+855 23 43 00 63

26

Oct, 2015

ការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃរតនាគារខេត្តចំនួន ១២ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់ពី ថ្ងៃទី ១៣ ខែ សីហា រហូតដល់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៥ ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​គម្រោង FMIS បាន​ចុះ​បំពេញបេសកកម្ម​ទៅកាន់​រតនាគារ​ខេត្ត​ចំនួន ១២ ដោយ​ចុះទៅ​កាន់​រតនាគារ​ខេត្ត​ចំនួន​ពីរ​ក្នុង​មួយ​សប្តាហ៍ ក្នុង​គោលបំណង ទី១. ផ្សព្វផ្សាយ​អំពី​វឌ្ឍនភាព​ដែល​ក្រុមការងារ​បាន​អនុវត្ត​កន្លងមក, លើក​ពី​កិច្ចការងារ​បន្ត​ដែល​ត្រូវអនុវត្ត, និង បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ ការប្រើប្រាស់​ប្រព័ន្ធ FMIS ដើម្បី​កៀរគរ​ការចូលរួម​អនុវត្ត​រឹតតែ​ខ្លាំង​ឡើង ទី២. ជ្រើសរើស​បណ្តាញ​ភ្នាក់ងារ​ផ្លាស់ប្តូរ​នៅតាម​រតនាគារ​រាជធានី-ខេត្ត សម្រាប់​ដើរតួ​រ​ជា​ភ្នាក់ងារ​ក្នុងការ​ផ្សព្វផ្សាយ និង​ជួយ​សម្របសម្រួល​ដល់​ការងារ​ចាំបាច់​ផ្សេងៗរបស់​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​នៅ​ថ្នាក់កណ្តាល ទី៣. ពិនិត្យ​ទីតាំង​ជាក់ស្តែង​ដែល​អាច​នឹង​ផ្លាស់ប្តូរ និង​ការតភ្ជាប់​បណ្តាញ​ពី​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ទី៤. ស្នើឱ្យ​ថ្នាក់ដឹកនាំ និង​មន្រ្តី​បំពេញ​កម្រង​ឯកសារ​ស្ទង់មតិ​អំពី​ការយល់ដឹង​អំពី​គម្រោង FMIS, ឆ្លើយ​សំណួរ​របស់​មន្រ្តី​រតនាគារ​ខេត្ត, និង​ស្រង់​នូវ​មតិ​ដែលជា​កង្វល់​ឬ​បញ្ហា​ប្រឈម និង​សំណូមពរ​ផ្សេងៗពាក់ព័ន្ធ​នឹង​ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ FMIS របស់​មន្រ្តី​រតនាគារ​ខេត្ត​ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ឱ្យទាន់ពេល​វេលា និង​ដាក់ជូន​ថ្នាក់ដឹកនាំ​ដោះស្រាយ​ប្រសិនបើ​ចាំបាច់។
ក្នុង​កិច្ច​ដំណើរ​បេសកកម្ម​ក្រុមការងារ​បាន​អនុវត្ត​ភារកិច្ច​នៅតាម​រតនាគារ​ខេត្ត​នីមួយៗដូចខាងក្រោម៖
១. បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង FMIS ដោយ បានបង្ហាញ​ពី​វឌ្ឍនភាព​រួម​នៃ​ការអនុវត្ត​គម្រោង​តាំងពី​ពេល​ចាប់ផ្តើម​រហូតដល់​ពេលបច្ចុប្បន្ន, អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអនុវត្ត​គម្រោង​ពាក់ព័ន្ធ​សកម្មភាព​គន្លឹះ, មុខងារ​ដែល​ត្រូវអនុវត្ត​នៅ​រតនាគារ​រាជធានី-ខេត្ត, និង​អត្ថប្រយោជន៍​ផ្សេងៗដែល​រតនាគារ​ខេត្ត​នឹង​ទទួលបាន​នៅពេល​មាន​ប្រព័ន្ធ FMIS។ ជាមួយគ្នា​ដែរ ក្រុមការងារ​បាន​ជំរុញលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្រ្តី​នៃ​រតនាគារ​ខេត្ត ឱ្យចូល​រួម​សួរ​សំណួរ​ទាំងឡាយ​ដែលមាន ទាំង​នៅក្នុងពេល​កំពុង​ធ្វើ​បទ​បង្ហាញ និង​នៅពេល​បញ្ចប់ ក្នុង​គោលបំណង​បង្កើន​នូវ​ភាពជិតស្និទ្ធ និង​ការឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក ដើម្បី​បកស្រាយ​ចម្ងល់​ផ្សេងៗ ឬ​ពន្យល់​បកស្រាយ​ភ្លាមៗជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្រ្តី​នៃ​រតនាគារ​ខេត្ត។ ក្រុមការងារ​ក៏បាន​ចែកជូន​នូវ​ឯកសារ​ផ្សេងៗ ដូចជា ឯកសារ​បទ​បង្ហាញ, ប្រកាស​ព័ត៌មាន, ព័ត៌មាន​បច្ចុប្បន្នភាព និង​ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ជាដើម។
