+855 23 43 00 63

24

Jul, 2019

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកម្មវិធីបង្កើនការយល់ដឹងស្តីពី ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះបានរៀបចំបើកកម្មវិធីបង្កើនការយល់ដឹងពីការប្រើប្រាស់និងការអនុវត្តប្រព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានដឹកនាំបើកកម្មវិធីបង្កើនការយល់ដឹង ស្ដីពីការអនុវត្តប្រព័ន្ធ FMIS នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានរំលេចពីសកម្មភាពការងារ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានអនុវត្តតាមផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ជំហានទី២ ឆ្នាំ២១៧-២០២២ ដោយបានបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនលើការអនុវត្តផែនការសកម្មភាពគាំទ្រ ដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រេចបាននូវការងារសំខាន់ៗជាច្រើនរួមមាន៖ ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ, ផ្នែកនីតិវិធីអនុវត្តការងារនិងផ្នែករៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS ជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប លើកឡើងថាការបង្កើនការយល់ដឹងស្ដីពីការអនុវត្តប្រព័ន្ធ FMIS ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានេះមានគោលបំណងសំខាន់២៖

១៖ ដើម្បីឱ្យក្រសួង-ស្ថាប័នចំនួន១៧និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រព័ន្ធ FMISតាមរយៈការបង្ហាញផ្ទាល់របស់មន្ត្រីដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួងសាមីនិងអគ្គនាយកដ្ឋានពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

២៖ ដើម្បីបំផុសឱ្យក្រសួង-ស្ថាប័នត្រៀមខ្លួនគិតគូរអំពីការផ្លាស់ប្តូរដែលនឹងកើតមានឡើងនៅឆ្នាំ២០២០និងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះជាក់លាក់ និងឈានដល់ការកាត់បន្ថយនីតិវិធីអនុវត្តការងារមួយចំនួន និងដើម្បីត្រៀមលក្ខណៈធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS, បន្តឈានទៅលុបបំបាត់ចោលនីតិវិធីអនុវត្តការងារនិងឯកសារក្រដាសស្នាមនៅក្រៅប្រព័ន្ធ FMIS ទាំងស្រុងនាពេលអនាគត។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ដថា នេះជាកិច្ចការដ៏សំខាន់មួយក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ការគ្រប់គ្រងការផ្លាស់ប្តូរដែលនឹងជំរុញឱ្យក្រសួងស្ថាប័នចំនួន១៧ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញស្វែងយល់ឱ្យកាន់តែច្បាស់អំពីដំណើរចុះប្រតិបត្តិការនៅក្នុងប្រព័ន្ធ FMIS ដោយផ្តើមចេញពីការធ្វើនិយ័តថវិកាផ្ទៃក្នុង ការចុះប្រតិបត្តិការស្នើសុំធានាចំណាយសម្រាប់កិច្ចលទ្ធកម្ម, ការកត់ត្រាកិច្ចលទ្ធកម្មលើសិទ្ធិ,ការទូទាត់ចំណាយកិច្ចលទ្ធកម្មនិងការទាញយករបាយការណ៍ចំណូល-ចំណាយថវិកាជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ម្យ៉ាងវិញទៀតកម្មវិធីនេះនឹងអាចចូលរួមបំផុសឱ្យក្រសួង-ស្ថាប័នត្រៀមខ្លួន គិតគូរអំពីការផ្លាស់ប្តូរនៅឆ្នាំ២០២០ខាងមុខតាមរយៈការស្វែងយល់អំពីលទ្ធភាព កែលម្អនីតិវិធីអនុវត្តការងារ របស់ខ្លួនជាបណ្តើរៗដើម្បីឈានទៅដល់ការកាត់បន្ថយនីតិវិធី និងភាពស្មុគស្មាញក្នុងការអនុវត្តការងារមួយចំនួន និងការត្រៀមលក្ខណៈ ធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS និងអាចបន្តឈានទៅលុបបំបាត់ចោល នូវនីតិវិធីការងារ ដែលប្រើឯកសារក្រដាសស្នាមនៅក្រៅប្រព័ន្ធ FMIS ទាំងស្រុងនាពេលអនាគត។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលឹកជាថ្មីម្តងទៀតអំពីការដាក់ចេញនូវផែនការសកម្មភាព សម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការសិក្សាកាត់បន្ថយ ជាអតិបរមានូវនីតិវិធីអនុវត្តការងារដោយដៃ មកធ្វើតាមប្រព័ន្ធដោយចាប់ផ្តើមសាកល្បងចេញពី មុខចំណាយពាក់ព័ន្ធនឹងការបើកផ្តល់បៀវត្សតាមរយៈការកាត់សម្រួលនីតិវិធីមួយចំនួនដោយឈរលើមូលដ្ឋាន កែសម្រួលមុខងារ តួនាទី និងភារកិច្ចរបស់មន្ត្រីពីការធ្វើការងារដដែលៗជាន់គ្នា ទៅជាការងារវិភាគនានា និងការរៀបចំជាយន្តការ, យុទ្ធសាស្ត្រ និង គោលនយោបាយ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានវាយតម្លៃខ្ពស់អំពីការចាប់ផ្តើមអនុវត្តដំណើរការនេះ ថាជានិមិត្តរូបនៃវឌ្ឍនភាពដ៏ធំឆ្ពោះទៅកាន់ការប្រើប្រាស់ប្រព័ន្ធ FMIS ជាប្រព័ន្ធតែមួយគត់និងជាឧបករណ៍ដ៏សំខាន់ក្នុងការគាំទ្រ ដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហើយនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ ស្របតាមបរិការណ៍ បដិវត្តឧស្សាហកម្មទី៤ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថា ជាក់ស្តែងការប្រើប្រាស់ប្រព័ន្ធ FMIS អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសការលើកកម្ពស់គុណភាពនៃការផលិតរបាយការណ៍ និងការទាញយករបាយការណ៍តាមតម្រូវការចាំបាចផ្ទាល់របស់ក្រសួងសាមីនីមួយៗ ក្រៅពីរបាយការណ៍ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវការ។ ទន្ទឹមនេះក្រសួងក៏អាចតាមដានឥណទានថវិកាដោយផ្ទាល់ក្នុងប្រព័ន្ធព្រមទាំងអាចតាមដានដំណើរការ អនុវត្តថវិកាតាមរយៈលំហូរការងារក្នុងប្រព័ន្ធ FMIS ចាប់តាំងពីពេលបញ្ជូនសំណើ, ពេលត្រួតពិនិត្យ និងពេលអនុម័តរួចជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើដល់តំណាងមកពីគ្រប់ក្រសួងស្ថាប័នចូលរួមផ្តល់យោបល់ពាក់ព័ន្ធ នឹងការកាត់បន្ថយនីតិវិធីអនុវត្តការងារក្រៅប្រព័ន្ធដើម្បីកែលម្អឱ្យការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) កាន់តែមានភាពល្អប្រសើរ,មានផលិតភាពខ្ពស់ និងទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមាព្រមទាំងលើកទឹកចិត្ត ដល់អ្នកចូលរួមទាំងអស់ផ្តោតការយកចិត្តទុកដាក់ ប្រមូលនូវទុនចំណេះដឹងបន្ថែមនិងកាន់តែស៊ីជម្រៅអំពីការប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)៕