+855 23 43 00 63

14

Sep, 2022

កិច្ចប្រជុំស្តីពីការកែសម្រួលនីតិវិធីអនុវត្តថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជាមួយអាជ្ញាធរសវនកម្មជាតិ

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលនីតិវិធីអនុវត្តថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជាមួយអាជ្ញាធរសវនកម្មជាតិ ដែលមានការចូលរួមដឹកនាំដោយ ឯកឧត្តម សំរិត សាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសវនកម្មជាតិ និង មន្ត្រីបច្ចេកទេសដែលជាសវនករ និង អ្នកប្រើប្រាស់ប្រព័ន្ធ FMIS និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បើកកិច្ចប្រជុំថា កិច្ចប្រជុំនេះគឺបន្តការពិភាក្សាទាក់ទងនឹងការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS លើការរៀបចំប្រព័ន្ធ FMIS ដើម្បីឱ្យសមស្របក្នុងការអនុវត្តនៅអាជ្ញាធរសវនកម្មជាតិដែលដើរតួជាអ្នកអនុវត្តប្រព័ន្ធ FMIS ផង និង ជាសវនករផងក្នុងការធ្វើសវនកម្មនៅតាមក្រសួង-ស្ថាប័នដែលបានប្រើប្រាស់ប្រព័ន្ធ FMIS ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS នេះ យើងនឹងឃើញនូវចំណុចល្អដែលជាអត្ថប្រយោជន៍ និង ចំណុចមួយចំនួនដែលត្រូវកែសម្រួល ដើម្បីធ្វើឱ្យការអនុវត្តនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS នេះ កាន់តែមានប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថាការកែសម្រួលនីតិវិធីអនុវត្តការងារ គឺជួយសម្រួលដល់សវនករឱ្យមានភាពងាយស្រួលក្នុងការធ្វើសវនកម្មនៅតាមក្រសួង-ស្ថាប័ន និង មានប្រយោជន៍ច្រើនដែលនឹងធ្វើឱ្យការធ្វើសវនកម្មមានភាពរហ័ស ភាពជឿទុកចិត្តបាន មានប្រសិទ្ធភាព ដោយសារប្រព័ន្ធនឹងមានការកត់ត្រាច្បាស់លាស់ និង ត្រឹមត្រូវ ។
ឆ្លើយតបក្នុងកិច្ចប្រជុំ ឯកឧត្តម សំរិត សាត អគ្គលេខាធិការរង តំណាងអាជ្ញាធរសវនកម្មជាតិ បានបង្ហាញការគាំទ្រ និង ត្រៀមលក្ខណៈជាស្រេចក្នុងការចូលរួមអនុវត្តគម្រោង FMIS ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ដោយសារឯកឧត្តមជឿជាក់ថាប្រព័ន្ធ FMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយនឹងរួមចំណែកជួយសម្រួលដល់ការងារធ្វើសវនកម្មឱ្យកាន់តែមានភាពរលូន និង ងាយស្រួលក្នុងការទទួលបានព័ត៌មានច្បាស់លាស់ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានធ្វើបទបង្ហាញពីការអនុវត្តនីតិវិធីក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដែលធ្វើឱ្យក្រុមការងារអាជ្ញាធរសវនកម្មបានយល់ច្រើនពីការងារថ្មីនេះ ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរសនវកម្មជាតិ និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសហការរួមគ្នាបញ្ជ្រាបការយល់ដឹងដល់ក្រសួង-ស្ថាប័នឱ្យយល់ពីការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS និង ការធ្វើសវនកម្មតាមប្រព័ន្ធ FMIS ។