+855 23 43 00 63

2

May, 2022

ជំនាញការ IMF ៖ ប្រព័ន្ធ FMIS គឺជាកតាលីករដ៏សំខាន់បំផុតក្នុងការជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈឱ្យបានទៅដល់គោលដៅ និង ការពង្រឹងការអនុវត្តច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅតែប្រកាន់គោលជំហរក្នុងការគាំទ្រគម្រោង FMIS បន្តទៀតជាមួយរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដោយសារប្រព័ន្ធ FMIS គឺជាកតាលីករមួយដ៏សំខាន់បំផុតក្នុងការជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈឱ្យបានទៅដល់គោលដៅ និង ការពង្រឹងការអនុវត្តច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនៅកម្ពុជា ។ នេះជាប្រសាសន៍របស់លោកស្រី Delphine Moretti ទីប្រឹក្សាផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងជំនួបមួយជាមួយឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២២ ។
ជំនួបនេះមានគោលបំណងក្នុងការបញ្ជាក់អំពីពេលវេលាដ៏សមស្របក្នុងការបន្តកិច្ចសហការផ្ដល់ជំនួយបច្ចេកទេសលើការវាយតម្លៃជាប្រចាំពីអ្នកជំនាញរបស់មូលនិធិរូបិយវត្ថុអន្តរជាតិលើការអនុវត្តគម្រោង FMIS ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលគ្រោងស្នើធ្វើឡើងជាថ្មីសម្រាប់ឆ្នាំ ២០២២ នេះ នៅក្នុងកំឡុងខែ វិច្ឆិកា ឆ្នាំ ២០២២ អាស្រ័យលើការសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំកំពូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កាលបរិច្ឆេទនេះគឺជាពេលវេលាដ៏សមស្របបំផុត ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញក្រោមឱវាទបានអនុវត្តនីតិវិធីអនុវត្តការងារគ្រប់មុខសញ្ញាទាំងស្រុងតាមប្រព័ន្ធ FMIS ដោយគ្មាននីតិវិធីខាងក្រៅមានចំនួន ១ ត្រីមាស និង ការអនុវត្តមុខងាររបស់ប្រព័ន្ធថ្មីចំនួន ២ គឺមុខងាររៀបចំផែនការថវិកានៅការដ្ឋានចំនួន ១១ ក្រសួង-ស្ថាប័នថ្មី និង មុខងារលទ្ធកម្មពេញលេញនៅគ្រប់ក្រសួង-ស្ថាប័នបានជិត ២ ត្រីមាស និង ជាពេលវេលាដែលក្រសួង-ស្ថាប័ន និង អង្គភាពក្រោមឱវាទផុតពេលប្រញឹកខ្លាំងក្នុងការរៀបចំផែនការថវិកាសម្រាប់ឆ្នាំ ២០២៣។
បន្ទាប់ពីបានស្ដាប់អំពីការផ្ដល់ព័ត៌មានស្ដីពីវឌ្ឍនភាព, បញ្ហាប្រឈម, ទិសដៅ និង ការផ្លាស់ប្ដូរយោបល់អំពីការអនុវត្តគម្រោង FMIS ពីឯកឧត្តម មន្ត ប្រាថ្នា រួចមក លោកស្រី Delphine Moretti បានបញ្ជាក់ថា ការអនុវត្តនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS មានចំនួន ៣ ដំណាក់កាល ឬ វិធីសាស្ត្រ គឺ ១-ការធ្វើកុំព្យូទ័រភាវូបនីយកម្មនីតិវិធីអនុវត្តការងារទាំងស្រុងទៅក្នុងប្រព័ន្ធ (Computerize all processes), ២-ការកែសម្រួល និង តម្រង់ទិសនីតិវិធីអនុវត្តការងារ (All processes streamlining) និង ៣-ការធ្វើវិស្វកម្មឡើងវិញលើនីតិវិធីអនុវត្តការងារ (Processes reengineering) ដែលកម្ពុជាគួរជ្រើសរើសយកដំណាក់កាល ឬ វិធីសាស្ត្រណាមួយមកអនុវត្តក៏បាន សំខាន់គឺមិនត្រូវមានការអនុវត្តនីតិវិធីខាងក្រៅប្រព័ន្ធ FMIS បន្តទៅទៀត ។ ឯកឧត្តម មន្ត ប្រាថ្នា បានបញ្ជាក់ថា កម្ពុជាបានជ្រើសរើសយកនូវវិធីសាស្ត្រទាំង ៣ មកបូកបញ្ចូលគ្នាអនុវត្តតែម្ដង ពោលគឺព្យាយាមកាត់បន្ថយនូវការអនុវត្តនីតិវិធីដោយដៃ ដែលពុំមានតម្លៃបន្ថែមជាអតិបរមាដើម្បីដាក់អនុវត្តក្នុងប្រព័ន្ធ ហើយបច្ចុប្បន្ននេះបានឈានមកដល់ដំណាក់កាលកែសម្រួលនិងតម្រង់ទិសនីតិវិធីអនុវត្តការងារទាំងស្រុងមកអនុវត្តតែក្នុងប្រព័ន្ធ FMIS ហើយបន្ទាប់ពីបានអនុវត្តនូវនីតិវិធីពាក់ព័ន្ធនឹងការទូទាត់ប្រាក់បៀវត្ស ទូទាត់ត្រង់ និង ចំណាយមានគោលរបបច្បាស់លាស់ ហើយនៅក្នុងពេលខាងមុខ ក្រសួងនឹងពិចារណាធ្វើការ វិស្វកម្មឡើងវិញលើមុខសញ្ញាចំណាយមួយចំនួន ជាពិសេសគឺបុរេប្រទាន ដែលខាងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាយល់ថាមិនគួរបន្តឱ្យមាននូវចំណាយបុរេប្រទាននេះទៀត ជាពិសេសនៅពេលដែលគ្រប់មុខសញ្ញាចំណាយទាំងអស់ត្រូវបានអនុវត្ត តាមប្រព័ន្ធទាំងស្រុងហើយ ពុំគួរមានអ្វីជាឧបសគ្គក្នុងការរាំងស្ទះដល់ដំណើរការទូទាត់ថវិកាឱ្យបានលឿន និង ទាន់ពេលវេលាឡើយ ហើយមុខសញ្ញានេះក៏មិនមានកម្រិតហានិភ័យខ្ពស់អ្វីទៀតទេ ។ លោកស្រី Delphine Moretti បានបញ្ជាក់ថានឹងគាំទ្រការដោះស្រាយបញ្ហាចំណាយថវិកាជាតិតាមបុរេប្រទាននេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តថវិកា, ការបិទការិយបច្ឆេទថវិកានិងគណនេយ្យឱ្យបានទាន់ពេលវេលា និង ការពង្រឹងការរៀបចំរបាយការណ៍ថវិកានិងហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរឡើង ជាមួយនឹងការជំរុញបញ្ចប់ការរៀបចំរបាយការណ៍ IPSAS និង ការពិនិត្យលើលទ្ធភាពនៃការបង្កើនប្រសិទ្ធភាពនៃការព្យាករសាច់ប្រាក់របស់អគ្គនាយកដ្ឋានរតនាគារជាតិ ។