២. ថ្នាក់ដឹកនាំ និង​មន្រ្តី​រតនាគារ​ខេត្ត ត្រូវបាន​ស្នើសុំ​ឱ្យបំពេញ​កម្រង​ឯកសារ​ស្ទង់មតិ​ស្តីអំពី ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ការផ្លាស់ប្តូរ (Change Readiness Survey) ដោយ​ប្រើប្រាស់​រយៈពេល​ពី ១៥ ទៅ ២០ នាទី ដើម្បី​ស្ទាបស្ទង់​ពី​ការយល់ដឹង និង បញ្ហា​ប្រឈម ឬ​កង្វល់​ផ្សេងៗអំពី​ការអនុវត្ត​ប្រព័ន្ធ FMIS ដែលជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​ធ្វើការវិភាគ និង បន្ត​កែលម្អ​លើ​យុទ្ធសាស្រ្ត​និង​សកម្មភាព​គ្រប់គ្រង​ការផ្លាស់ប្តូរ ជាពិសេស​ផែនការ​ទំនាក់ទំនង​ផ្សព្វផ្សាយ (Communication Plan)។
៣. ក្រុមការងារ​បានលើកឡើង​អំពី​តម្រូវការ​ជ្រើសរើស​ភ្នាក់ងារ​ផ្លាស់ប្តូរ (Change Agent) មួយរូប​ពី​រតនាគារ​ខេត្ត​នីមួយៗ ដោយបាន​បង្ហាញ​អំពី​លក្ខខណ្ឌ​ជ្រើសរើស និង តួនាទី​របស់​ភ្នាក់ងារ​ផ្លាស់ប្តូរ​ជូន​ថ្នាក់ដឹកនាំ​រតនាគារ​ខេត្ត ដើម្បី​ស្នើសុំ​ជ្រើសរើស​មន្រ្តី​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ និង​មានលទ្ធភាព​បំពេញ​តួនាទី​ដូចដែល​បានបង្ហាញ។
៤. មន្រ្តី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ផ្នែក​ហេដ្ឋា​រចនា-សម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ក៏បាន​ធ្វើការ​សិក្សា​អំពី​ទីតាំង និង​ការតភ្ជាប់​បណ្តាញ ដែល​ហៅថា Dedicated Line ពី​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ប្រព័ន្ធ FMIS នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន EZECOM ដោយបាន​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​គុណភាព Bandwidth និង​បច្ចេកទេស​នៃ​ការតភ្ជាប់​ខ្សែ Dedicated Line​ចូលទៅក្នុង​ទីតាំង​រតនាគារ​ខេត្ត​នីមួយៗ។

បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​នេះ ក្រុមការងារ​បានទទួល​លទ្ធផល​យ៉ាង​ផ្លែផ្កា​ដូច​ការរំពឹងទុក។ ថ្នាក់ដឹកនាំ និង​មន្រ្តី​បាន​យល់​កាន់តែច្បាស់​អំពី​ការអនុវត្ត​គម្រោង FMIS ជាពិសេស​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់, ផលប្រយោជន៍​ដែល​រំពឹងទុក, មុខងារ​ដែល​រតនាគារ​ខេត្ត​នឹង​ប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ FMIS, ពេលវេលា​សម្រាប់​ទទួលការ​បណ្តុះបណ្តាល​លើ​ការប្រើប្រាស់​ប្រព័ន្ធ និង​ដំណាក់កាល​នីមួយៗនៃ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ​នៅ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ និង​រតនាគារ​រាជធានី-ខេត្ត នាពេល​ឆាប់ៗខាងមុខ។ ជា​លទ្ធ​ផល់ ថ្នាក់ដឹកនាំ​នឹង​មន្រ្តី​ទាំងអស់ មាន​ចំណាប់អារម្មណ៍​លើ​ការប្រើប្រាស់​ប្រព័ន្ធ FMIS កាន់តែខ្លាំង​ឡើង ដោយសារ​ប្រព័ន្ធ​នេះ នឹង​ជួយ​សម្រួល​ដល់​ការលំបាក​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​ដែល​កំពុង​ជួបប្រទះ។
