាណិតជាមួយគម្រោង FMIS នៅដើមឆ្នាំ ២០២០ និង ជាមួយអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅចុងឆ្នាំ ២០២០ ។

ឯកឧត្តម មន្ត ប្រាថ្នា អនុប្រធានក្រុមការងារ និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិត បានបញ្ជាក់ជូនអង្គប្រជុំថា ៖ ជាមួយនឹងសមិទ្ធផលដែលគម្រោង Intranet សម្រេចបានមកនេះ បានឆ្លើយតបស្ទើរតែទាំងស្រុងលើតម្រូវការដែលជាបុព្វហេតុដើមក្នុងការបង្កើតឱ្យមានបណ្ដាញអ៊ីនត្រាណិត ជាពិសេសសម្រាប់តម្រូវការ អគ្គនាយកដ្ឋានពន្ធដារ, គម្រោង FMIS និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថ្វីត្បិតតែនៅមានការដ្ឋានមួយចំនួនដែលត្រូវការចាំបាច់ ប៉ុន្តែបណ្ដាញពុំទាន់បានភ្ជាប់ទៅដល់នៅឡើយក៏ដោយ ។  

បន្ទាប់ពីបានប្រើប្រាស់បណ្តាញអ៊ីនត្រាណិតរួមមួយរយៈកន្លងមក តំណាងអគ្គយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានបង្ហាញពីការសាទរ និង សប្បាយរីករាយដែលបានទទួលផលប្រយោជន៍ជាច្រើនពីការប្រើប្រាស់បណ្តាញអ៊ីនត្រាណិតរួមដែលអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាមិនធ្លាប់ទទួលបានពីក្រុមហ៊ុនឯកជន ដែលទទួលបានការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន, មានសិ្ថរភាពខ្ពស់, មានសុវត្ថិភាពនិងឯកជនភាពខ្ពស់, អាចបង្កើតសេវានិងគម្រោងបានច្រើន និង ចំណាយអស់ថវិកាតិច ។ លើសពីនេះដែរ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ស្នើសុំក្នុងការតភ្ជាប់បណ្តាញដល់កម្រិតមាត់ច្រកដែលនៅឆ្ងាយពីទីប្រជុំជន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍លើកទឹកចិត្តដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្នុងការគិតគូររៀបចំប្រើប្រាស់គម្រោងអ៊ីនត្រាណិតបន្ថែមឱ្យអស់សក្ដានុពលដោយគិតគូរបន្ថែមសេវាផ្សេងៗ ឬចា ប់ផ្តើមពីការរៀបចំប្រព័ន្ធទំនាក់ទំនងផ្ទៃក្នុងដែលអាចធានានូវសុវត្ថិភាពខ្ពស់  ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធខាងក្រៅ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់ក្រុមការងារក្នុងការបន្តអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី ២ នៅឆ្នាំ  ២០២៣ ដោយតភ្ជាប់បណ្តាញដល់ការដ្ឋានដែលនៅសេសសល់ និង ដោះស្រាយការស្នើសុំផ្សេងៗពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ។

គួរបញ្ជាក់ថា បណ្ដាញអ៊ីនត្រាណិតផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជា Network Highway មួយដ៏ធំ និង វែង ដែលបានតភ្ជាប់ទៅគ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលជាការដ្ឋានរបស់គម្រោង FMIS និង នៅតាមបណ្ដារាជធានី-ខេត្តទាំង ២៤ (ខេត្តព្រះសីហនុកំពុងរៀបចំតភ្ជាប់ឡើងវិញនៅក្នុងឆ្នាំ ២០២៣) និង បានផ្ដល់នូវបណ្ដាញដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ធានាបាននូវសុវត្ថិភាពខ្ពស់ (High security), ធានាបាននូវឯកជនភាពនៃទិន្នន័យ (Privacy), ធានាបាននូវភាពជឿជាក់ (Reliability) សេវាគាំទ្រ 24/7, ទំហំ Bandwidth ធំចាប់ ពី ១០០ Mbps ដល់ ១ Gbps អាចពង្រីកបានតាមតម្រូវការ, ល្បឿនលឿនងាយស្រួលក្នុងបញ្ជូនទិន្នន័យបានឆាប់រហ័ស (Fast) ភាពយឺតទាបនៅកម្រិតទាបបំផុត (Lowest latency ខ្ពស់បំផុត ១៥ វិនាទី) និង ទាន់សភាពការណ៍ (Real time), ងាយស្រួលក្នុងការគ្រប់គ្រង និង បង្កើតសេវាផ្សេងៗទៀតបានដោយខ្លួនឯងដោយងាយស្រួល (Manageable and extendable services) ៕