
17
Jul, 2019
ជំនាញការបារាំង ស្វែងយល់កាន់តែស៊ីជម្រៅអំពីការអនុវត្តគម្រោង FMIS នៅកម្ពុជា
កាលពីព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០១៩ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបជំនាញការបារាំង ដែលមានបេសកកម្មចុះជួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារ “វិភាគលើគម្លាតស្តីពីនីតិវិធីការអនុវត្តថវិកានិងការត្រួតពិនិត្យថវិកាតាមរយៈក្របខ័ណ្ឌច្បាប់ និងស្តង់ដារគណនេយ្យ” ក្នុងគោលបំណង ទទួលបានធាតុចូលបន្ថែមលើការអនុវត្តគម្រោង FMIS ដែលរួមមាន វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS រហូតមកដល់បច្ចុប្បន្ន និង ផែនការបន្តក្នុងការពង្រីកការអនុវត្តគម្រោង FMIS ដើម្បីលោកយកទៅរៀបចំផែនការការងារបេសកកម្មរបស់លោកបន្ត។
ក្នុងកិច្ចពិភាក្សានោះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើការរៀបរាប់សង្ខេបពីបច្ចុប្បន្នភាពក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង FMIS តាំងពីជំហានទី១ រហូតមកដល់បច្ចុប្បន្នកំពុងស្ថិតក្នុងជំហានទី២ ដែលនឹងពង្រីកការដាក់ប្រព័ន្ធ FMIS ដល់ក្រសួង-ស្ថាប័នទាំងអស់ ក្នុងឆ្នាំ២០២០ ខាងមុខ។ ទន្ទឹមនឹងនេះ នៅក្នុងឆ្នាំ២០២០ ក្រុមការងារក៏នឹងធ្វើការរៀបចំអភិវឌ្ឍមុខងារ ២ បន្ថែម គឺមុខងាររៀបចំផែនការថវិកា និងមុខងារកិច្ចលទ្ធកម្មសាធារណៈ និងដាក់អនុវត្តសាកល្បងនៅក្នុងឆ្នាំ ២០២១ ផងដែរ។
សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ដើម្បីអាចក្លាយជាអ្នកប្រើប្រាស់ផ្លូវការ ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលទាក់ទងនឹងថវិកា គណនេយ្យសាធារណៈ នីតិវិធីអនុវត្តការងារ ព្រមទាំងបច្ចេកទេសរបស់ប្រព័ន្ធ FMIS ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុត។
លោកជំនាញការ JEAN-LUC PAIN បានលើកឡើងថា ប្រព័ន្ធ FMIS គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ជួយគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