9
Jun, 2014
បានបញ្ចប់ឯកសារផែនការគ្រប់គ្រងគម្រោង FMIS
ដើម្បីឱ្យការគ្រប់គ្រងគម្រោង FMIS ប្រកបដោយភាពស័ក្កិសិទ្ធិ និងការអនុវត្តប្រកបដោយជោគជ័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយនឹងក្រុមហ៊ុន FIS-LG CNS បានសហការគ្នារៀបចំបង្កើតនូវឯកសារផែនការគ្រប់គ្រងគម្រោង FMIS នេះឡើង។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ឯកសារផែនការគ្រប់គ្រងគម្រោងនេះត្រូវបានបញ្ចប់ ហើយបានដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះហត្ថលេខាយល់ស្រប បន្ទាប់ពីបានឆ្លងកាត់ការប្រជុំពិភាក្សារវាងភាគីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក រួមជាមួយនឹងក្រុមហ៊ុន FIS-LG CNS ។
ផែនការសម្រាប់ការគ្រប់គ្រងគម្រោង FMIS រួមមានអនុផែនការចំនួន ១០ ដែលមានបង្ហាញដូចខាងក្រោម៖
- ផែនការគ្រប់គ្រងគម្រោង FMIS៖ គ្របដណ្តប់លើទិដ្ឋភាពទូទៅនៃផែនការជាក់លាក់សម្រាប់គម្រោង
- ផែនការតាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោង FMIS៖ ផែនការនេះធ្វើឡើងដើម្បី
- ត្រួតពិនិត្យ និងគ្រប់គ្រងលើកាលវិភាគនៃការអនុវត្តគម្រោង (Schedule) និងផែនការរៀបចំចាត់ចែងបុគ្គលិកសម្រាប់គម្រោង FMIS
- ដាក់ចេញនូវវិធីសាស្រ្តសម្រាប់ការគ្រប់គ្រងលើតម្រូវការផ្សេងៗ ការគ្រប់គ្រងឯកសារ ភាពស័ក្កិសិទ្ធិនៃក្រុមការងារ វិធីសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ និងមធ្យោបាយទំនាក់ទំនងផ្សព្វផ្សាយ នៅគ្រប់កម្រិត និង ដំណាក់កាល
- រៀបចំការងារគម្រោងប្រកបដោយភាពស័ក្កិសិទ្ធិ។
- ផែនការអនុវត្តគម្រោង FMIS (MPP)៖ ផ្តល់នូវផែនការលម្អិត ដែលមានកាលបរិច្ឆេទសម្រាប់ការអនុវត្តគម្រោង FMISទាំងមូលចាប់ពីដំណាក់កាលចាប់ផ្តើម រហូតដល់ដំណាក់កាលបញ្ចប់គម្រោង ។
- ផែនការធនធានមនុស្សសម្រាប់គម្រោង FMIS៖ បង្កើតនូវគោលការណ៍ធនធានមនុស្សទូទៅសម្រាប់ការគ្រប់គ្រងបុគ្គលិកគម្រោងទាំងអស់។
