
1
Dec, 2021
សហភាពអ៊ឺរ៉ុបបង្ហាញពីការគាំទ្រដល់ការអនុវត្តគម្រោង FMIS ដោយមានកិច្ចព្រមព្រៀងថ្មីនៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ ២០២២-២០២៥
ក្នុងគោលបំណងពិភាក្សាពីការរៀបចំក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កិច្ចព្រមព្រៀងថ្មីសម្រាប់ការអនុវត្តគម្រោង FMIS ជាមួយសហគមន៍អ៊ឺរ៉ុប កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបប្រជុំជាមួយសហភាពអ៊ឺរ៉ុប (EU) ដឹកនាំដោយលោក Davide Berton ប្រធានគ្រប់គ្រងកម្មវិធី និង គាំទ្រការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ថវិកា នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និង លោក Sebastien Dubost ជំនាញការបច្ចេកទេសនៃសហភាពអឺរ៉ុប ព្រមទាំងមានការចូលរួមពីតំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង តំណាងមកពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
តំណាងសហភាពអ៊ឺរ៉ុប បានលើកឡើង និង បង្ហាញពីការគាំទ្រការអនុវត្តគម្រោង FMIS ដែលមិនអាចខ្វះបានសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កិច្ចព្រមព្រៀងថ្មីរវាងរដ្ឋាភិបាលកម្ពុជា និង សហភាពអ៊ឺរ៉ុបសម្រាប់ឆ្នាំ ២០២២-២០២៥ គឺមានសូចនាករចំនួន ៤ សំខាន់ៗ ក្នុងចំណោមសូចនាករទាំង ៤ ក្នុងនោះមានការអនុវត្តគម្រោង FMIS ផងដែរ ដែលពាក់ព័ន្ធនឹង (១) ការពង្រឹងការអនុវត្តមុខងារក្នុងប្រព័ន្ធ FMIS (២) វិសាលភាព និង ប្រសិទ្ធភាពក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS និង (៣) ការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុង ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម មន្ត ប្រាថ្នា បានថ្លែងអំណរគុណដល់សហភាពអ៊ីរ៉ុបដែលបន្តគាំទ្រការអនុវត្តគម្រោង FMIS សម្រាប់កិច្ចសហប្រតិបត្តិការថ្មី ដែលប្រព័ន្ធ FMIS គឺជាប្រព័ន្ធវិម្ឈការសម្រាប់គ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីបង្កើនគណនេយ្យភាព តម្លាភាព មានគុណភាព ប្រសិទ្ធភាព អភិបាលកិច្ចល្អ និង នីតិរដ្ឋ ដល់ការអនុវត្តថវិកា និង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។
ជារួម ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានឆ្លើយតបលើតម្រូវការព័ត៌មានពីខាងសហគមន៍អ៊ឺរ៉ុប ហើយជាជំហានបន្ទាប់ សហភាពអ៊ឺរ៉ុប មានគម្រោងជួបពិភាក្សាជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS នាពេលថ្ងៃខាងមុខដ៏ខ្លីដើម្បីពិភាក្សាបន្ថែម ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវរៀបចំលម្អិតសម្រាប់តម្រូវការរបស់សហគមន៍អ៊ឺរ៉ុប ៕