9
Feb, 2015
របាយការណ៍វឌ្ឍនភាពសម្រាប់ឆ្នាំ ២០១៤ និង ទិសដៅអនុវត្តឆ្នាំ ២០១៥ នៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ
ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គម្រោងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន-វិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (Financial Management Information System ហៅកាត់ថា FMIS)ត្រូវបានដើរតួនាទីយ៉ាងសំខាន់ជាយានចម្លងពីដំណាក់កាលទី២ ទៅដំណាក់កាលទី៣ គឺថវិកាផ្សារភ្ជាប់ នឹងគោលនយោបាយ និងជាឧបករណ៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុវត្តថវិកានៅកម្ពុជា។ ការអនុ-វត្តកិច្ចសន្យាផ្គត់ផ្គង់គម្រោងបានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ ជាមួយក្រុមហ៊ុន FIS-LG CNS Joint Venture (Contractor) ក្នុងទំហំទឹកប្រាក់ ៩.៣៨៨.៨៨៨,៨៨ ដុល្លារអាមេរិកសម្រាប់រយៈពេលនៃកិច្ចសន្យាចំនួន ២៦ ខែ ដែលត្រូវបញ្ចប់នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦។ ជាទូទៅបើពិនិត្យមើលទៅលើកាលវិភាគនៃផែនការគម្រោង FMIS ឃើញថាការអនុវត្តគម្រោងមានភាពយឺតយ៉ាវបណ្ដាលមកពីបញ្ហានៃការចុះហត្ថលេខាលើឯកសារ To Be Business Processes ប៉ុន្តែជាក់ស្ដែងបើពិនិត្យមើលលើវឌ្ឍនភាពរួម និង សកម្មភាពជាក់ស្ដែងឃើញថាពុំមានសញ្ញាជាហានិភ័យនៅឡើយ ហើយការដាក់ប្រព័ន្ធ FMIS ឱ្យអនុវត្តដំបូងនៅ ខែកក្កដា ឆ្នាំ ២០១៥ ក៏អាចសម្រេចទៅបានតាមការគ្រោងទុក។
សកម្មភាពជាគន្លឹះនៅតាមដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តស្របពេលជាមួយគ្នាដោយពុំបានរង់ចាំ រហូតដល់ដំណាក់ទី១ចប់ទើបបន្តទៅដំណាក់កាលបន្ទាប់ឡើយ។ បញ្ហាយឺតយ៉ាវនៃការកសាងនីតិវិធីអនុវត្តការងារ អនាគតពុំនាំឱ្យពន្យាពេលដល់ដំណាក់កាលបន្ទាប់ឡើយ ដោយមូលហេតុថា៖ ទី១-ឯកសារនេះត្រូវបានពិនិត្យ មើល និង កែសម្រួលដោយក្រុមការងារ FMWG, ទីប្រឹក្សា អគ្គនាយកដ្ឋានពាក់ព័ន្ធ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមបេសកកម្មរបស់ IMF និង WB ទី២-ឯកសារនេះត្រូវបានរៀបចំឡើងឱ្យត្រូវតាមឧត្ដមានុវត្តន៍ (International Good Practice) របស់ប្រព័ន្ធ និង មានតែពីរជំហាននៅក្នុងនីតិវិធីនីមួយៗ (Add និង Confirm) តាមអនុសាសន៍ និង ការសម្រេចរបស់ឯកឧត្ដមរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំថ្ងៃ ១២ ខែ មិថុនា ឆ្នាំ ២០១៤ និង លើកំណត់ហេតុកិច្ចប្រជុំក្រុមការងារដឹកនាំគម្រោង FMIS ប្រចាំ កសហវនៅពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៤ និង គោលនយោបាយគោលការណ៍ និង ស្ដង់ដារ នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង FMIS របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៤ ។
