+855 23 43 00 63

23

Aug, 2018

ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា សាទរនិងវាយតម្លៃខ្ពស់ដល់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនោះមានការពង្រឹងនិងពង្រីកការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះមាន ការកើនឡើងនៃកំណើនចំណូលចរន្ត តាមរយៈការពង្រឹងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤ -២០១៨ ការពង្រឹង និងពង្រីកការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ការពង្រឹង និងពង្រីកការដាក់ឱ្យអនុវត្តថវិកាកម្មវិធីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងតម្លាភាពថវិកាត្រូវបានបង្កើនជាលំដាប់ជាដើម ។ ការលើកឡើងបែបនេះរបស់ឯកឧត្តម George Edgar ធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាសដែលឯកឧត្តមត្រូវបានអនុញ្ញាតឱ្យជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព វិបុលភាព និងបរិយាប័ន្ន មានន័យថា រាជរដ្ឋាភិបាលនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារអាទិភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះរួមមាន៖

១. រៀបចំយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៩-២០២៣ ។

២. អនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ។

៣. ពង្រឹង និងពង្រីកការអនុវត្តប្រព័ន្ធ FMIS ស្របតាមផែនការយុទ្ធសាស្រ្តដំណាក់កាលទី២ ។

៤. ការពង្រឹង ការអនុវត្តថវិកាកម្មវិធី ។

៥. រៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF) និងក្របខ័ណ្ឌថវិការយៈពេលមធ្យម (MTBF) ។

៦. រៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិឆ្នាំ២០១៨-២០២៥ ។

៧. រៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ។

៨. រៀបចំក្របខ័ណ្ឌវិនិយោគសាធារណៈ ។

៩. ការពង្រឹងការកសាងសមត្ថភាព មន្ត្រីរាជការក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន១០ កាលពីដើមឆ្នាំ២០១៨ កន្លងទៅ ឯកឧត្តមឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាធ្លាប់មានប្រសាសន៍ថា ប្រព័ន្ធ FMIS គឺជាឱកាសមួយ ដែលប្រសើរបំផុតក្នុងការរៀបចំពង្រឹងនីតិវិធីអនុវត្តការងារ និងកាត់បន្ថយការិយាធិបតេយ្យមិនចាំបាច់មួយចំនួនចេញ ដែលក្រសួង-ស្ថាប័នគួរតែជាអ្នកចូលរួមឱ្យបានច្រើនក្នុងការងារនេះ ដើម្បីធ្វើយ៉ាងណាឱ្យមានការកាត់បន្ថយជំហាននៃនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ ក្នុងគោលដៅបង្កើតឱ្យមានប្រព័ន្ធរដ្ឋបាលទំនើប និងជឿនលឿនមួយសម្រាប់ប្រទេសកម្ពុជា ។