+855 23 43 00 63

11

Jul, 2015

កិច្ចប្រជុំ​ស្តីពី “ដំណាក់កាល និង សកម្មភាព​នៃ​ការ​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សារ​ធា​រណៈ (FMIS)”

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គម្រោង (FMIS) បានរៀបចំ​កិច្ចប្រជុំ​ស្តីពី “ដំណាក់កាល និង សកម្មភាព​នៃ​ការដាក់ឱ្យ​អនុវត្ត ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សារ​ធា​រណៈ (FMIS)” ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប  រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS កាលពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥ វេលា​ម៉ោង ៩:០០នាទី​ព្រឹក នៅ​សាលប្រជុំ​អាគារ “ឃ” ជាន់ផ្ទាល់ដី​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​គន្លឹះ, អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​ដទៃទៀត​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ, ក្រុមការងារ FMWG, និង​មន្រ្តី​ដែល​ពាក់ព័ន្ធ​ទាំងឡាយ។

កិច្ចប្រជុំ​នេះ មាន​គោលបំណង​ជាសំខាន់​ដើម្បី​បង្ហាញជូន​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ទាំងអស់ និង​មន្រ្តី​ពាក់ព័ន្ធ ឱ្យឃើញ និង​យល់​កាន់តែច្បាស់​អំពី​ការអនុវត្ត​ប្រព័ន្ធ FMIS ដែល​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដំណាក់កាល​ទី១ ( Go-live 1) នៅ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥ ដែលមាន ២មុខងារ (មុខងារ​សៀវភៅធំ និង​មុខងារ​វិភាជន៍​ថវិកា), ដំណាក់កាល​ទី២ ដែល​នឹងត្រូវ​អនុវត្ត​គ្រប់មុខ​ងារ​ទាំងអស់​សម្រាប់​ថ្នាក់ជាតិ​នៅ ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥, និង ដំណាក់កាល​ទី៣ ដែល​អនុវត្ត​បន្ត​តាមលំដាប់លំដោយ​ទៅដល់​រតនាគារ​រាជធានី-ខេត្ត​សម្រាប់​ថ្នាក់ក្រោម​ជាតិ នៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។ ការធ្វើ​បទ​បង្ហាញ​របស់​ក្រុមការងារ​គម្រោង FMIS បាន​ផ្តោតទៅលើ​ចំណុច​សំខាន់ៗដូចខាងក្រោម៖

  • វឌ្ឍនភាព​គម្រោង FMIS និង ទិដ្ឋភាពទូទៅ​របស់ FMIS ដំណាក់កាល​ទី ១ (FMIS Go-Live ១)៖ បានបង្ហាញ​អំពី​វឌ្ឍ​ភាពជា​សារ​វ័ន្ត​នៃ​ការអនុវត្ត​គម្រោង FMIS ដែលមាន​ប្រាំ​ដំណាក់កាល ដោយបាន​ឆ្លងផុត​ដំណាក់កាល​ធំៗចំនួន​ពីរ និង​កំពុង​បញ្ចប់​ដំណាក់កាល​ទី៣ (ស្ថាបនា​ប្រព័ន្ធ) ព្រមទាំង ឆ្លង​ចូល​អនុវត្ត​ដំណាក់កាល​ទី ៤ (អន្តរកាល) និង​ទី៥ (ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ជា​ផ្លូវការ)។ នាពេលនេះ​ក្រុមការងារ​គម្រោង​បាន​កំពុង​ត្រៀមលក្ខណៈ​ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ​ដំណាក់កាល​ទី ១ ដែល​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥ ដោយមាន២ មុខងារ។
  • មុខងារ​របស់​តួអង្គ​ពាក់ព័ន្ធ៖ តួអង្គ​ពាក់ព័ន្ធ​រួមមាន​អគ្គនាយកដ្ឋាន​ថវិកា, អគ្គនាយកដ្ឋាន​រតនាគារជាតិ និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា ដែល​នឹងត្រូវ​ចូលទៅ​អនុវត្តតាម​តួនាទី​ដែល​បាន​បែងចែក​រួចរាល់ ចំពោះមុខ​ងារ​ទាំង២។
  • ការត្រៀម​លក្ខណៈ​របស់​តួអង្គ​ពាក់ព័ន្ធ៖ ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ជា​ផ្លូវការ​ដំណាក់កាល​ទី១ នេះ តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ នឹងត្រូវ​ទទួលការ​បណ្ដុះបណ្ដាល​ឱ្យ​ចេះ​ប្រាកដ​ទៅលើ​តួនាទី​ថ្មី​សម្រាប់​ការងារ FMIS និង​អនុវត្តតាម​ភារកិច្ច​រៀងៗខ្លួន ដូចជា​ការជួយ​សម្របសម្រួល​ក្នុងការ​ប្រមូល​ទិន្នន័យ និង​ការ​សម្អាត​ទិន្នន័យ​ឥណទាន​ថវិកា​រ​ចុងក្រោយ និង​សមតុល្យ​គណនេយ្យ​ជាដើម ក្នុង​គោលបំណង​ធានា​ឱ្យបាន​នូវ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ប្រកបដោយ​ភាពរលូន។
  • ដំណាក់កាល​បន្ត​របស់ FMIS៖ ផ្អែក​តាម​ផែនការ​ដែល​បានគ្រោង​ទុក ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS ដំណាក់កាល​ទី ២ និង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២១ តុលា ២០១៥ ដោយ​នឹង​ចាប់​អនុវត្តគ្រប់មុខងារ (មុខងារវិភាជន៍ថវិកា (BA), មុខងារការទិញ (PO), មុខងារត្រូវសង (AP), មុខងារត្រូេវទារ (AR), មុខងារគ្រប់គ្រងសាច់ប្រាក់ (CM), មុខងារសៀវភៅធំ (GL)) ហើយ​ដាក់ឱ្យអនុវត្ត​ទៅលើ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ (អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋាន​ថវិកា, អគ្គនាយដ្ឋាន​សវនកម្មផ្ទៃក្នុង, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង​អគ្គនាយដ្ឋាន​​ហិរញ្ញវត្ថុរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ)។ សំរាប់​ដំណាក់​ទី ៣ និង​ចាប់ផ្តើម​នៅ​ថ្ងៃទី ០៤ មករា ២០១៦ ដោយ​នឹង​អនុវត្ត​គ្រប់​ម៉ូឌុល ដោយ​អនុវត្ត​បន្ត​ដល់​ថ្នាក់ក្រោម​ជាតិ (រតនាគារ​រាជធានី​-ខេត្ត)។ ជាចុងក្រោយ កិច្ចសន្យា​ប្រព័ន្ធ FMIS និង​បញ្ចប់​ជាស្ថាពរ​នៅ​ថ្ងៃទី ៣១ មិនា ២០១៦។