ចំណុចគួរឱ្យកត់ចំណាំនោះគឺ នៅក្នុងដំណាក់កាលទី១ នេះ ប្រព័ន្ធ FMIS គ្របដណ្ដប់តែនៅអគ្គនាយក- ដ្ឋានគន្លឹះចំនួន ៧ និង រតនាគាររាជធានី-ខេត្តទាំងអស់ ដោយពុំមានគ្របដណ្ដប់ដល់ក្រសួង-ស្ថាប័ន និង អង្គភាព ឬ រដ្ឋបាលថ្នាក់ក្រោមជាតិណាមួយឡើយ។ ដូច្នេះការអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្ដូរ គឺស្ថិតនៅក្នុងដែនគ្របដណ្ដប់នៃដំណាក់កាលទី១ ទោះជាយ៉ាងនេះក្ដីក្រុមការងារ FMWG ក៏បានធ្វើការទំនាក់ទំនងផ្សព្វផ្សាយជូនក្រសួងចំនួន ៩ ដែលនឹងអនុវត្តថវិកាកម្មវិធីនៅឆ្នាំ ២០១៥ ដើម្បីឱ្យក្រសួងទាំងនេះមានមូលដ្ឋានក្នុងការត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តប្រព័ន្ធ FMIS នៅដំណាក់កាលបន្ទាប់។
ដោយឡែកចំពោះការអនុវត្ដយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្ដូរ មុនខែធ្នូ ២០១៤ មិនទាន់បានគ្រប់ជ្រុង-ជ្រោយដោយហេតុថា Contractor ពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញនូវភារកិច្ចរបស់ខ្លួនក្នុងការចូលរួមក្នុងការងារនេះ រហូតដល់មានការទាមទារពីក្រុមការងារ FMWG ដកចេញនូវបុគ្គលិករបស់ Contractor ដែលគ្មានសមត្ថភាព។ រយៈពេលចុងក្រោយក្រុមការងារបានចាប់ផ្ដើមម្ចាស់ការធ្វើការនេះដោយខ្លួនឯងផ្ទាល់ នឹងបានចុះជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និង អ្នកពាក់ព័ន្ធសំខាន់ៗ ដែលនាំឱ្យការយល់ដឹងអំពីប្រព័ន្ធ FMIS និង ការងារពាក់ព័ន្ធត្រូវបានជ្រួតជ្រាបកាន់តែច្បាស់ ហើយបានទទួលការសហការគាំទ្រ និង ការចូលរួមពីថ្នាក់-ដឹកនាំនៃអគ្គនាយកដ្ឋានទាំងនោះ។
Contractor ចង់ពន្យាពេល Go-live ទៅខែតុលា ឆ្នាំ ២០១៥ ដោយយោងលើមូលហេតុនៃភាពយឺតយ៉ាវនៃការចុះហត្ថលេខាទទួលស្គាល់ (Sign-off) To Be Business Processes និង Budget Classification និង ការប្រមូលយកទិន្នន័យគោល (Master Data) ដែលជាហេតុផលពុំអាចទទួលយកបាន ព្រោះការចុះហត្ថលេខាគ្រាន់តែជាការងាររដ្ឋបាលចុងក្រោយប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺ Contractor ខ្លួនឯងកំពុងនិងបានធ្វើការរៀបចំកសាងប្រព័ន្ធដោយផ្អែកលើខ្លឹមសារនៃឯកសារទាំងនេះហើយ។ ក្រុមការងារបានធ្វើការងារជាមួយ Contractor ដើម្បីធានារក្សានូវការបរិច្ឆេទ Go-live នៅខែ កក្កដា ២០១៥ ដដែល ដោយមានផែនការច្បាស់លាស់ ដែលជាទិសដៅក្នុងការអនុវត្តឆ្នាំ ២០១៥-២០១៦។
សម្រាប់របាយការណ៍លម្អិត លោកអ្នកអាចចុចលើ Link នេះ៖ របាយការណ៍លម្អិត
ឬចូលទៅកាន់គេហទំព័រខាងក្រោម៖
https://fmis.mef.gov.kh/documents-and-publications/other-documents/