
7
Dec, 2022
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបជាមួយជំនាញការទីប្រឹក្សាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
នាព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២ តាមរយៈកម្មវិធី Zoom ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបជាមួយជំនាញការទីប្រឹក្សាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីរាយការណ៍ពីលទ្ធផលក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង FMIS សម្រាប់បេសកកម្មទី ១៣ ដែលដឹកនាំដោយលោកស្រី Delphine Moretti ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុសាធារណៈនៃមូលនិធិរូបិយវត្ថុអន្តរជាតិថ្នាក់តំបន់ប្រចាំអាស៊ីអាគ្នេយ៍ និងមានការចូលរួមពី លោក Suhas Joshi ទីប្រឹក្សាថ្នាក់តំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិផ្នែករតនាគារ លោក Kris Kauffmann អ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និង ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
បេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិលើកទី ១៣ នេះ បានចាប់ផ្តើមពីថ្ងៃទី ៣១ ខែ តុលា ដល់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដែលបានជួបជាមួយអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ និង អង្គភាពពាក់ព័ន្ធក្នុងការសាកសួរពីការអនុវត្តគម្រោង FMIS ដែលផ្តោតលើការ កែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង, ការព្យាករណ៍សាច់ប្រាក់ និង របាយការណ៍ដែលផលិតចេញពីប្រព័ន្ធ FMIS ។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ តាំងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងអំណរគុណដល់ភាគីមូលនិធិរូបិយវត្ថុអន្តរជាតិដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង FMIS ដោយបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តគម្រោង និង បានផ្តល់មតិយោបល់កែលម្អផងដែរ ។
ភាគីមូលនិធិរូបិយវត្ថុអន្តរជាតិ បានសាទរដែលគម្រោង FMIS ចាប់ផ្តើមរៀបចំប្រព័ន្ធតាមដាន និង ត្រួតពិនិត្យ ដើម្បីគាំទ្រដល់ការដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលបានដាក់ឱ្យអនុវត្តរួចហើយលើការទូទាត់ចំណាយថវិកាចរន្តនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន និង ក្រសួង-ស្ថាប័ន ៣៦ លើការទូទាត់ប្រាក់បៀវត្សមន្រ្តីរាជការ និង ការទូទាត់ត្រង់ដែលមានហានិភ័យកម្រិតទាប ។ លើសពីនេះ ភាគីមូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងថា ការព្យាករសាច់ប្រាក់បច្ចុប្បន្ននៅមិនទាន់មានមានប្រសិទ្ធភាពនៅឡើយ និង ការកែសម្រួលនីតិវិធីអនុវត្តការងារគួរពិនិត្យលើថវិកាវិនិយោគ និង បុរេប្រទានថវិកាផងដែរ ។
យោងតាមលទ្ធផលរបាយការណ៍នៃបេសកកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា នេះជាជំហានចាប់ផ្តើមដំបូងរបស់កម្ពុជាក្នុងការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ជាបណ្តើរៗសម្រាប់ថវិកាចរន្ត ដែលជាបន្តបន្ទាប់គឺគ្រប់ប្រតិបត្តិការរួមទាំងថវិកាវិនិយោគផងដែរ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានស្នើដល់ភាគីមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការចែករំលែកបទពិសោធន៍ជាឧត្តមានុវត្តន៍របស់ប្រទេសនានាលើការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS លើការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS សម្រាប់ការអនុវត្តថវិកាវិនិយោគ ថវិកាបុរេប្រទាន និង ការប្រើប្រាស់ហត្ថលេខាឌីជីថល ដើម្បីកម្ពុជាមានមូលដ្ឋានអនុវត្តបានត្រឹមត្រូវ ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ស្វាគមន៍ និង ស្នើសុំមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តការគាំទ្រ និង ផ្តល់ជំនួយបច្ចេកទេសសម្រាប់បេសកកម្មលើកក្រោយក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង FMIS សម្រាប់បេសកកម្មបន្ទាប់ដោយផ្តោតទៅការត្រួតពិនិត្យលើលទ្ធផលដែលរកឃើញក្នុងបេសកកម្មលើកនេះ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង រៀបចំសិក្ខាសាលាចែករំលែកពីការប្រើប្រាស់របាយការណ៍ ឬ ព័ត៌មានហិរញ្ញវត្ថុ និង ថវិកាដើម្បីជួយធ្វើឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ៕

