+855 23 43 00 63

14

Feb, 2023

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជួបពិភាក្សាការងារជាមួយប្រតិភូតំណាងធនាគារពិភពលោកប្រចាំកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃអង្គារ ៩ រោច ខែ មាឃ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែ កុម្ភៈ គ្រិស្តសករាជ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុញ្ញាតិឱ្យប្រតិភូតំណាងធនាគារពិភពលោក ចូលជួបពិភាក្សាពីកិច្ចការងារគាំទ្រដល់កម្ពុជាក៏ដូចជាក្រុមការងារគ្រប់គ្រងគម្រោង FMIS លើការអនុវត្តនីតិវិធីអនុវត្តការងារហិរញ្ញវត្ថុ និង ថវិកាតាមប្រព័ន្ធ FMIS ទាំងស្រុង និង ការគាំទ្រការអភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យ​ និង តាមដានសម្រាប់នីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង ព្រមទាំងស្វែងយល់ពីផែនការយុទ្ធសាស្រ្តបន្តរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការអនុវត្តនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលជាធាតុចូលដល់ក្រុមការងារធនាគារពិភពលោកបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែម ដែលជំនួបនេះមានការចូលរួមពី លោកបណ្ឌិត សូ សុខប៊ុនធឿន មន្រ្តីជំនាញជាន់ខ្ពស់នៃធនាគារពិភពលោក លោក Erwin Ariadharma មន្រ្តីជំនាញជាន់ខ្ពស់នៃធនាគារពិភពលោក, ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS, លោកបណ្ឌិត ផ្លុង ពិសិដ្ឋ ទីប្រឹក្សានៃធនាគារពិភពលោក, លោក Adi Setiawan អគ្គនាយករងគ្រប់គ្រងប្រព័ន្ធព័ត៌មានផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ី, លោក Achmad Rinaldi Hidayat អគ្គនាយករងគ្រប់គ្រងទិន្នន័យវិទ្យាសាស្រ្តនិងព័ត៌មានរតនាគារនៃក្រសួងសេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ី ។

ឯកឧត្តមបណ្ឌិតសភាចារ្យ  មានប្រសាសន៍ស្វាគមន៍ និង ថ្លែងអំណរគុណដល់ក្រុមការងារធនាគារពិភពលោកប្រចាំកម្ពុជា និង ប្រទេសឥណ្ឌូនេស៊ី ដែលតែងតែគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា តាំងពីជំហានទី ១ មក ពិសេសជួយគាំទ្រដល់ការងារគ្រប់គ្រងការផ្លាស់ប្តូរក្នុងជំហានទី ២ នៃការអនុវត្តគម្រោង FMIS ផងដែរ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបន្ថែមថា  ការជួយជ្រោមជ្រែងរបស់ធនាគារពិភពលោកដែលជាដៃគូអភិវឌ្ឍន៍មួយរូបគាំទ្រគម្រោង FMIS ក្នុងការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីការនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង និង ការគ្រប់គ្រងការផ្លាស់ប្តូរ នាពេលខាងមុខ ដែលនឹងមានការចែករំលែកបទពិសោធន៍ល្អៗពីប្រទេសផ្សេងៗដូចជា អូស្រា្តលី, បារាំង និង ឥណ្ឌូនេស៊ីជាដើម គឺជារឿងមួយដែលមានប្រយោជន៍ និង ជាការបង្ហាញដល់អ្នកពាក់ព័ន្ធទាំងអស់ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នដែលជាការដ្ឋានរបស់គម្រោង FMIS ដែលជាអ្នកដែលនឹងទទួលបានផលប្រយោជន៍ពីការអនុវត្តការងារប្រើប្រាស់ប្រព័ន្ធ FMIS នេះ ។

