
19
Apr, 2022
គម្រោង FMIS ចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយឆន្ទៈមោះមុត និង ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និង កំណត់ទុកការងារកែទម្រង់ គឺជាឧបករណ៍គោលនយោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាប្រឈមនានា និង បង្កើនកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកការអភិវឌ្ឍ និង វិបុលភាព។ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីកែទម្រង់ចំនួន៣ គឺការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, ការកែទម្រង់រដ្ឋបាលសាធារណៈ, និង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការអនុវត្តកម្មវិធីកែទម្រង់ទាំងបីនេះ គឺមានលក្ខណៈជាប្រព័ន្ធ ដែលស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥” ដែលគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។ ដើម្បីបំពេញភាពគ្រប់ជ្រុងជ្រោយ នៃការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ និង បណ្តាគោលនយោបាយពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានរៀបចំនូវផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ៣, ២០២១-២០២៥ ដោយបានគិតគូរនូវការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង FMIS ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ផ្អែកតាមផែនការនេះ ប្រព័ន្ធ FMIS នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នៅក្នុងឆ្នាំ ២០២២ និង នៅរដ្ឋបាលក្រុង/ស្រុក/ខណ្ឌចំនួន ៤៣ នៅក្នុងឆ្នាំ ២០២៤ ដើម្បីជួយឱ្យការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ដោយសារប្រព័ន្ធ FMIS ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការកត់ត្រា និង តាមដានស្ថានភាពប្រតិបត្តិការហិរញ្ញវត្ថុនៅគ្រប់ដំណាក់កាលដោយខ្លួនឯង, អាចត្រួតពិនិត្យស្ថានភាពឥណទានថវិកាដោយស្វ័យប្រវត្តិ និង រហ័សជាងមុន, កាត់បន្ថយនូវកម្រិតស្មុគស្មាញនៃការគណនា, ផ្តល់នូវស្វ័យប្រវត្តិកម្មនៃកិច្ចបញ្ជិកាគណនេយ្យ, អ្នកប្រើប្រាស់អាចទាញយករបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍តាមដានស្ថានភាពថវិកាចេញពីប្រព័ន្ធ FMIS បានភ្លាមៗ។ ការគ្រប់គ្រង ការត្រួតពិនិត្យ និង ការតាមដានប្រតិបត្តិការហិរញ្ញវត្ថុដោយខ្លួនឯងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តគម្រោង FMIS ត្រូវបានចាត់ទុកថាជាការចូលរួមលើការងារកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ផងដែរ។
ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ គឺជាការចូលរួមគាំទ្រយ៉ាងសកម្មនូវការអនុវត្ត “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥” ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ផ្លាស់ប្តូរប្រព័ន្ធថវិការបស់កម្ពុជាទាំងនៅរដ្ឋបាលថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅដើម្បីធ្វើឱ្យការគ្រប់គ្រងធនធានហិរញ្ញវត្ថុសាធារណៈកាន់តែប្រសើរឡើង និង ស្របតាមគោលដៅជាសារវន្ត ដើម្បីឈានឆ្ពោះទៅអនុវត្ត “ថវិកាព័ត៌មានសមិទ្ធកម្ម” ស្របតាមទិសដៅជាយុទ្ធសាស្ត្រនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យភាពសមិទ្ធកម្មឆ្នាំ ២០២៥។ ជាក់ស្តែង ប្រព័ន្ធ FMIS ធ្វើស្វ័យប្រវត្តិកម្មលើការគ្រប់គ្រង និង ត្រួតពិនិត្យថវិការហូតដល់កម្រិតចង្កោមសកម្មភាព ដែលមានលក្ខណៈស្មុគស្មាញ និង សាំញ៉ាំ ប្រសិនបើការគ្រប់គ្រងត្រូវធ្វើឡើងដោយដៃ។ លើសពីនេះ ប្រព័ន្ធ FMIS អាចផលិតរបាយការណ៍តាមដានថវិកាដល់កម្រិតចង្កោមសកម្មភាព សម្រាប់ថ្នាក់ដឹកនាំធ្វើការវិភាគដើម្បីធ្វើការសម្រេចចិត្តផ្សេងៗ ជាពិសេសជួយឱ្យការអនុវត្តថវិកាទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានក្រឹត្យក្រម វិន័យថវិកា និង ចាយចំគោលដៅ។
តាមរយៈការដកបទពិសោធន៍ នៃការដាក់ឱ្យអនុវត្តនូវនីតិវិធីអនុវត្តការងារថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប នៅរដ្ឋបាលថ្នាក់ជាតិ បានបង្ហាញអំពីប្រសិទ្ធភាព នៃប្រព័ន្ធ FMIS សម្រាប់ការពង្រឹងគណនេយ្យភាព តម្លាភាព និង ភាពស័ក្តិសិទ្ធិ។ នីតិវិធីអនុវត្តការងារថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង គឺមិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារអាណត្តិបើកប្រាក់ជាក្រដាសពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតនោះទេ។ លិខិតយុត្តិការចំណាយមួយចំនួនត្រូវបានស្កេនបញ្ចូលប្រព័ន្ធ FMIS និង រក្សាទុកច្បាប់ដើមនៅសាមីអង្គភាព ដើម្បីជាកម្មវត្ថុនៃការធ្វើអធិការកិច្ច ឬ សវនកម្ម។ ជំហាននៃការអនុវត្តនីតិវិធីថ្មីមានលក្ខណៈសាមញ្ញ, ខ្លី, លឿន និង មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការចំណាយថវិកា។
គោលដៅចុងក្រោយ នៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS គឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង អភិវឌ្ឍមូលដ្ឋាន ដែលស្របទៅនឹងគោលបំណងនៃអភិបាលកិច្ចល្អ ៕