បន្ទាប់ពី​បាន​ស្តាប់ការ​ធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​គម្រោង​រួចមក ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​បានធ្វើការ​ពិភាក្សា​ទៅលើ​តួអង្គ​ពាក់ព័ន្ធ ដូចជា​កម្រិត និង​ផលប៉ះពាល់ នៃ​ការអនុវត្ត​ប្រព័ន្ធ FMIS ដែល​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដំណាក់កាល​ទី១ (1st Go-live) នាពេល​ដ៏​ខ្លី​ខាងមុខ។ ដោយ​ចំណុច​ទាំងនោះ​រួមមាន​ការផ្គត់ផ្គង់ និង​ដំឡើង​ឧបករណ៍​ឱ្យទាន់ពេល​វេលា​មុននឹង​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដំណាក់កាល​ទី១, តួនាទី​និង​ភារកិច្ច​ក្នុងការ​ធ្វើ​និយ័តកម្ម​ថវិកា​ឬ​កែតម្រូវ​ឥណទាន​ថវិកា, សមត្ថកិច្ច​​ពាក់ព័ន្ធ​បញ្ហា​រជ្ជទេយ្យ​បុរេប្រទាន, និង​កម្រិត​លម្អិត​ដែល​ត្រូវ​កត់ត្រា​តាមដាន​ការអនុវត្ត​ចំណាយ​ដល់​អង្គភាព​ថវិកា​ចំពោះ​ថវិកាកម្ម​វិធី។ ជា​លទ្ធផល ​អង្គប្រជុំ​បានសម្រេច​ឱ្យមាន​កិច្ចពិភាក្សា​បន្ត​ជាមួយ​អ្នកពាក់ព័ន្ធ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នានា​ដែល​បានលើកឡើង​ដោយសារ​បញ្ហា​ទាំងនោះ​ត្រូវ​ការពិភាក្សាគ្នា​ដើម្បីឱ្យ​យល់​ស៊ីជម្រៅ​បន្ថែម​ពី​ក្រុមការងារ​បច្ចេកទេស និង​ធ្វើការ​សម្រេចចិត្ត​ឱ្យបាន​មុនពេល​ដែល​ត្រូវដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​នៅ​ដំណាក់កាល​ទី១ នេះ។

ជា​កិច្ចបញ្ចប់​នៃ​អង្គប្រជុំ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប បានធ្វើការ​បូកសរុប​ជារួម​ថា ការដាក់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ដំណាក់កាល​ទី១ (Go-live 1) នៅ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥ ខាងមុខនេះ គឺ​ទាមទារ​ជាចាំបាច់​ឱ្យមាន​ការសហការ សម្របសម្រួល​ពីសំណាក់ថ្នាក់ដឹកនាំ និង​មន្រ្តី​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS ផ្ទាល់ និង បានស្នើ​សុំ​ថ្នាក់ដឹកនាំ និង​មន្រ្តី​ជា​អ្នកប្រើប្រាស់​ប្រព័ន្ធឱ្យ​ត្រៀមខ្លួន​សម្រាប់​ការប្រើប្រាស់​ប្រព័ន្ធ FMIS ជាពិសេស​ត្រូវមាន​ការចូលរួម​ក្នុងការ​បណ្តុះបណ្តាល និង ត្រូវ​ពង្រឹងសមត្ថភាព​ឱ្យបាន​ពេញលេញ។ ជាចុងក្រោយ ឯកឧត្តម​បណ្ឌិត បាន​ជំរុញលើកទឹកចិត្ត​ឱ្យក្រុមការងារ FMWG ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ការងារ​ឱ្យ​សម្រេច​តាម​ផែនការ​សម្រាប់​ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS នាពេលខាងមុខ​នេះ ឱ្យ​ប្រកបដោយ​ភាពរលូន។

កិច្ចប្រជុំ បានបញ្ចប់​នៅវេលា​ម៉ោង ១១:៣០នាទី​ព្រឹក ប្រកបដោយ​ភាព​ភាពស្និទ្ធស្នាល និង​​សាមគ្គីភាព​ជា​ធ្លុងមួយ ក្នុងការ​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​នៃ​ការអនុវត្ត​គម្រោង FMIS។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាញយក​ឯកសារ​បទ​បង្ហាញ