លោកបណ្ឌិត សូ សុខប៊ុនធឿន មានប្រសាសន៍ជម្រាបពីគោលបំណងសំខាន់ៗនៃបេសកកម្មរបស់ក្រុមការងារធនាគារពិភពលោកលើកនេះ គឺក្នុងបំណងជំរុញ និង គាំទ្រដល់ការអនុវត្តនីតិវិធីការងារតាមប្រព័ន្ធ FMIS ទាំងស្រុង ការរៀបចំឱ្យមានប្រព័ន្ធមួយដើម្បីត្រួតពិនិត្យនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលអាចឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការពិនិត្យប្រតិបត្តិការដែលបានអនុម័ត ឬ មិនទាន់អនុម័ត ឬ នៅជាប់គាំងកន្លែងណាមួយ ។ តំណាងធនាគារពិភពលោកក៏បានចូលរួមអបអរសាទរដល់កម្ពុជាដែលបានឈានជើងមួយជំហានដ៏ធំ ដែលមានថ្នាក់ដឹកនាំដែលមានមហិច្ឆតាក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលដោយការអនុវត្តនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ពេលនេះជារឿងដែលមិនងាយស្រួល តែជារឿងដែលនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋជារួម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បើទោះជាប្រទេសកម្ពុជាជ្រើសរើសយកវិធីសាស្រ្តក្នុងការអនុវត្តគម្រោង FMIS ផ្សេងពីបណ្តាប្រទេសដទៃក្នុងតំបន់ដូចជាឥណ្ឌូនេស៊ីជាដើម ដែលបានអនុម័តច្បាប់កែសម្រួលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួចរាល់ ហើយកំណត់ឬ ចែងច្បាស់លាស់ពីការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងច្បាប់តែម្តង ដែលកម្ពុជាចាប់ផ្តើមដោយការដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់នៅគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ស្របពេលនឹងការអនុវត្តនីតិវិធីការងារដៃខាងក្រៅផងដែរ ដែលអ្នកប្រើប្រាស់មុនដំបូងមានភាពមិនពេញចិត្តដោយសារត្រូវធ្វើការងារ ២ ដង គឺក្នុងប្រព័ន្ធផង និង ការងារខាងក្រៅផង ។ នេះជាវិធីសាស្រ្តដែលល្អសមស្របបំផុតសម្រាប់កម្ពុជាដែលដំបូងគឺបន្សុំាការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់មន្រ្តីរាជការ ហើយមកដល់ពេលនេះគឺយើងចាប់ផ្តើមកាត់បន្ថយនីតិវិធីខាងក្រៅ កាត់បន្ថយការប្រើប្រាស់ក្រដាសស្នាម ដោយអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង តែម្តងដោយមិនមាននីតិវិធីខាងក្រៅនោះទេ ហើយការងារនេះ គឺចាប់ផ្តើមចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលដើរតួជាគំរូអនុវត្តជាមួយក្រសួងបរិស្ថាន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឯកភាពក្នុងការអនុវត្តនីតិវិធីថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជាដំណាក់កាល ដោយឆ្នាំ ២០២៣ អនុវត្តនៅក្រសួងចំនួន ៥, ឆ្នាំ ២០២៤ ក្រសួងចំនួន ១០, ឆ្នាំ ២០២៥ ក្រសួងចំនួន ១៥ និង នៅឆ្នាំ ២០២៦ អនុវត្តនៅក្រសួងដែលនៅសេសសល់ ។ ក្រៅពីនីតិវិធីអនុវត្តការងារថវិកាចរន្ត ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏កំពុងសិក្សាលើការដាក់ឱ្យអនុវត្តនីតិវិធីចំណូល, ថវិការជ្ជទេយ្យនិងបុរេប្រទាន និង នីតិវិធីកិច្ចលទ្ធកម្មតាមប្រព័ន្ធ FMIS ទាំងស្រុង ផងដែរ ។ លើសពីនេះ ប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការក្នុងប្រព័ន្ធ FMIS ក៏ត្រូវបានរៀបចំរួចរាល់ជំហានដំបូងនឹងប្រកាស់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខផងដែរ ។

ជាចុងក្រោយឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានស្នើសុំ និង ផ្តល់ការណែនាំដល់ធនាគារពិភពលោកក្នុងការបន្តជួយគាំទ្រដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS លើការកែសម្រួលនីតិវិធីថវិកាបុរេប្រទាន, ប្រសិទ្ធភាពចំណាយរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ការរៀបចំអភិវឌ្ឍមុនងារថ្មី គឺមុខងាររៀបចំទ្រព្យសម្បត្តិរដ្ឋ និង ការរៀបចំនិងចរចារថវិកាតាមប្រព័ន្ធ FMIS ទាំងស្រុង ៕