+855 23 43 00 63

14

Jun, 2023

កិច្ចពិភាក្សាក្នុងការវាយតម្លៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២១ កន្លងមក ។ ក្នុងន័យ ពិនិត្យមើលពីប្រសិទ្ធភាព និង ស័ក្តិភាពក្នុងការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុងរបស់ក្រសួងទាំង២ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំ ស្តីពី “កិច្ចពិភាក្សាក្នុងការវាយតម្លៃការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង” ដែលមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធរួមមាន តំណាងអគ្គាធិការដ្ឋាន, តំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានរៀបចំនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម មន្ត ប្រាថ្នា បានមានមតិស្វាគមន៍ និង បង្ហាញអំពីគោលបំណងនៃកិច្ចពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យមានការជួយសម្របសម្រួល ត្រួតពិនិត្យ និង ជំរុញដល់ការអនុវត្តនីតិវីធីចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ប្រកបដោយភាពរលូន និង មានប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានស្នើសុំដល់ តំណាងអគ្គាធិការដ្ឋាន និង តំណាងសវនកម្មផ្ទៃក្នុង ចូលរួមសហការក្នុងការត្រួតពិនិត្យមើលលើការអនុវត្តការងាររបស់អ្នកប្រើប្រាស់លើនីតិវិធីថ្មីនេះ ឱ្យស្របតាមសេចក្តីណែនាំដែលបានដាក់ចេញ និង ត្រូវប្រាកដថាគ្រប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិរបស់ក្រសួងទាំង ២ បានចូលរួមអនុវត្តបានត្រឹមត្រូវ និង មិនមានដំណើរការឯកសារក្រដាសស្នាមនៅក្រៅប្រព័ន្ធទៀតនោះទេ ។ ជាពិសេស ការត្រួតពិនិត្យមើលបន្ថែមទៅលើថេរវេលានៃដំណើរការអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធទាំងស្រុង,ទម្រង់នៃការស្គែននិងទំហំឯកសារចាំបាច់នៅក្នុងប្រព័ន្ធ, ការជួបប្រទះបញ្ហាប្រឈមនានា, តម្រូវការវគ្គបណ្តុះបណ្តាល និង ធនធានមនុស្ស ជាដើម ដែលត្រូវការចូលរួមចំណែក ពីសវនករ ក្នុងការជួយសហការ ត្រួតពិនិត្យ និង តាមដាន ។
ជាលទ្ធផលតំណាងអគ្គាធិការដ្ឋាន និង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គ្រោងនឹងធ្វើការចុះជួបមន្ត្រីអនុវត្តថវិកា និង ត្រួតពិនិត្យដល់ការងារអនុវត្តការងារនេះ ជាមួយអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងទាំង ២ នៅដើមខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ។