
23
Aug, 2022
កម្មវិធី បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥ រដ្ឋបាលក្រុងចំនួន ២៨ រដ្ឋបាលស្រុកចំនួន ២ និង រដ្ឋបាលខណ្ឌចំនួន ១៤
នាព្រឹកថ្ងៃអង្គារ ១១ រោច ខែ ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS” ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥, រដ្ឋបាលក្រុងចំនួន ២៨, រដ្ឋបាលស្រុកចំនួន ២ និង រដ្ឋបាលខណ្ឌចំនួន ១៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី មកពីគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥ (រាជបណ្ឌិត្យសភាកម្ពុជា, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”, មន្ទីរពេទ្យព្រះអង្គឌួង, វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា និង គ្រឹះស្ថានអង្គរ), រដ្ឋបាលក្រុងចំនួន ២៨ នៅទូទាំងប្រទេស, រដ្ឋបាលស្រុកចំនួន ២ នៃខេត្តកណ្តាល (ស្រុកខ្សាច់កណ្តាល និង ស្រុកមុខកំពូល) និង រដ្ឋបាលខណ្ឌចំនួន ១៤ នៅក្នុងរាជធានីភ្នំពេញ ដែលគ្រោងនឹងប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការចាប់ពីឆ្នាំ ២០២៤ ។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសរំលេចអំពីផលប្រយោជន៍ឥតគណនារបស់ប្រព័ន្ធ FMIS សម្រាប់ប្រទេសកម្ពុជា ជារួម និង ផ្តល់ផលប្រយោជន៍ជាច្រើនដោយឡែកសម្រាប់អ្នកប្រើប្រាស់ផ្ទាល់ ។ អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
១.ផ្ដល់នូវព័ត៌មានហិរញ្ញវត្ថុ និង ព័ត៌មាននៃការអនុវត្តថវិកាបានរហ័ស និង ច្រើនទម្រង់ ទាំងសង្ខេបនិងលម្អិត ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងកម្រិតក្រសួង-ស្ថាប័ននិងកម្រិតអង្គភាពថវិកា ទាំងតាមវិស័យនិងតាមមាតិកាថវិកា ដែលផ្ដល់នូវមូលដ្ឋានយ៉ាងច្បាស់លាស់សម្រាប់ថ្នាក់ដឹកនាំធ្វើការវិភាគ ឈានដល់ការធ្វើសេចក្តីសម្រេចចិត្តបានទាន់ពេលវេលាប្រកបដោយទំនុកចិត្ត ។
២.ពង្រឹងបាននូវគណនេយ្យភាព តម្លាភាព និង ភាពជាម្ចាស់នៃការអនុវត្តថវិកា តាមរយៈប្រតិបត្តិការ និង រំហូរការងារនៅក្នុងប្រព័ន្ធ ចាប់ពីការបង្កើតរហូតដល់បញ្ចប់ប្រតិបត្តិការនីមួយៗ ដែលមានការកត់ត្រា និង តាមដានច្បាស់លាស់ផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវតាមគន្លងសវនកម្ម និង កាត់បន្ថយបាននូវវប្បធម៌នៃការចោទប្រកាន់គ្នា ឬ ចង្អុលដាក់គ្នា ។
៣.ផ្តល់ជាថ្នាលឌីជីថលមួយក្នុងការតម្រង់ទិសការងារតាមបែបឌីជីថល ដែលនឹងកាត់បន្ថយការប្រើប្រាស់ឯកសារជាក្រដាស និង កាត់បន្ថយជំហាននិងភាពរវល់នៅក្នុងការងារស្ទួនគ្នា ដែលនឹងបង្កើនបាននូវផលិតភាពការងារបន្ថែមមួយចំនួនទៀតដល់ស្ថាប័ន ព្រមទាំងបានចូលរួមក្នុងការផ្លាស់ប្តូរមួយដែលមានឧត្តមប្រយោជន៍សម្រាប់ប្រទេស ។
៤.ផ្ដល់ការត្រួតពិនិត្យឥណទានថវិកាដោយស្វ័យប្រវត្តិ ទៅតាមចំណាត់់ថ្នាក់ថវិកា និង បានកាត់បន្ថយនូវកម្រិតស្មុគស្មាញនៃការគណនាឬកត់ត្រាផ្សេងៗ ដូចជា ការអនុវត្តថវិកាដែលមានច្រើនចំណាត់ថ្នាក់ ការអនុវត្តថវិកាកម្មវិធី និង ការពង្រីកអង្គភាពថវិកា ជាដើម និង ផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យ និង ប្រតិបត្តិការមកវិញ ។
៥.ផ្ដល់នូវឱកាសសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីពីព្រោះការចូលរួមអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺតម្រូវឱ្យមានការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធជានិច្ច ក្នុងនោះក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងមានរៀបចំជាវគ្គបណ្តុះបណ្តាលសម្រាប់ការដាក់ឱ្យប្រើប្រាស់នាដំណាក់កាលដំបូង ព្រមទាំងមានជាវគ្គបំប៉ន ជាបន្តបន្ទាប់ ដោយមិនទុកចោលអ្នកប្រើប្រាស់នោះឡើយ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធ FMIS នឹងនាំយកនូវរបៀបរបបការងារថ្មី ហើយការផ្លាស់ប្តូររបៀបរបបធ្វើការតាមប្រព័ន្ធស្តង់ដារការងារថ្មីនេះ តម្រូវឱ្យថ្នាក់ដឹកនាំ និង មន្ត្រី អនុត្តប្រព័ន្ធ FMIS ត្រៀមខ្លួនទទួលយកនិងសម្របតាមការផ្លាស់ប្តូរ ក្នុងន័យលំបាកមុន ស្រណុកក្រោយ ដោយហេតុថា ប្រព័ន្ធគឺជាឧបករណ៍ស្វ័យប្រវត្តិកម្មដែលនឹងជួយផ្ដល់នូវមូលដ្ឋាន និង ថាមពលសម្រាប់ការកែសម្រួលនីតិវិធីអនុវត្តការងារ សំដៅការធ្វើស្វ័យប្រវត្តិកម្មការងារ កាន់តែប្រសើរ ជាងមុន ដូចជាការរៀបចំរបាយការណ៍ ការវិភាគព័ត៌មានផ្សេងៗ និង ការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធទាំងស្រុង ដោយមិនមានចរាចរឯកសារជាក្រដាស នៅខាងក្រៅប្រព័ន្ធ ដែលកន្លងមកបង្កឱ្យមានភាពយឺតយ៉ាវ និង មានការជួបមុខគ្នាដែលបង្ករឱ្យមាននូវអំពើពុករលួយ ជាដើម ។
គួរបញ្ជាក់ជូនថា បន្ទាប់ពីគម្រោង FMIS បានឆ្លងកាត់ដោយជោគជ័យ ២ ជំហានរួចមក រហូតមកដល់ពេលនេះ គម្រោង FMIS បាននិងកំពុងអនុវត្តជំហានទី ៣ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ។ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី៣ នេះ ប្រព័ន្ធ FMIS បានដាក់ឱ្យប្រើប្រាស់នៅការដ្ឋានសរុបចំនួន ១៥៨ ការដ្ឋាន និងមានអ្នកប្រើប្រាស់ប្រព័ន្ធចំនួន ២១៨៩ នាក់, ក្នុងនោះមាន អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័នចំនួន ៣៧, អគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន៨, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញថ្នាក់កណ្តាលចំនួន ២៤, រតនាគាររាជធានី-ខេត្ត ទាំង ២៥, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥, ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥ ។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS គ្រោងនឹងបន្តពង្រីកការដ្ឋានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែមទៀតទៅដល់រដ្ឋបាលក្រុង/ស្រុក/ខណ្ឌចំនួន ៤៤ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៣០ សម្រាប់ថ្នាក់ជាតិ ៕