កម្រង​ឯកសារ​ស្ទង់មតិ ត្រូវបាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្រ្តី​រតនាគារ​ខេត្ត​នីមួយៗបំពេញ និង​បាន​ប្រមូល​ភ្លាមៗ ហើយ​ក្រុមការងារ​បាន​វិភា​គជា​បណ្តើរៗ ដោយបាន​បង្ហាញ​លទ្ធផល​នៃ​ការវិភាគ​នៅលើ​ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS​លេខ ០០៦។ តាមរយៈ​ឯកសារ​ស្ទង់មតិ​នេះ ក្រុមការងារ​រួមជាមួយ​ជំនាញការ​ផ្នែក​គ្រប់គ្រង​ការផ្លាស់ប្តូរ​របស់ ធនាគារពិភពលោក បានដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​រួម​សម្រាប់​ដំណាក់កាល​បន្តបន្ទាប់​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ និង​ផែនការ​សកម្មភាព​ដោយឡែក​សម្រាប់​អនុវត្ត​ការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ​ដំណាក់កាល​ទី ២ (FMIS Go-Live 2) នៃ​ជំហាន​ទី១ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅក្នុង​ខែ តុលា ឆ្នាំ ២០១៥ នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ធានា​ឱ្យបាន​នូវ​ភាពជោគជ័យ, ប្រសិទ្ធភាព, និង ប្រកបដោយ​ភាពរលូន។
ក្រុមការងារ​បានទទួល​មន្រ្តី​ជា​ភ្នាក់ងារ​ផ្លាស់ប្តូរ​ចំនួន ១២ រូប ដែល​បាន​ចាត់តាំង​ដោយ​ថ្នាក់ដឹកនាំ​រតនាគារ​ខេត្ត​ទាំង ១២ ដូច​ការគ្រោងទុក។ ក្រុមការងារ​នឹង​បន្ត​ជ្រើសរើស​មន្រ្តី​ជា​ភ្នាក់ងារ​ផ្លាស់ប្តូរ​នៅតាម​រតនាគារ​រាជធានី-ខេត្ត ដែល​នៅ​សេសសល់​នៅ​ដំណាក់កាល​បន្ទាប់។ ចំណែក​ការតភ្ជាប់​បណ្តាញ​គឺ​ត្រូវបាន​ត្រួតពិនិត្យ និង​ធ្វើការ​សាកល្បង​រួចរាល់​ផងដែរ។
ជារួម ចំពោះ​បញ្ហា​ប្រឈម ឬ​កង្វល់ និង​សំណូមពរ​ភាគច្រើន​របស់​រតនាគារ​ខេត្ត​គឺ អាច​ដោះស្រាយបាន ដោយសារ​ក្រុមការងារ​ក៏បាន​គិតគូរ និង ពិភាក្សា​អំពី​បញ្ហា និង​កង្វល់​ទាំងអស់នេះ ជាពិសេស​ទាក់ទង​នឹង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នានា ដែល​កន្លងមក​ក្រុមការងារ​បាន​ខិតខំ​ពង្រឹងសមត្ថភាព​មន្រ្តី​របស់ខ្លួន​ដែល​នឹង​ក្លាយជា​គ្រូបង្គោល និង បន្ត​កែលម្អ​ផែនការ​ធ្វើយ៉ាងណា​បណ្តុះបណ្តាល​មន្រ្តី​រហូត​ទាល់តែ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​ការងារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ FMIS។ ចំណែក​កង្វល់ ឬ​បញ្ហា និង​សំណូមពរ​មួយចំនួនទៀត​អាច​នឹងត្រូវ​ដោះស្រាយបាន​នៅពេលដែល​ប្រើប្រាស់​ប្រព័ន្ធ FMIS។ យ៉ាងណាមិញ ក្រុមការងារ​នៅមាន​បញ្ហា​ប្រឈម​មួយ​ធំ​ទាក់ទង​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​ដែល​រតនាគារ​ខេត្ត​ភាគច្រើន​បាន​ជួបប្រទះ ហើយ​បញ្ហា​នេះ​ធ្វើឱ្យ​ក្រុមការងារ​ក៏ដូចជា​មន្រ្តី​រតនាគារ​ខេត្ត​មានការ​ព្រួយបារម្ភ ពីព្រោះ​បញ្ហា​រអាក់រអួល និង​ដាច់​ចរន្តអគ្គិសនី គឺជា​ទឡ្ហីករ​ដ៏​ចម្បង ដែល​អាចធ្វើឱ្យ​ដំណើរការ​របស់​ប្រព័ន្ធ FMIS មាន​ភាពរអាក់រអួល និង​បណ្តាលឱ្យ​ឧបករណ៍​បច្ចេកវិទ្យា​ទាំងឡាយ​ដែល​ត្រូវ​ដំឡើង​សម្រាប់​ប្រព័ន្ធ FMIS នឹង​ងាយ​ខូចខាត។ ហេតុនេះ ចំពោះ​បញ្ហា​ប្រឈម​មួយ​នេះ ក្រុមការងារ​នឹងដាក់​ជាអាទិភាព​ដើម្បី​ដោះស្រាយ​ជាចាំបាច់ ដោយសារ​នៅក្នុង​ផែនការ​ថវិកា​ឆ្នាំ ២០១៥ របស់​គម្រោង FMIS ពុំមាន​ថវិកា​សម្រាប់​ទិញ​ម៉ាស៊ីនភ្លើង, ម៉ាស៊ីនត្រជាក់, និង ឧបករណ៍​ជំនួយ​ស្ថិរភាព​ចរន្តអគ្គិសនី​សម្រាប់​រតនាគារ​ខេត្ត​នោះឡើយ ។ ក្នុងករណី​ដែល​ក្រុមការងារ​ពុំអាច​ដោះស្រាយបាន ក្រុមការងារ​នឹងដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​ជា​អនុ​សា​ន៍ ឬ​ដំណោះស្រាយ។