- ផែនការបញ្ចប់គម្រោង FMIS៖ ផ្តល់នូវក្របខណ្ឌចំពោះសកម្មភាពពាក់ព័ន្ធទាំងឡាយ ដែលនឹងត្រូវគ្រប់គ្រងនៅពេលចុងបញ្ចប់នៃគម្រោង ដោយកំណត់ពេលវេលាបញ្ចប់គម្រោង និងការពណ៌នាលើសកម្មភាពសំខាន់ៗទាំងឡាយដែលគួរតែត្រូវបានបំពេញរួចរាល់។ ផែនការនេះនឹងត្រូវអនុវត្តនៅចំណុចចុងក្រោយនៃការអនុវត្តគម្រោង ដែលពេលនោះការទទួល យកប្រព័ន្ធសម្រេច ត្រូវបានចប់សព្វគ្រប់ និងឈានទៅដល់ការចុះហត្ថលេខាទទួលយក។
- ផែនការបណ្តុះបណ្តាលឧបសម្ព័ន្ធទី I នៃគម្រោង FMIS ៖ មានផ្តល់ព័ត៌មានលម្អិតអំពីវគ្គបណ្តុះបណ្តាល
សម្រាប់គ្រប់វគ្គបណ្តុះបណ្តាលទាំងអស់ដែលបានធ្វើឡើងក្នុងកំឡុងដំណាក់កាលនីមួយៗនៃកាលវិភាគរបស់គម្រោង។ ឯកសារនេះកំណត់បង្ហាញពី “នរណាត្រូវបណ្តុះបណ្តាល (Who) បណ្តុះបណ្តាលពីអ្វីខ្លះ (What) នៅពេលណា (When) និងនៅកន្លែងណា (Where) ដោយ មានលក្ខណៈលម្អិត ដើម្បីឱ្យការបណ្តុះបណ្តាលប្រកបដោយភាពស័ក្កិសិទ្ធិ។ - ផែនការគ្រប់គ្រងគុណភាពឧបសម្ព័នទី II នៃគម្រោង FMIS៖ បង្កើតនូវផែនការគុណភាពសរុប (Total Quality) ក្នុងគោលបំណងដើម្បីស្ថាបនា ពិនិត្យតាមដាន និងធានាដល់គុណភាពដែលជាវត្ថុបំណងរបស់សមិទ្ធផលការងារគម្រោង ក៏ដូចជាដំណើរការប្រគល់ ទទួលគម្រោងផងដែរ។ ដំណើរការនៃការប្រគល់ ទទួលនេះមានរៀបរាប់អំពីគុណភាព ស្តង់ដា និងនីតិវិធីផ្សេងៗ ដែលនឹងត្រូវប្រើប្រាស់ក្នុងអំឡុងពេលអនុវត្តគម្រោង ព្រមទាំងជួយសម្របសម្រួលជាមួយនឹងអ្នកពាក់ពន្ធ័ផ្សេងៗដែលចូលរួមនៅក្នុងការវាយតម្លៃលើការទទួលយកប្រព័ន្ធ ដែលស្របទៅតាមតម្រូវការ។
- នីតិវិធីយល់ស្របលើការប្រគល់ ទទួលប្រព័ន្ធ FMIS៖
- ដើម្បីធានាថាដំណើរការ និងកាលវិភាគសម្រាប់ការពិនិត្យឡើងវិញ និងការយល់ស្របលើការប្រគល់ ទទួលប្រព័ន្ធ ត្រូវបានសម្រេចដោយជោគជ័យ
- រៀបចំជាឯកសារ និងដោះស្រាយជាផ្លូវការ នូវរាល់អ្វីដែលមិនឯកភាព រាល់ហេតុផលដែលមិនឯកភាព និងការកែតម្រូវ ដែលបានស្នើ ព្រមទាំងលើកឡើងពីបញ្ហាផ្សេងៗប្រសិនបើចាំបាច់
- ផ្តល់ការពណ៌នាអំពីដំណាក់កាល និងទំនួលខុសត្រូវរបស់សមាជិកក្រុមការងារ ដែលពាក់ព័ន្ធនឹងការយល់ស្របលើការប្រគល់ ទទួលនៃគម្រោង។
- យុទ្ធសាស្រ្តនៃការសាកល្បងប្រើប្រាស់ប្រព័ន្ធ FMIS៖ កំណត់យកវិធីសាស្រ្តសាកល្បងប្រើប្រាស់ប្រព័ន្ធរបស់គម្រោង ដែលរួមមាន ផែនការក្នុងការសាកល្បង ប្រភេទនៃការសាកល្បង ការសរសេរកូដសម្រាប់សាកល្បង និងដំណើរការសាកល្បង។