
1
Nov, 2017
ប្រកាសព័ត៌មាន លេខ ៤២ (ខែ កញ្ញា ឆ្នាំ ២០១៧)
សម្រាប់ខែកញ្ញានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរួមធ្វើបទបង្ហាញ ផ្សព្វផ្សាយអំពីសមិទ្ធផលគន្លឹះ និងផ្តល់បទពិសោធន៍ ជុំវិញប្រធានបទ “ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្នុងគោលបំណងដើម្បីធ្វើការផ្លាស់ប្តូរបទពិសោ- ធន៍ជាមួយបណ្តាប្រទេសផ្សេងៗដែលធ្លាប់បានអនុវត្តច្រើនឆ្នាំ លើការ- ងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ។
ក្រៅពីនេះលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងនៃក្រុមការងារ FMWG ដើម្បីដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនទាក់ទង ការត្រៀមលក្ខណៈក្នុងការដាក់ប្រព័ន្ធ FMIS ឱ្យអនុវត្តនៅតាមក្រសួង-ស្ថាប័នទាំង ១០ សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨ ខាងមុខនេះ ។ ក្នុងកិច្ចប្រជុំនេះផងដែរ ក្រុមការងារក៏បានធ្វើបទបង្ហាញអំពីលក្ខណៈថ្មីរបស់ប្រព័ន្ធដែលហៅថា ពហុអង្គភាពការងារ (Multiple Business Units) ដល់ក្រុមការងារទាំងអស់ឱ្យយល់ច្បាស់អំពីលក្ខណៈពិសេសមួយនេះ ដែលអាចធ្វើឱ្យប្រព័ន្ធ FMIS កាន់តែមានភាពងាយស្រួល និង មានសុវត្ថិភាពជាងមុន ។
ស្របពេលជាមួយគ្នានេះ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជការក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបានជោគជ័យប្រកបដោយប្រសិទ្ធិភាព ក្រុមកាងារផ្នែកកសាងសមត្ថភាព បានជួបប្រជុំជាមួយក្រុមការងារពាក់ព័ន្ធទាំងអស់ក្នុងការកំណត់នូវមាតិកាមេរៀន គ្រូបង្គោល និង កំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យមានភាពរលូន និង សម្រេចបានទៅតាមកាលវិភាគដែលបានកំណត់មានដូចរូបនៅខាងក្រោម ។
ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ៖ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបន្តធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ បណ្ដាញសង្គម និងបានផ្សព្វផ្សាយនូវ ផ្ទាំងព័ត៌មាន (Posters) នានា និង ផលិតជា វីដេអូដើម្បីផ្សព្វផ្សាយទៅដល់ភាគីពាក់ព័ន្ធ និង សាធារណជន ឱ្យបានយល់ដឹងពីសកម្មភាពនៃការអនុវត្ត និង វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ។
ផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ក្រុមការងារផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបានសិក្សា និងពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ក្នុងការធ្វើសន្ធានកម្មប្រព័ន្ធ FMIS ជាមួយធនាគារថ្មីមួយទៀតគឺ ធនាគារកម្ពុជាសាធារណៈ និង បានបន្ត ដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ នៅក្នុងកំឡុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ។
ផ្នែកមុខងារប្រព័ន្ធ៖ សម្រាប់ក្រុមការងារផ្នែកមុខងារប្រព័ន្ធវិញបានធ្វើការសម្អាតទិន្នន័យ និង ប្រតិបត្តិការដែលមិនប្រើប្រាស់នៅឆ្នាំ២០១៦ ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ហើយក្រុមការងារក៏បន្តសម្របសម្រួល និង ដោះស្រាយបញ្ហាផ្សេងៗជាច្រើន ជាពិសេសបញ្ហា និងសំណើដែលលើកឡើងនៅក្នុងប្រព័ន្ធ Helpdesk ក្នុងកំឡុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយអគ្គនាយកដ្ឋានគន្លឹះៗ និង រតនាគាររាជធានី-ខេត្តទាំង ២៥ ។
ក្រុមការងារកំពុងរៀបចំវគ្គបណ្តុះបណ្តាលពីការប្រើប្រាស់កុំព្យូទ័រ មុខងារប្រព័ន្ធ FMIS និងវគ្គបណ្តុះបណ្តាលមូលដ្ឋានផ្សេងៗទៀតដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ ដូចនេះ សូមអ្នកពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានទៀតទាត់ទាំងអស់គ្នា ៕
សូមទាញយក ប្រកាសព័ត៌មានលេខ ៤២ (ខែ កញ្ញា ឆ្នាំ ២០១៧)៖ https://fmis.mef.gov.kh/contents/uploads/2017/11/Bulletin-42_Final.pdf